ប្រធានាធិបតីហ្ស៊ីមបាវ៉េលោក Emmerson Mnangagwa កាលពីថ្ងៃសុក្រ បានច្រានចោលការចោទប្រកាន់ ដែលថា ជ័យជំនះនៃការបោះឆ្នោតរបស់គាត់ត្រូវបានគ្របដណ្ដប់ដោយការក្លែងបន្លំ ហើយលោកបានសរសើរការបោះឆ្នោតនេះថា ជាការចាប់ផ្តើមថ្មីមួយសម្រាប់ប្រទេសបន្ទាប់ពីការគ្រប់គ្រងរបស់លោក Robert Mugabe។
ខណៈដែលមេដឹកនាំគណបក្សប្រឆាំងលោក Nelson Chamisa បានរិះគន់លទ្ធផលជាផ្លូវការថាជាការអាម៉ាស់មួយនោះ, លោក Mnangagwa ដែលជាអតីតសម្ព័ន្ធមិត្តរបស់លោក Mugabe បាននិយាយការពារការបោះឆ្នោតនេះហើយបានអំពាវនាវឲ្យមានសាមគ្គីភាព។
លោក Mnangagwa បានប្រាប់អ្នកកាសែតថា “ស្របពេលដែលពិភពលោកទាំងមូលកំពុងសម្លឹងមើលលើយើងនោះ យើងបានផ្តល់ការបោះឆ្នោតដោយសេរី យុត្តិធម៌និងគួរឲ្យទុកចិត្ត”។
លោកបានបន្ថែមថា “បើទោះបីជាគ្មានដំណើរការតាមបែបប្រជាធិបតេយ្យណាមួយល្អឥតខ្ចោះក៏ដោយ ការបោះឆ្នោតក្រោយការកាន់តំណែងរបស់លោក Mugabe ជាលើកដំបូងរបស់ប្រទេសហ្ស៊ីមបាវ៉េនេះគឺខុសគ្នាដាច់ពីការបោះឆ្នោតពោរពេញដោយការក្លែងបន្លំដែលត្រូវបានគេមើលឃើញក្នុងអំឡុងពេល៣៧ឆ្នាំនៃការកាន់អំណាចរបស់លោក Mugabe”។
លទ្ធផលចុងក្រោយបានបង្ហាញថា លោក Mnangagwa ទទួលបាន៥០,៨ភាគរយនៃការបោះឆ្នោតកាលពីថ្ងៃចន្ទទល់នឹង៤៤,៩ភាគរយរបស់លោក Chamisa ដែលចំនួននេះមាន០,៨ភាគរយលើកម្រិតដែលចាំបាច់ដើម្បីចៀសវាងការបោះឆ្នោតជុំទីពីរ។
ប៉ុន្តែលោក Chamisa នៅតែទទូចថា លោកគឺជាអ្នកឈ្នះការបោះឆ្នោតដែលលោកបានថ្កោលទោសថាជា “ការក្លែងបន្លំ ខុសច្បាប់និងមិនស្របច្បាប់”។ លោកបាននិយាយថា “យើងមិនទទួលយកលទ្ធផលក្លែងក្លាយទេ”។ លោកបានប្តេជ្ញាជំទាស់លទ្ធផលនេះតាមរយៈតុលាការ។
ការចោទប្រកាន់របស់គណបក្សប្រឆាំងអំពីការប្រព្រឹត្តអំពើពុករលួយនេះបានបណ្តាលឲ្យមានការបង្ក្រាបយ៉ាងសាហាវទៅលើបាតុករនៅក្នុងទីក្រុង Harare កាលពីថ្ងៃពុធនៅពេលដែលកងទ័ពបានបើកការបាញ់ប្រហារដោយបានសម្លាប់មនុស្សចំនួន៦នាក់។
លោក Mnangagwa ដែលកំពុងស្វែងរកការបញ្ចប់ភាពឯកកោជាអន្តរជាតិរបស់ហ្ស៊ីមបាវ៉េនិងទាក់ទាញការវិនិយោគបរទេសដែលត្រូវការជាចាំបាច់បាននិយាយថា គាត់នឹងបង្កើតគណៈកម្មការឯករាជ្យមួយដើម្បីស៊ើបអង្កេតលើការបង្ហូរឈាមនេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments