មេធាវីនិងអ្នកពិគ្រោះយោបល់បាននិយាយថា ក្រុមហ៊ុនអាមេរិកមួយចំនួនដែលបានផ្លាស់ទៅតំបន់សមុទ្រនៅក្នុងរលកនៃកិច្ចព្រមព្រៀងផ្លាស់ប្តូរមួយគឺកំពុងតែពិចារណាវិលត្រឡប់មកសហរដ្ឋអាមេរិកវិញនៅពេលនេះខណៈអត្រាពន្ធក្នុងស្រុកមានកម្រិតទាបហើយការយកពន្ធកាន់តែតានតឹងឡើងនៅក្រៅប្រទេស។
ទីប្រឹក្សាពន្ធដារបាននិយាយថា អតិថិជនមួយក្រុមបានសាកសួរអំពីការផ្លាស់ប្តូរទីតាំងក្រុមហ៊ុនមកក្នុងប្រទេសវិញដែលវាអាចពាក់ព័ន្ធនឹងការទិញក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ យ៉ាងណាក្តី គ្មានក្រុមហ៊ុនជាក់លាក់ណាមួយត្រូវបានកំណត់អត្តសញ្ញាណទេ។
ទីប្រឹក្សាបាននិយាយថា ភាពមិនប្រាកដប្រជាអំពីគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក៏បានជំរុញឲ្យមានការសន្ទនាផងដែរ។
លោក Pam Olson អ្នកជំនាញខាងពន្ធដារដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនរបស់ក្រុមហ៊ុន PwC បានថ្លែងថា “ក្រុមហ៊ុនដែលរត់ទៅក្រៅប្រទេសមានហេតុផលដើម្បីពិនិត្យមើលថាតើវានៅតែសមហេតុផលសម្រាប់ពួកគេដែរឬអត់ក្នុងការធ្វើជាជនបរទេសជាពិសេសអ្នកផលិតផលិតផលនៅក្រៅសហរដ្ឋអាមេរិកនិងលក់វាទៅឲ្យអាមេរិកវិញ”។
ការកើនឡើងនៃលំហូរមកប្រទេសវិញនេះនឹងផ្លាស់ប្តូរទិសដៅជាថ្មីម្តងទៀតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មកដែលពេលនោះ ក្រុមហ៊ុនអាមេរិកបានធ្វើសមាហរណកម្មនៅក្រៅប្រទេសដើម្បីកាត់បន្ថយការចំណាយលើពន្ធ។
នៅក្នុងការផ្លាស់ប្តូរនោះ ក្រុមហ៊ុនអាមេរិកតែងតែទិញក្រុមហ៊ុនបរទេសតូចមួយនៅក្នុងប្រទេសដែលយកពន្ធទាបនិងបង្កើតទីស្នាក់ការរបស់ក្រុមហ៊ុននៅទីនោះ។
វាមានន័យថា ក្រុមហ៊ុនមិនចាំបាច់បង់ពន្ធអាមេរិកទៅលើចំណូលក្រៅប្រទេសទេបើទោះបីជាការគ្រប់គ្រងនិងប្រតិបត្តិការរបស់ខ្លួននៅតែមាននៅក្នុងសហរដ្ឋអាមេរិកក៏ដោយ។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាមេរិកជាង៦០បានគេចទៅរកកន្លែងមានពន្ធទាបរួមទាំងក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្ត្រ Medtronic Plc (MDT.N) ផងដែរ។ មានរលកនៃកិច្ចព្រមព្រៀងក្នុងឆ្នាំ ២០១១-២០១៤ប៉ុន្តែវាបានបញ្ចប់នៅឆ្នាំ២០១៥បន្ទាប់ពីការបង្ក្រាបដោយបទបញ្ជាពីសំណាក់លោកប្រធានាធិបតី Barack Obama៕ REUTERS
Source: Kampuchea Thmey Daily
0 Comments