ស្ទឹងត្រែង ៖ កសិករខេត្តស្ទឹងត្រែងស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ រួមទាំងមន្ត្រីជំនាញជួយអន្តរាគមន៍ជាបន្ទាន់ចំពោះសត្វខ្យងកាត់បំផ្លាញស្រូវនៅតាមឃុំសង្កាត់មួយចំនួន បន្ទាប់ពីជួបនូវបញ្ហាកង្វល់ទៅលើទឹកជំនន់រលួយខូចដំណាំស្រូវ ឥឡូវមានខ្យងមកស៊ីបំផ្លាញថែមទៀតនោះ។
លោកផាន់ អ៊ីន កសិករនៅភូមិស្រែពោធិ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែងបានបញ្ជាក់ប្រាប់នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះថា ៖ កសិករ បានសំដែងការព្រួយបារម្ភទៅលើដំណាំស្រូវ ដែលសល់ពីទឹកលិចរលួយ បែរជាមានសត្វខ្យងកើតឡើង មកខាំបំបាក់ស្រូវនៅពេលយប់។
លោកស្រីម៉េចលួន កសិករនៅភូមិស្មាកោះ ឃុំកោះស្រឡាយ ស្រុកសៀមបូកបានអះអាងដែរថា ៖ បញ្ហានេះ ជាកង្វល់របស់កសិករព្រោះម្នាក់ៗតែងតែពឹងផ្អែកទៅលើដំណាំស្រូវ ដើម្បីធានានូវសន្តិសុខស្បៀងសម្រាប់ការរស់នៅប្រចាំគ្រួសារ។
លោកស្រីបន្តថា ៖ សត្វខ្យងពួកគាត់ចេះតែដើរចាប់ជាប្រចាំយកមកកម្ទេចចោល ហើយខ្លះទៀតក៏យកមកលក់នៅផ្សារ តែការធ្វើបែបនេះ វាគ្មានប្រសិទ្ធភាព ចាប់បានប៉ុណ្ណា វាកើតមកវិញស៊ីកាន់តែច្រើន។
លោក ស្រីជាណម មេឃុំកោះស្រឡាយ ទទួលស្គាល់ថា ៖ កាលពីឆ្នាំ ២០១៥មានកើតខ្យងនេះច្រើន ស៊ីម្តងរួចមកហើយ ឆ្នាំ២០១៦-១៧មានតិចតួច ទើបមកដល់នៅឆ្នាំ២០១៨មានកើតឡើងច្រើនទៀត។
លោកស្រីថា ៖ រឿងខ្យងមកបំផ្លាញស្រូវកសិករនេះ អាជ្ញាធរឃុំបានរាយការណ៍ទៅខាងកសិកម្មរួចហើយ។
លោកស្រីថា ៖ ករណីនេះមន្ត្រីជំនាញណែនាំឱ្យចាប់យកមកកម្ទេចចោល និងដាក់ហាលថ្ងៃ មិនឱ្យប្រើប្រាស់ថ្នាំពុលសម្លាប់វាទេ ព្រោះប៉ះពាល់សុខភាពសត្វគោក្របី ខណៈចុះទៅផឹកទឹកក្នុងស្រែហើយអាចស្លាប់ដល់សត្វដែលមានប្រយោជន៍ថែមទៀតដូចជាត្រី កង្កែបជាដើម។
សូមបញ្ជាក់ថា ជាមួយនឹងយន្តការនេះ មន្ទីរកសិកម្មបាន ប្រកាសជូនដំណឹង ដល់កសិករគ្រប់មូលដ្ឋាន បើកើតមានសត្វល្អិតបំផ្លាញដំណាំអ្វីក៏ដោយ ត្រូវផ្តល់ព័ត៌មានជូន ទៅអាជ្ញាធរ ភូមិ ឃុំ ឬមកមន្ទីរកសិកម្មផ្ទាល់ ដើម្បីមានវិធានការទប់ស្កាត់ឲ្យទាន់ពេលវេលា៕
Source: Kampuchea Thmey Daily
0 Comments