Ad Code

លោក​ ហ៊ុន ម៉ា​ណែ​ត ​បាន​នាំ​យក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ជាង​១៥០០​គ្រួសារ​ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ ស្រុក​កោះសូទិន



កំពង់ចាម ​៖​ លោក ហ៊ុន ម៉ា​ណែ​ត រួម​ជាមួយ​អាជ្ញាធរ​ខេត្ត ​ស្រុក​ ឃុំ ​ក្រុមការងារ​ និង​សប្បុរសជន បាន​នាំ​យក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ជាង​១៥០០​គ្រួសារ​ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅក្នុង​ឃុំ​កោះសូទិន​ និង​ឃុំ​កំពង់រាប ​ស្រុក​កោះសូទិន ខេត្តកំពង់ចាម នៅ​ព្រឹក​ថ្ងៃអាទិត្យ ​ទី​២៦​ ខែ​សីហា ឆ្នាំ​២០១៨។

ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ ក្នុង​ឱកាស​នោះ ​លោក ហ៊ុន ម៉ា​ណែ​ត ពាំនាំ​ការ​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ដែល​ថ្នាក់ដឹកនាំ​តែងតែ​គិត​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ ការ​លំបាក​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ឲ្យ​មន្ត្រី ក្រុមការងារ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ចុះ​ជួយ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​និង​គ្រប់​ទីកន្លែង។

លោក ហ៊ុន ម៉ា​ណែ​ត បាន​ផ្តាំផ្ញើ​ការថ្លែងអំណរគុណ​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ជឿ​ទុកចិត្ត ​និង​បោះឆ្នោត​គាំទ្រ​សម្តេច​តេ​ជោ​ដឹកនាំ​ប្រទេស​។ លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ កម្លាំង​សមត្ថកិច្ច បុគ្គលិក​សុខាភិបាល កាកបាទក្រហមកម្ពុជា ក្រុមហ៊ុន​ជីបម៉ុង​គ្រុប និង​បណ្តា​សប្បុរសជន​ទាំងអស់​ដែល​បាន​ចូលរួមចំណែក​ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ស្រុក​កោះសូទិន ក៏ដូចជា​នៅតាម​បណ្តា​ខេត្ត​មួយចំនួនទៀត​។​

តាម​របាយការណ៍​ស្រុក​កោះសូទិន បានឱ្យដឹងថា​ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ បានទទួល​ការយកចិត្តទុកដាក់ ពី​ថ្នាក់ដឹកនាំ​គ្រប់​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ និង​ក្រុមការងារ​ចុះជួយ​ស្រុក​និង​សប្បុរសជន​ដទៃទៀត​ដោយ​នាំយក​នូវ​អំណោយ​មាន​សំភារៈ គ្រឿងឧបភោគ​បរិភោគ ៨,៦០១ គ្រួសារ។ ហើយ​ថ្ងៃនេះ​ផងដែរ លោក ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ចែក​អំណោយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ១.០៣២ គ្រួសារ​បន្ថែមទៀត​ស្ថិតនៅក្នុង​ឃុំ​កោះសូទិន​និង​ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ខេត្តកំពង់ចាម ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ទន្លេមេគង្គ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu