អ្នកប្រដាល់ ផល សោភ័ណ្ឌ ក្លិបតាឡីដំរីមានរិទ្ធ បានផ្តួលអ្នកប្រដាល់ថៃ Bukjoh Sor.Anucha ក្នុងទឹកទី៤ ក្នុងការជួបប្រកួតលើសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីយប់ថ្ងៃអាទិត្យទី២៦សីហា២០១៨។
ផល សោភ័ណ្ឌ ជើងខ្លាំងរបស់កម្ពុជា បានចំណាយពេលមិនដល់៤ទឹកនោះទេ ផ្តួលអ្នកប្រដាល់ថៃ Bukjoh Sor.Anucha អោយសន្លប់លែងក្រោក ដោយការប្រើកែងវាយទៅលើសៀតផ្កាឆ្វេងរបស់ Bukjoh ឲ្យដួលដេកលើរេញ មិនអាចបន្តការប្រកួតទៀតបាន ។ Bukjoh ត្រូវអាជ្ញាកណ្តាលរាប់៨ ពីរដង ដោយត្រូវជង្គង់និងកែង ហើយបន្ទាប់មកគេក៏ដួលសន្លប់ដោយត្រូវកែងរបស់សោភ៏ណ្ឌជាលើកទី២នោះ ។
Bukjoh Sor.Anucha កាលពីពេលកន្លងមក គេធ្លាប់ប្រកួតឈ្នះឈឿន ឆៃដែនក្នុងទឹកទី២ តែពេលនេះត្រូវផល សោភ័ណ្ឌ វាយឲ្យសន្លប់ក្នុងទឹកទី២វិញ សងសឹកអោយឈឿន ឆៃដែនបានសម្រេចវិញហើយ។
ចំណែក អ្នកប្រដាល់ស្រករក្រោយកម្ពុជា ចាន់ ចំរើន ក្លិបនិរោធមានជ័យ គេបានវាយឈ្នះអ្នកប្រដាល់ថៃ Nuth Kor Sor.Kesanon ដែលជាជើងខ្លាំងនិងជាជើងចាស់នៅស្រុកថៃដោយពិន្ទុជាលើកទី២ បន្ទាប់ពីប្រកួតគ្នាយ៉ាងស្វិតស្វាញ៥ទឹកពេញនោះ ។
Nuth Kor គេបានសុំមកសងសឹកចាន់ ចំរើន ក្រោយពីរូបគេបានវាយចាញ់ពិន្ទុចំរើនកាលពីជួបគ្នាលើកទី១កន្លងមក ។ នៅក្នុងការប្រកួតសងសឹកនេះ ក៏គេវាយចេញបានច្រើននិងត្រូវចំគោលដៅល្អដែរ ប៉ុន្តែនៅតែចាញ់ពិន្ទុចំរើន ដោយសារការប្រកួតពីរទឹកដំបូងគេចាញ់ចំរើន ហើយនៅក្នុងទឹកទី៥ចុងក្រោយ ក៏ចាញ់ចំរើនទៀត ដូច្នេះគេបានតែ២ទឹកប៉ុណ្ណោះ គឺទឹកទី៣និងទឹកទី៤នោះ ។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ អ៊ូច ធារិទ្ធ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ បានផ្តួល អ្នកប្រដាល់ នីម នន ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ អោយសន្លប់ក្នុងទឹកទី៣ ។ពួកគេទាំងពីរ ជួបប្រកួតគ្នាក្នុងទម្ងន់ ៦០ គីឡូក្រាម ។
អ៊ូច ធារិទ្ធ គេមានផ្លែល្អ ពិសេសគឺផ្លែកែង និងជង្គង់ ។ក្នុងទឹកទី១ធារិទ្ធ បានទាត់ជើងក្រោមរបស់នីម នន អោយខូចជំហរប្រកួតដួលលើរេញ ត្រូវអាជ្ញាកណ្តាលរាប់៨ម្តង។នៅពេលបន្តការប្រកួតដលទឹកទី៣ទៀត នីម នន ក៏ត្រូវធារិទ្ធទាត់និងវាយកែងត្រូវសន្លប់លែងក្រោកតែម្តង៕
Source: Kampuchea Thmey Daily
0 Comments