Ad Code



កូរ៉េខាងជើង​គ្រោង​ដោះលែង​អ្នកទោស​ជនជាតិ​ជប៉ុន
អ្នកទេសចរ​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ប្រទេស​កូរ៉េខាងជើង ​នឹងត្រូវ​បាន​ដោះលែង “​តាម​គោលការណ៍​មនុស្សធម៌​”​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ក្រុង​ព្យុងយ៉ាង​ ខណៈ​ក្រុង​តូ​ក្យូ​កំពុង​ស្វែងរក​កិច្ចប្រជុំ​កំពូល​មួយ​ជាមួយ​កូរ៉េខាងជើង​ចំពេល​មាន​ការវិវឌ្ឍ​ផ្នែក​ការទូត​នៅលើ​ឧបទ្វីប​នេះ​។​

ទីភ្នាក់ងារ​ព័ត៌មាន KCNA បាន​រាយការណ៍​ថា “​លោក Tomoyuki Sugimoto ដែល​បាន​ទៅលេង​ប្រទេស​កូរ៉េខាងជើង​ក្នុងនាម​ជា​ភ្ញៀវទេសចរ​ជប៉ុន​មួយរូប​កាលពីពេល​ថ្មីៗ​នេះ​គឺ​ត្រូវបាន​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ដើម្បី​សាកសួរ​អំពី​ឧក្រិដ្ឋកម្ម​របស់គាត់​ប្រឆាំងនឹង​ច្បាប់​របស់​កូរ៉េខាងជើង​”​។​

លោក Sugimoto មិនត្រូវ​បាន​គេ​ស្គាល់​ទូលំទូលាយ​ទេ​ប៉ុន្តែ​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ជប៉ុន​បាន​និយាយថា គាត់​គឺជា​អ្នក​កាត់​.​ត​វីដេអូ​ម្នាក់​ដែល​បានមក​ទស្សនា​ប្រទេស​កូរ៉េខាងជើង​ក្នុង​ដំណើរ​ទេសចរណ៍​មួយ​ដែល​រៀបចំ​ដោយ​ទីភ្នាក់ងារ​ទេសចរណ៍​ប​រទេស​។​

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា គាត់​ប្រហែលជា​ត្រូវគេ​សង្ស័យថា​បាន​ថត​វីដេអូ​នៃ​កន្លែង​យោធា​មួយ​នៅក្នុង​ទីក្រុង​កំពង់ផែ Nampo ភាគ​ខាងលិច​។​

ទោះបីជា​យ៉ាងណាក៏ដោយ វា​មិន​ច្បាស់​ទេ​ថា​តើ​លោក Sugimoto ត្រូវបាន​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ​ណាមួយ​ដែរ​ឬ​អត់​ហើយ​របាយការណ៍​របស់ KCNA កាលពី​ល្ងាច​ថ្ងៃអាទិត្យ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​ស្តីពី​ពេលវេលា​ដែល​គាត់​នឹង​ត្រូវបាន​ដោះលែង​នោះទេ​។​

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា “​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កូរ៉េខាងជើង​បានសម្រេច​ចិត្ត​អត់ឱន​ឲ្យ​គាត់​ហើយ​បណ្តេញ​គាត់​ចេញពី​ប្រទេស​កូរ៉េខាងជើង​លើ​គោលការណ៍​មនុស្សធម៌​”​។​

ទន្ទឹម​នោះ ក្រសួងការបរទេស​ជ​ប៉ុន​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជាមួយ AFP ។​
​គួរ​បញ្ជាក់ថា ប្រទេស​កូរ៉េខាងជើង​មាន​ប្រវត្តិ​យូរ​មកហើយ​ក្នុងការ​ចាប់ខ្លួន​ជនបរទេស​លើ​ការចោទប្រកាន់​ចារកម្ម​ហើយ​បន្ទាប់មក​ប្រើ​ពួកគេ​ជា​កូនអុក​ការទូត​។​

របប​ប្រដាប់អាវុធ​នុយក្លេអ៊ែរ​មួយ​នេះ​បាន​ដោះលែង​អ្នកទោស​អាមេរិក​ចំនួន​៣​នាក់​កាលពី​ខែឧសភា​នៅក្នុង​កាយវិការ​សុច្ឆន្ទៈ​មួយ​មុន​ជំនួប​កំពូល​រវាង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​និង​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​នៅ​ប្រទេស​សិង្ហ​បុរី​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu