ជនបរទេសរាប់សិបនាក់ ត្រូវបានគេជឿថា កំពុងរត់គេចខ្លួននៅថ្ងៃចន្ទក្នុងព្រៃកោងកាងអូស្ត្រាលីបន្ទាប់ពីទូកនេសាទខុសច្បាប់របស់ពួកគេជាប់កឿងក្នុងដែនទឹកដែលពោរពេញទៅដោយសត្វក្រពើ។
កងកម្លាំងព្រំដែនអូស្ត្រាលីបាននិយាយថា ជនបរទេសមួយចំនួនត្រូវបានកំណត់ទីតាំងប៉ុន្តែមិនបានបង្ហាញពីប្រទេសដើមរបស់ពួកគេឬថាតើពួកគេជាអ្នកនេសាទឬជាអ្នកស្វែងរកសិទ្ធិជ្រកកោននោះទេ។
អ្នកស្រុកបានឃើញមនុស្សរត់ចូលក្នុងព្រៃបន្ទាប់ពីទូករបស់ពួកគេបានជាប់កឿងនៅជិតទន្លេ Daintree នៃភាគខាងជើងរដ្ឋ Queensland កាលពីថ្ងៃអាទិត្យ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ពួកគេអាចមកពីប្រទេសវៀតណាមបើទោះបីជាមន្ត្រីសង្គ្រោះម្នាក់បានប្រាប់ទូរទស្សន៍ ABC ថា វាគឺជាទូករបស់ឥណ្ឌូនេស៊ីក៏ដោយ។
ប្រធានប៉ូលិសរដ្ឋ Queensland លោក Mark Ryan បានប្រាប់ ABC ថា រហូតមកដល់ពេលនេះ មនុស្សចំនួន១៥នាក់ត្រូវបានឃាត់ខ្លួន។ កាសែត Courier Mail បានឲ្យដឹងថា មនុស្សរហូតដល់ទៅ២០នាក់ផ្សេងទៀតនៅតែស្ថិតក្នុងតំបន់នោះ។
ព្រៃកោងកាង Daintree ដែលមានចម្ងាយ១២០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងទេសចរណ៍ Cairns ដ៏ល្បីល្បាញគឺជាកន្លែងពោរពេញដោយសត្វក្រពើ ពស់និងសត្វបក្សី cassowary ។
លោក Peter Rinaudo អ្នកត្រួតត្រាតំបន់សេវាសង្គ្រោះបន្ទាន់រដ្ឋបាននិយាយថា ក្រុមការងាររបស់គាត់កំពុងស្វែងរកតាមព្រៃកោងកាងនិងនៅក្បែរមាត់ទន្លេ។
អតីតមេបញ្ជាការកងកម្លាំងព្រំដែនលោក Roman Quaedvlieg បានបង្ហោះ Twitter នៅថ្ងៃចន្ទថា ទូកនេសាទរបស់វៀតណាមបាននេសាទដោយខុសច្បាប់នៅជិតឆ្នេរភាគខាងជើងនៃរដ្ឋ Queensland កាលពី២ឆ្នាំមុនដោយសារតែស្តុកត្រីនៃប្រទេសរបស់ខ្លួនបានថយចុះ។
ប៉ុន្តែប្រសិនបើទូកនោះដឹកអ្នកស្វែងរកសិទ្ធិជ្រកកោនវិញនោះ វាជាលើកទី១ហើយក្នុងរយៈពេល៤ឆ្នាំដែលទូកបែបនេះបានទៅដល់ឆ្នេរអូស្ត្រាលី៕ AFP
Source: Kampuchea Thmey Daily
0 Comments