Ad Code

បេក្ខជន​ឈ្នះ​១០​រូប​ពី​ការប្រកួត​ដាក់​បាតដៃ​លើ​រថយន្ត​ស៊ូ​បា​រុ​ឆ្នាំ​២០១៨​ មានឱកាស​ចេញទៅ​ប្រកួត​នៅ​ប្រទេស​សិង្ហ​បុរី​ដើម្បី​ឈ្នះ​រង្វាន់​ធំ



ភ្នំពេញ​ ៖​ ក្រុមហ៊ុន ម៉ូ​ធ័​រ អ៊ី​មេជ ខេ​ម​បូ​ឌា​ដែលជា​តំណាង​ចែកចាយ​ផ្តាច់មុខ​រថយន្ត ស៊ូ​បា​រុ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ កាល​ពីថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៨​ បាន​រៀបចំ​កម្មវិធី​ ការ​ប្រកួត​ដាក់​បាតដៃ​លើ​រថយន្ត ស៊ូ​បា​រុ ជា​លើក​ទី​៨ នៅ​រាជធានី​ភ្នំពេញ​នា​ផ្សារ​ទំនើប​សុ​វណ្ណា​ចាប់ពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​៩​យប់។

កម្មវិធី​ប្រកួត​នេះ​គឺមាន​បេក្ខជន​ប្រមាណ​ជាង​៦០​នាក់ បានមក​ចុះឈ្មោះ​ចូលរួម​ប្រកួត​ក្នុងឆ្នាំនេះ​ហើយ​បេក្ខជន​ចំនួន​១០​រូប​ដែល​ឈ្នះ​លើ​ការប្រកួត​ត្រូវបាន​ជ្រើសរើស​ និង​ទទួលបាន​ការចំណាយ​ទាំង​ការ​ធ្វើដំណើរ​ និង​ការ​ស្នាក់នៅ​ក្នុង​ប្រទេស​សិ​ង្ហ​បុរី​ ដែល​ជា​កន្លែង​ប្រកួត​វគ្គ​ផ្តាច់​ព្រាត់​ជាមួយនឹង​បេក្ខជន​ដែល​ឈ្នះ​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​ក្នុង​អាស៊ាន​ដើម្បី​ឈ្នះ​រង្វាន់​ធំ​រថយន្ត Subaru XV ដ៏​ថ្មីស្រឡាង​មួយគ្រឿង​មានតម្លៃ​៥៨,០០០​ដុល្លារ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​រៀបចំ​កម្មវិធី​បាន​បញ្ជាក់​ថា ​ការប្រកួត​ដាក់​បាតដៃ​លើ​រថយន្ត​គឺជា​ការប្រកួត​ដ៏​លំបាក និង​ទាមទារ​ឲ្យ​មាន​ភាព​អំណត់​អត់ធ្មត់​ ដែល​បេក្ខជន​ទាំងអស់​តម្រូវ​ឲ្យ​ដាក់​បាតដៃ​ស្តាំ​លើ​រូប​បាតដៃ​ដែល​បិទ​រួចជាស្រេច​នៅ​លើ​រថយន្ត រួមទាំង​លក្ខខណ្ឌ និង​បទបញ្ញត្តិ​ផ្សេងៗ ​ដែល​ប្រើ​វគ្គ​ផ្តាច់ព្រ័ត្រ។ ជាធម្មតា​បេក្ខជន​ដែល​ចូលរួម​ប្រកួត​ត្រូវ​ឈរ​ដាក់​ដៃស្តាំ​របស់ខ្លួន​នៅលើ​រថយន្ត​ដែល​បានកំណត់​តាមរយៈ​ពេល។

ប្រភព​ដដែល​បាន​និយាយទៀតថា​ បេក្ខជន​នឹងត្រូវ​អនុញ្ញាត​ឲ្យ​សម្រាក​១០​នាទី​រាល់​រយៈពេល ៦​ម៉ោង​ម្តង​ដើម្បី​ញុំា​ទឹក ​និង​ប្រើប្រាស់​បន្ទប់ទឹក។ ទន្ទឹម​នឹង​នោះ​ នៅ​ក្នុង​ពេល​ប្រកួត​យើង​អាច​មាន​ជា​ហ្គេម​ផ្សេងៗ​សម្រាប់​លេង​កំសាន្ត​ផង​ដែរ ហើយ​បេក្ខជន​នឹង​ត្រូវ​ចាកចេញ​ពី​ការប្រកួត​ភ្លាមៗ ប្រសិនបើ​មានការ​ធ្វើ​ខុស​លក្ខខណ្ឌ​ណាមួយ។

ជាក់ស្តែង​ការប្រកួត​ឆ្នាំនេះ ​ក៏មាន​លក្ខណៈ​ស្វិតស្វាញ​មិន​ចាញ់​ពី​ឆ្នាំមុន​ដែរ​ ប៉ុន្តែ​អ្វី​ដែល​ពិសេស​លើស​ពី​ឆ្នាំមុនៗ​នោះ ​គឺ បេក្ខជន​មួយ​រូប​ដែល​ឈរ​បាន​យូរ​ចុងក្រោយ​គេ​បង្អស់​ប្រចាំ​ប្រទេស​កម្ពុជា នៅក្នុង​ប្រទេស​សិង្ហ​បុរី នឹង​មាន​ឱកាស​ឈ្នះ​ទឹកប្រាក់​ចំនួន ១​ពាន់​ដុល្លារ​សិង្ហ​បុរី ពី​ក្រុមហ៊ុន​ផ្ទាល់​។
​សូមបញ្ជាក់ថា នៅ​ប្រទេស​សិង្ហ​បុរី បេក្ខជន​ដែល​ចូលរួម​ប្រកួត​អាចមាន​ឱកាស​ឈ្នះ​រង្វាន់​ជា​សាច់ប្រាក់​ច្រើន​ផ្សេងទៀត ដូចជា​រង្វាន់​ប្រចាំ​ប្រទេស​(​សម្រាប់​បេក្ខជន​ណា​ដែល​ឈរ​បានយូរ​ជាងគេ​ប្រចាំ​ប្រទេស​របស់ខ្លួន​) រង្វាន់​ប្រចាំ​អាស៊ាន (​បេក្ខជន​ដែល​ឈរ​បានយូរ​ជាងគេ​ប្រចាំ​តំបន់​ដោយ​មិន​រាប់បញ្ចូល​ប្រទេស​សិង្ហ​បុរី​) និង​រង្វាន់​ក្រុម​សម្រាប់​ប្រទេស​ណា​ដែល​ឈរ​បានយូរ​ជាងគេ (​យក​ពេលវេលា​ដែល​បេក្ខជន​ម្នាក់ៗ​ឈរ​បូក​បញ្ចូល​គ្នា​ដើម្បី​បាន​ពេលវេលា​ជា​ក្រុម​)​។ កម្មវិធី​នេះ​ទទួលបាន​ការឧបត្ថម្ភ​ដោយ Bon Tea, Hito, Revive Mountain Dew និង S-Cool៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu