Ad Code

មនុស្ស​ជាង​១,២០០​នាក់​ បាន​ស្លាប់​ ដោយសារ​ព្យុះ​មូសុង​នៅ​តំបន់​ អាស៊ី​ខាងត្បូង



យោង​តាម​តួលេខ​ ដែល​ប្រមូល​បាន​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​បង្ហាញថា មនុស្ស​ជាង ១,២០០​នាក់ ​ត្រូវ​បាន​សម្លាប់​នៅ​ទូទាំង​តំបន់​អាស៊ី​ខាងត្បូង​ ដោយ​ព្យុះ​មូសុង​គិត​ត្រឹម​ពេលនេះ​ក្នុងឆ្នាំនេះ ​ខណៈ​ប្រទេស​ឥណ្ឌា​កំពុង​រាប់​ចំនួន​អ្នក​ស្លាប់​ដោយសារ​ទឹកជំនន់​ដ៏​បំផ្លិចបំផ្លាញ​នៅ​រដ្ឋ Kerala ភាគខាងត្បូង។

ខ្យល់ព្យុះ​មូសុង​ដែល​អូសបន្លាយ​ពេល​ពី​ខែមិថុនា​ដល់​ខែកញ្ញា​បាន​បង្ក​ឲ្យ​មានការ​ស្លាប់​និង​ការបំផ្លិចបំផ្លាញ​រីក​រាលដាល​នៅ​ទូទាំង​តំបន់​អាស៊ី​ខាងត្បូង​ជា​រៀងរាល់ឆ្នាំ​ខណៈដែល​តំបន់​ទេសចរណ៍ Kerala បាន​រងគ្រោះ​ដោយ​ទឹកជំនន់​អាក្រក់​បំផុត​ក្នុង​រយៈពេល​ជិត​១០០​ឆ្នាំ​មកនេះ​។​

រដ្ឋ Kerala បាន​រាយការណ៍​ថា មាន​មនុស្ស​ស្លាប់​ចំនួន​៤៤៥​នាក់​ខណៈ​សាកសព​បន្ថែមទៀត​ត្រូវបាន​រកឃើញ​រៀងរាល់ថ្ងៃ​ស្របពេល​ការសម្អាត​ដ៏​ធំ​កំពុង​ចាប់ផ្តើម​។ ទឹកជំនន់​បាន​បង្ខំ​ឲ្យ​មនុស្ស​ជាង​មួយ​លាន​នាក់​ស្វែងរក​ទី​ជំរក​ក្នុង​ជំរំ​សង្គ្រោះ​បន្ទាន់​និង​១៥​នាក់​ផ្សេងទៀត ​ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​បាត់​ខ្លួន​រហូតដល់​ថ្ងៃ​ចន្ទ។

យោង​តាម​តួលេខ​ជា​ផ្លូវការ​បាន​ឲ្យ​ដឹងថា រដ្ឋ Kerala មាន​ចំនួន​អ្នកស្លាប់​ជិត​ពាក់កណ្តាល​នៃ​ការស្លាប់​ជាង​១,០០០​នាក់​ដែល​ត្រូវបាន​រាយការណ៍​ទូទាំងប្រទេស​ឥណ្ឌា​ដោយ​មនុស្ស​ជាង​១៦០​នាក់​បាន​ស្លាប់​នៅក្នុង​រដ្ឋ Karnataka, ជាង​២០០​នាក់​នៅ​រដ្ឋ Uttar Pradesh និង​១៩៥​នាក់​ទៀត​នៅ West Bengal។

ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា ព្យុះ​មូសុង​ក៏បាន​វាយប្រហារ​ប្រទេស​នេ​ប៉ាល់​ផងដែរ​ដោយមាន​មនុស្ស​ចំនួន​៨៧​នាក់​បាន​ស្លាប់​ចាប់តាំងពី​ខែមិថុនា​មក​រួមមាន​ទាំង​ស្ត្រី​ម្នាក់​និង​កូន​ប្រាំបី​នាក់​ដែល​ត្រូវបាន​នាំទៅ​ដោយ​ការ​រអិល​បាក់​ដី​នៅ​ក្នុងភូមិ​ដាច់ស្រយាល​មួយ​ផងដែរ។

តួលេខ​ផ្លូវការ​បានបង្ហាញ​ថា នៅក្នុង​ប្រទេស​ស្រីលង្កា​ចំនួន​អ្នកស្លាប់​ដោយសារ​ទឹកជំនន់​រដូវ​មូសុង​បាន​ធ្លាក់​ដល់​២៤​នាក់​ពី​២២៤​នាក់​ដែល​បាន​ស្លាប់​កាលពី​ខែឧសភា​និង​ខែមិថុនា​ឆ្នាំមុន។ នៅ​ប្រទេស​បង់​ក្លា​ដែ​ស ទឹកជំនន់​និង​ការបាក់​ដី​បានសម្លាប់​មនុស្ស​យ៉ាងតិច​២៩​នាក់៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu