Ad Code

លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បន្ត​គាំទ្រ​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ចិន



ភ្នំពេញ​ ៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ​បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ចិន​លើ​គ្រប់​វិស័យ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ថ្លែង​បែបនេះ ​ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីជប់លៀង​ស្វាគមន៍ គណៈប្រតិភូ​សហព័ន្ធ​ពាណិជ្ជករ​ចិន​ទាជីវ​សកលលោក នា​រាត្រី​ថ្ងៃអាទិត្យ ១៥​កើត ខែស្រាព​ណ៍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​មានប្រសាសន៍​ថា តាមរយៈ​ទស្សនកិច្ច​នា​ពេល​នេះ សមាជិក នៃ​គណៈប្រតិភូ នឹង​ទទួល​បាន​ព័ត៌មាន​ល្អៗ ឱកាស​វិនិយោគ​ថ្មីៗ និង​ការ​ពង្រឹង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ ជាមួយ​អាជីវករ​កម្ពុជា ដើម្បី​រក​ឃើញ​ដៃគូ​ធុរកិច្ច និង​វិនិយោគ ក្នុង​ការ​ចាប់​ផ្តើមធ្វើ​អាជីវកម្ម លើ​វិស័យ ដែល​មាន​សក្ដានុពល​ជាច្រើន​នៅ​កម្ពុជា ជាពិសេស វិស័យ​អចលនទ្រព្យ សេវាកម្ម ហិរញ្ញវត្ថុ កសិកម្ម ឧស្សាហកម្ម និង​ទេសចរណ៍។

លោកជំទាវ​បាន​បន្ត​ទៀត​ថា ទស្សនកិច្ច​នេះ ពិតជា​ទទួល​បាន​ផលប្រយោជន៍​ច្រើន និង​ងាយស្រួល ដោយសារ​នៅ​កម្ពុជា​មាន​ឧកញ៉ា និង​អ្នក​ប្រកប​របរជំនួញ​ជាច្រើន​នាក់ ដែលមាន​ដើមកំណើត ជា​ខ្សែ​ចិន​ទាជីវ ដែល​អាចឱ្យ​ប្រតិភូ​ងាយស្រួល ក្នុងការ​និយាយ និង​ប្រាស្រ័យ​ទាក់ទង​គ្នា​។ ស្រប​ពេលដែល​រាជរដ្ឋាភិបាល​មាន​គោលនយោបាយ ចាត់ទុក​វិស័យ​ឯកជន ជា​ក្បាលម៉ាស៊ីន​រុញ​កំណើនសេដ្ឋកិច្ច និង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ដល់​អ្នកវិនិយោគ​បរទេស ដោយ​គ្មាន​ប្រកាន់​ជាតិ​សាសន៍ និង​កត្តា​អំណោយផល​ផ្សេងទៀត រួមទាំង​ការលូតលាស់ ផ្នែក​សេដ្ឋកិច្ច​យ៉ាង​លឿន ជាពិសេស​ខាង​ពាណិជ្ជកម្ម សំណង់ ទេសចរណ៍ ហិរញ្ញវត្ថុ ទីផ្សារ​ពលករ​មានតម្លៃ​ទាប និង​ច្បាប់​វិនិយោគ ដែល​អនុគ្រោះ​ដល់​ធុរកិច្ច ទើប​កម្ពុជា​កំពុងតែ​ក្លាយជា​គោលដៅ​ថ្មី​មួយ គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត ពី​អ្នកវិនិយោគ​ក្នុងស្រុក និង​បរទេស៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu