Ad Code

ក្រុង​សេ​អ៊ូ​លអាច​ពន្យា​ពេល​ផែន​ការបើក​ការិយាល័យ​នៅ​កូរ៉េខាងជើង



ប្រទេស​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​អាច​នឹង​ពន្យា​ពេល​ការបើក​ការិយាល័យ​ទំនាក់ទំនង​មួយ​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​លោក Mike Pompeo ទៅកាន់​ក្រុង​ព្យុងយ៉ាង​ត្រូវបាន​លុបចោល​ភ្លាមៗ​ដោយ​លោក ដូ​ណា​ល់ ត្រាំ។

កាលពី​ថ្ងៃ​សុក្រ​លោក ត្រាំ បាន​លុបចោល​ដំណើរ​ទស្សនកិច្ច​នេះ​ដោយ​ស្តីបន្ទោស​ពី​កង្វះ​វឌ្ឍនភាព​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​នៅក្នុង​ខែមិថុនា។

ការលុបចោល​ភ្លាមៗ​នេះ​បានធ្វើ​ឲ្យ​កកស្ទះ​ផែនការ​របស់​ក្រុង​សេ​អ៊ូ​ល​ក្នុង​ការបើក​ការិយាល័យ​ទំនាក់ទំនង​មួយ​នៅ​កូរ៉េខាងជើង​បន្ទាប់ពី​មាន​ការវិវត្ត​ផ្នែក​ការទូត​យ៉ាង​ឆាប់រហ័ស​លើ​ឧបទ្វីប​កូរ៉េ​។​
​អ្នកនាំពាក្យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Kim Eui-kyeom បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​ខ្ញុំ​មិនអាច​និយាយថា​វា​នឹង​មិនមាន​ផលប៉ះពាល់​អ្វី​ទេ​”​។ លោក​បាន​បន្ថែមថា “​យើង​កំពុង​ពិចារណា​បើក​ការិយាល័យ​ទំនាក់ទំនង​នេះ​ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​ដ៏​រលូន​រួមទាំង​ដំណើរ​ទស្សនកិច្ច​របស់​លោក Pompeo ទៅកាន់​ប្រទេស​កូរ៉េខាងជើង​និង​កិច្ចប្រជុំ​កំពូល​អន្តរ​កូរ៉េ​ផងដែរ​ប៉ុន្តែ​វា​ចាំបាច់​ត្រូវ​ពិនិត្យឡើងវិញ​ចាប់តាំងពី​ស្ថានភាព​ថ្មី​មួយ​បាន​កើតឡើង​”​។​

ការបង្កើត​ការិយាល័យ​ទំនាក់ទំនង​អន្តរ​កូរ៉េ​ត្រូវបាន​ព្រមព្រៀងគ្នា​រវាង​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​លោក គីម របស់​ប្រទេស​កូរ៉េខាងជើង​នៅឯ​កិច្ចប្រជុំ​កំពូល​របស់​ពួកគេ​ក្នុង​ខែមេសា។

លោក មូ​ន បាន​គាំទ្រ​ការចូល​រួម​ជាមួយ​កូរ៉េខាងជើង​ហើយ​បាន​ជំរុញ​ឲ្យ​មាន​ការបន្ត​កិច្ច​សហប្រតិបត្តិការ​ឆ្លង​កាត់​ព្រំដែន​ឡើងវិញ។

មេដឹកនាំ​កូរ៉េខាងត្បូង​រូប​នេះ​គ្រោង​ នឹង​ធ្វើ​ទស្សនកិច្ច​ទីក្រុង​ព្យុងយ៉ាង​នៅ​ខែក្រោយ​សម្រាប់​អ្វី​ដែលជា​ជំនួប​លើក​ទី​៣​របស់​លោក​ជាមួយ​លោក​គីម​ក្នុង​ឆ្នាំនេះ។

ប៉ុន្តែ​ការិយាល័យ​ដែលមាន​ទីតាំងនៅ​ទីក្រុង Kaesong របស់​កូរ៉េខាងជើង​ បាន​លើកឡើង​ពី​ការព្រួយបារម្ភ​ថា ការផ្ទេរ​សម្ភារៈ​នៅ​ទីនោះ​អាច​រំលោភ​លើ​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ប្រឆាំង​នឹង​ប្រទេស​កូរ៉េខាងជើង។

ទោះបីជា​យ៉ាងណាក៏ដោយ ក្រសួង​បង្រួបបង្រួម​របស់​ក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​ចន្ទ​បាន​ច្រានចោល​ការចោទប្រកាន់​នេះ​ដោយ​និយាយ​ថា ទំនិញ​ទាំងអស់​ត្រូវ​បាន​ផ្ទេរ​ដើម្បី​កសាង ​និង​ដំណើរការ​ការិយាល័យ​និង​មិនមែន​សម្រាប់​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​កូរ៉េខាងជើង​នោះ​ទេ៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu