រតនគិរី ៖ បន្ទាប់ពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយកម្លាំងអធិការនគរបាលស្រុកអណ្តូងមាស និងកម្លាំងអធិការនគរបាលស្រុកបរកែវ បានកំណត់មុខសញ្ញានិងចុះឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ជាបន្តបន្ទាប់កាលពីថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០១៨ពាក់ព័ន្ធករណីលួចគ្មានស្ថានទម្ងន់ទោស(លួចម៉ូតូ)ដែលជនសង្ស័យទាំងនោះបានរួមគំនិតគ្នាធ្វើសកម្មភាព កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ រហូតមកទល់នឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌកម្រិតស្រាលក៏បានបំពេញសំណុំបែបបទនិងបញ្ជូនជនសង្ស័យទាំង៥នាក់ទៅអយ្យការអមសាលាដំបូងខេត្តនៅវេលាម៉ោង៣និង៣០នាទីល្ងាចដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត។
លោកវរសេនីយ៍ឯក មាស ពៅបូរ៉ាប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យអ្នកសារព័ត៌មានដឹងថា ជនសង្ស័យទាំង៥នាក់ដែលបានឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃបោះឆ្នោត កន្លងទៅថ្មីៗនេះ។ ជនសង្ស័យបានលួចម៉ូតូមួយគ្រឿងម៉ាក វ៉េវឆ្លាម ស៊េរីឆ្នាំ២០១៧ ពណ៌ស(អត់ពន្ធ) ដែលមានលេខតួ310850 .លេខម៉ាស៊ីន 0310886 របស់ជនរងគ្រោះឈ្មោះ ឡន លីសា ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ ខណៈដែលជនរងគ្រោះបានចតចោលជាប់ទាំងសោស្រាប់នៅចិញ្ចើមផ្លូវ ហើយជនរងគ្រោះបានចូលទៅខ្ទមចម្ការចន្ទីឪពុកឈ្មោះ ញីម ឡន ស្ថិតនៅក្នុងភូមិ ម៉ាលិក ឃុំម៉ាលិក ស្រុកអណ្តូងមាស។ ទើបជនសង្ស័យឃើញឱកាសល្អក៏លួចយកទៅតែម្តង ក្រុមគ្រួសារជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងមកអធិការស្រុកឲ្យជួយវែកមុខរកក្រុមជនសង្ស័យ និងកំណត់មុខសញ្ញាចុះឃាត់បានជាបន្តបន្ទាប់។
លោកវរសេនីយ៍ឯកមាស ពៅបូរ៉ា បន្តថា ជនសង្ស័យទាំងអស់ដែលជាប់ពាក់ព័ន្ធមានរហូតដល់៦នាក់ឯណោះ ដែលមានឈ្មោះដូចខាងក្រោម៖
ទី១-ឈ្មោះ ចក ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានស្រុកកំណើតខេត្តតាកែវ ទីលំនៅបច្ចុប្បន្ននៅភូមិ១ឃុំឡាមិញ ស្រុកបរកែវខេត្តរតនគិរី (មេខ្លោង)ពិនិត្យទឹកនោមវិជ្ជមាន(+)។
ទី២-ឈ្មោះ ហួរ ហុយ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានស្រុកកំណើតខេត្តតាកែវ ទីលំនៅបច្ចុប្បន្ននៅភូមិ១ឃុំឡាមិញស្រុកបរកែវខេត្តរតនគិរី ផ្សំគំនិតលួច ពិនិត្យទឹកនោមវិជ្ជមាន(+)។
ទី៣-ឈ្មោះ អោម អឿន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិកាចក់ មុខរបរកសិករ មានស្រុកកំណើតនៅខេត្តឧត្តមានជ័យ ទីលំនៅបច្ចុប្បន្ននៅភូមិលោមឃុំម៉ាលិកស្រុកអណ្តូងមាសខេត្តរតនគិរី ផ្សំគំនិតពិនិត្យទឹកនោមអវិជ្ជមាន(-)។
ទី៤-ឈ្មោះ ជុំ សុខុម ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ មានស្រុកកំណើតនៅខេត្តកំពង់ធំ ទីលំនៅបច្ចុប្បន្នភូមិ១ឃុំឡាមិញ ស្រុកបរកែវខេត្តរតនគិរី ផ្សំគំនិតពិនិត្យទឹកនោមវិជ្ជមាន(+)។
ទី៥-ឈ្មោះ ជិន ចិន្តា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅខេត្ត កំពង់ចាម ទីលំនៅបច្ចុប្បន្ននៅភូមិ១ឃុំឡាមិញស្រុកបរកែវខេត្តរតនគិរី ផ្សំគំនិតពិនិត្យអវិជ្ជមាន(-)។ និង
ទី៦-ឈ្មោះ សុខ សារឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទទួលផលចោរកម្មនិងមានប្រពន្ធឈ្មោះ ចន្ធូ មានកូនបីនាក់ស្រី(ពីរនាក់) មានទីលំនៅបច្ចុប្បន្នភូមិ១ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី(រត់គេចខ្លួនបាត់)។ បច្ចុប្បន្នសមត្ថកិច្ចកំពុងតាមរកចាប់ខ្លួនម្នាក់ទៀតយកមកផ្តន្ទាទោសតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments