ខ្លាំ ខ្លានាង អ្នកប្រដាល់ក្លិបខ្លារខិនមានរិទ្ធ នឹងត្រូវអ្នករៀបចំកម្មវិធីប្រដាល់នៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍ ផ្គូផ្គងអោយជួបសាកកណ្តាប់ដៃជាមួយអ្នកប្រដាល់ថៃ Phat Ek នាព្រឹកថ្ងៃអាទិត្យទី០៥ ខែសីហាឆ្នាំ២០១៨ នៅលើសង្វៀនBoostrong Fighter On Fire របស់SEA-TV។
ពីរនាក់នេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៥១ គីឡូក្រាម។ អ្នកប្រដាល់ថៃ Phat Ek ដែលខាំ ខ្លានាង ត្រូវតស៊ូជាមួយនោះ ជាជើងខ្លាំងទម្ងន់៥១គ.ក្រនៅស្រុកថៃ ហើយគេធ្លាប់វាយឈ្នះចាញ់ជាមួយហ៊ឹម សេរីក្លិបតាព្រហ្មមានជ័យដោយពិន្ទុ ។ ប៉ុន្តែអ្នកប្រដាល់ថៃរូបនេះ ពុំធ្លាប់មានប្រវត្តិជួបជាមួយខាំ ខ្លានាង នោះទេ។
Phat Ek មានប្រវត្តិប្រកួត៦៧លើក ឈ្នះ៥៥លើក ចាញ់១២លើក និងមិនដែលស្មើ និងធ្លាប់ផ្តូលគូប្រកួតអោយសន្លប់១០ លើក ។ ជាលើកទី៧ របស់ខាំ ខ្លានាង ដែលបានជួបប្រកួតជាមួយថៃនេះ។ ក្នុង៦លើកដែលជួបប្រកួតជាមួយថៃនេះ ខ្លានាង វាយឈ្នះ៣លើកនិងចាញ់៣លើក។
ខាំ ខ្លានាង មានកំនត់ត្រាប្រកួតចំនួន៧០លើក ឈ្នះ៥៣លើក ចាញ់១៥លើក និង ស្មើ០២លើក ។ ការប្រកួតនៅក្នុងស្រុក ខ្លានាង វាយឈ្នះអ្នកប្រដាល់រួមជាតិ សឹងតែអស់ទៅហើយក្នុងប្រភេទទម្ងន់៥១គីឡូក្រាមនេះ តែការប្រកួតចុងក្រោយនេះ គេបានវាយចាញ់អ្នកប្រដាល់ថៃ Nok Krachieb ក្នុងទឹកទី២ កាលពីថ្ងៃទី៣០មិថុនា២០១៨កន្លងមកនេះ។
ទោះជាយ៉ាងណា ការឈ្នះចាញ់រវាងខាំ ខ្លានាង និង Phat Ek នេះពុំមាននរណាហ៊ានទាយមុនថាអ្នកណាឈ្នះនោះទេ ព្រោះថាការប្រកួតគ្នាលើកនេះ ខាំ ខ្លានាង មិនប្រាកដថាឈ្នះ Phat Ek បាននោះទេ?ព្រោះអ្នកប្រដាល់ថៃនេះវាយច្បាស់ណាស់ ហើយមួយទៀតអ្នកប្រដាល់ថៃរូបនេះ ជាជើងខ្លាំងនៅប្រទេសថៃផងនោះ ដូច្នេះមិនងាយស្រួលអោយខ្លានាងយកឈ្នះនោះទេ ។ ចាំមើល ខាំ ខ្លានាង អាចយកឈ្នះ Phat Ek បានឬអត់ ?។
ចំពោះគូប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ឡុង រ៉ាមី អ្នកប្រដាល់មកពីក្លិបខ្លារខិនមានរិទ្ធដែរនោះ នឹងជួបប្រកួតសាកកណ្តាប់ដៃជាមួយពុទ្ធ ម៉ាណូយ អ្នកប្រដាល់ស្រករក្រោយក្លិបពុទ្ធសេរីវង្សកីឡា។ ពីរនាក់ជួបគ្នាក្នុងទម្ងន់ ៥៧គីឡូក្រាម ។ ពួកគេពីរនាក់នេះ មិនធ្លាប់ប៉ះគ្នាគ្នាកន្លងមក ។
ឡុង រ៉ាមី នេះ គេជាអ្នកប្រដាល់ស្រករក្រោយដែរ តែគេមានស្នៀតប្រដាល់ល្អ និងវាយខ្លាំង ។ គេប្រកួតចុងក្រោយនេះ វាយឈ្នះ លី តឿន អ្នកប្រដាល់ក្លិបមកុដរាជសីហ៍ដោយពិន្ទុ ។
ពុទ្ធ ម៉ាណូយ គេក៏ជាអ្នកប្រដាល់ស្រករក្រោយដែរ។ អ្នកប្រដាល់វ័យក្មេងរូបនេះ ក៏វាយខ្លាំងគួរសមដែរ គ្រាន់តែមានចិត្តប្រដាល់មិនសូវធំប៉ុណ្ណោះ។ គេប្រកួតចុងក្រោយនេះ វាយចាញ់ម៉ឺន មេឃា អ្នកប្រដាល់ក្លិបអេភូថងកីឡាដោយពិន្ទុ ។ ចាំមើល រវាងឡុង រ៉ាមី និង ពុទ្ធ ម៉ាណូយ តើនរណាជាអ្នកឈ្នះនៅក្នុងការជួបគ្នានេះ ?។
រឿន សុខលី អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ត្រូវគេផ្គូអោយជួបប្រកួតជាមួយគឿម សុវណ្ណឌឿត អ្នកប្រដាល់ក្លិបមោងឫស្សីមរកតគុនខ្មែរខេត្តបាត់ដំបង ។ពួកគេទាំងពីរនេះ ជួបគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។ ចំណែក អេលីត ប៊ុនសិទ្ធ ក្លិបឆ្មាសសែនសុខគុនខ្មែរ នឹងជួបប្រកួតជាមួយប្រាក់ ឌីណា អ្នកប្រដាល់ក្លិបតាឯកដំបងដែកមានរិទ្ធ ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាមដែរ៕
Source: Kampuchea Thmey Daily
0 Comments