Ad Code

ជន​សង្ស័យ​ជា​ចារកម្ម​រុស្ស៊ី​ ត្រូវបាន​គេ​រក​ឃើញ​ធ្វើការ​នៅ​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​មូ​ស្គូ​



របាយការណ៍​នានា​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ជនសង្ស័យ​ជា​ចារកម្ម​រុស្ស៊ី​ម្នាក់ ​បាន​ធ្វើ​ការ​នៅ​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​មូស្គូ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មុន​ពេល​ត្រូវ​បាន​បណ្តេញ​ចេញ​យ៉ាង​ស្ងៀមស្ងាត់​កាលពី​ឆ្នាំមុន។

យោង​តាម​ប្រភព​ព័ត៌មាន​ ដែល​ដកស្រង់​ដោយ​កាសែត Guardian និង​ទូរទស្សន៍ CNN បាន​ឲ្យ​ដឹងថា នារី​ជនជាតិ​រុស្ស៊ី​ម្នាក់​ត្រូវបាន​ជួល​ដោយ​សេវា​សម្ងាត់​ហើយ​បាន​ស្ថិតនៅ​ក្រោម​ការសង្ស័យ​បន្ទាប់ពី​ការ​បោសសម្អាត​សន្តិសុខ​តាម​ទម្លាប់​មួយ​ដែល​ធ្វើឡើង​ដោយ​ក្រសួងការបរទេស។

ការស៊ើបអង្កេត​បានរ​ក​ឃើញថា នាង​មានការ​ប្រជុំ​ដែល​មិនមាន​ការអនុញ្ញាត​ជា​ទៀងទាត់​ជាមួយ​ទីភ្នាក់ងារ​ចារកម្ម​រុស្ស៊ី​ដ៏​សំខាន់​គឺ FSB។

មន្ត្រី​ម្នាក់​បាន​ប្រាប់​ទូរទស្សន៍ CNN ថា “​យើង​គិតថា នាង​កំពុងនិយាយ​ជាមួយ FSB ប៉ុន្តែ​នាង​បានផ្តល់​ព័ត៌មាន​ឲ្យ​ពួកគេ​ច្រើនជាង​នាង​មាន​”​។​

របាយការណ៍​បាន​ឲ្យ​ដឹងថា ស្ត្រី​រូបនេះ​បាន​ចូលទៅ​កាន់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​និង​អ៊ី​ម៉ែ​ល​របស់​សេវា​សម្ងាត់​ដែល​បានផ្តល់​ឲ្យ​នាង​នូវ​ទិន្នន័យ​ដ៏​មាន​សក្តានុពល​រួមទាំង​កាលវិភាគ​របស់លោក​ប្រធានាធិបតី​និង​អនុ​ប្រធានាធិបតី​អាមេរិក​ផងដែរ​។ ប្រភព​ដដែល​បាន​ប្រាប់​ទូរទស្សន៍ CNN ថា “​ប៉ុន្តែ​នាង​មិនមាន​លទ្ធភាព​ទទួល​ព័ត៌មាន​សម្ងាត់​ខ្ពស់​នោះទេ​”​។​

ស្របពេល​ជាមួយគ្នា​នោះដែរ កាសែត Guardian បាន​រាយការណ៍​ថា សេវា​សម្ងាត់​បាន​ប៉ុនប៉ង​ទប់ស្កាត់​ភាពអាម៉ាស​ដោយ​អនុញ្ញាត​ឲ្យ​នាង​ទៅ​នៅពេលដែល​រុស្ស៊ី​បញ្ជា​ឲ្យ​ដក​បុគ្គលិក​ចំនួន​៧៥០​នាក់​ចេញពី​ស្ថានទូត​អាមេរិក​អំឡុងពេល​មាន​ជម្លោះ​ការទូត​មួយ​ក្រោយ​ការចោទប្រកាន់​ពី​ការជ្រៀតជ្រែក​របស់​ក្រុង​មូ​ស្គូ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦​។​

ប្រភព​មួយ​បាន​ប្រាប់​កាសែត​អង់គ្លេស​នេះ​ថា “​សេវា​សម្ងាត់​បាន​ព្យាយាម​លាក់​ការរំលោភបំពាន​នេះ​ដោយ​បណ្តេញ​នាង​ចេញ​”​។​

ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​រុស្ស៊ី​បាន​ល្អក់កករ​ជាខ្លាំង​ចាប់តាំងពី​ការជាប់ឆ្នោត​របស់លោក Donald Trump ថ្វីបើ​គាត់​មាន​ទំនាក់ទំនង​ផ្ទាល់ខ្លួន​កក់ក្តៅ​ជាមួយ​លោក​ប្រធានាធិបតី Vladimir Putin ក៏ដោយ​។​
គូសត្រូវ​សម័យ​សង្គ្រាមត្រជាក់​ទាំង​ពីរ​នេះ​ក៏​បែង​ចែកគ្នា​យ៉ាងជ្រៅ​ផងដែរ​លើ​បញ្ហា​នានា​ដូចជា​ជម្លោះ​នៅក្នុង​ប្រទេស​ស៊ី​រី ការ​កាត់​យក​ឧបទ្វីប Crimea ពី​ប្រទេស​អ៊ុយ​ក្រែ​ន​និង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជាដើម​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu