Ad Code

តុលាការ​កំពូល​ ​ ​នឹង​បើកសវនាការ​សំណុំរឿង​គ្រូពេទ្យ​អត់​ច្បាប់​តាម​ភូមិ​នៅ​ខេត្តបាត់ដំបង​ចាក់​ថ្នាំ​ចម្លងរោគ​អេដស៍​នៅ​ថ្ងៃទី​០៨​សីហា ​ឆ្នាំ​២០១៨



ភ្នំពេញ​ ៖​ តាម​សេចក្ដី​ជូនដំណឹង​របស់​តុលាការ​កំពូល​បាន​អោយ​ដឹង​ថា នៅ​ថ្ងៃទី​០៨ ​ខែ​​សីហា ឆ្នាំ​២០១៨​ខាងមុខ ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​រឿងក្ដី​ព្រហ្មទណ្ឌ​នៃ​តុលាការ​កំពូល​ នឹង​បើក​សវនាការ​សំណុំរឿង​ប្ដឹង​សារទុក្ខ​របស់​គ្រូពេទ្យ​ភូមិ យ៉ែម ជ្រិ​ន ដែល​បាន​បង្ក​ការ​ចម្លង​មេរោគ​ដល់​អ្នកភូមិ​សង្កែ​ប្រមាណ​១២២​នាក់។

ប្រភព​ព័ត៌មាន​ពី​តុលាការ​កំពូល​បាន​អោយ​ដឹង​ថា បណ្ដឹង​សារទុក្ខ​របស់​ជនជាប់ចោទ​ យ៉ែម ជ្រិ​ន បាន​ធ្វើឡើង​ក្រោយពី​សាលាឧទ្ធរណ៍​បានសម្រេច​តម្កល់​សាលក្រម​នៃ​សាលាដំបូង​ខេត្តបាត់ដំបង​ដែល​ផ្ដន្ទាទោស​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​រយៈពេល​២៥​ឆ្នាំ។

តុលាការ​ខេត្ត​បាត់ដំបង​ បាន​លើកយក​សំណុំរឿង​គ្រូពេទ្យ​ចាក់​ថ្នាំ​ចម្លង​មេរោគ​អេដស៍​ទៅ​កាន់​អ្នក​ឃុំ​រកា​ មក​ជំនុំជម្រះ​ចំនួន​២​ថ្ងៃ​ហើយ​ ចាប់តាំងពី​ថ្ងៃទី​២០​ ខែតុលា ​ឆ្នាំ​២០១៥។

នៅក្នុង​សវនាការ​ដើមបណ្តឹង ​ដែល​កំពុង​ផ្ទុកមេរោគ​អេដស៍​ត្រូវ​បាន​ ចៅក្រម​ហៅ​ឡើង​សាកសួរ​ម្តង​ម្នាក់ៗ​ទៅលើ​ដំណើរ​ដើមទង​នាំ​ឲ្យ​ពួកគេ កើត​ជំងឺ​អេដស៍​នេះ។

​លោកគ្រូ​ពេទ្យ​ប្រចាំ​ភូមិ​យ៉ែម ជ្រិ​ន ក៏ត្រូវ​បាន​ចៅ ក្រម​ហៅ​ឡើង​បកស្រាយ​និង​ការពារ​ទៅលើ​ការចោទប្រកាន់​ពី​ដើម​បណ្តឹង​ផងដែរ។

ជនជាប់ចោទ​បាន​សារភាព​ថា គាត់​មិន​មាន​ច្បាប់​អនុញ្ញាត​អោយ​បើក​ការ​ប្រកបរបរ​​​ផ្នែក​សុខភាព​ទេ ដោយ​គាត់​គ្រាន់តែ​ចេះ​ចាក់​ថ្នាំ​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​ដោយសារ​អាណិត​អ្នកភូមិ គាត់​ចេះតែ​ព្យាបាល ​ដោយ​ការ​ចាក់​ថ្នាំ​អ្នកភូមិ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ ដោយ​ប្រើ​ម្ជុល​រួមគ្នា​ ព្រោះ​មិន​មាន​ម្ជុល​ច្រើន​ទើប​បណ្ដាល​អោយ​មាន​សោកនាដកម្ម​ធំធេង​ដូច្នេះ សូម្បីតែ​បងប្អូន​របស់​គាត់​ក៏បាន​ឆ្លង​រោគ​កាច​សាហាវ​នេះដែរ។

លោក​យ៉ែម ជ្រិ​ន ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ចោទប្រកាន់​ចំនួន ៣​បទល្មើស​រួម មាន ៖ ទី ១- បទ ឃាតកម្ម អំពើ​ឃោឃៅ តាម​មាត្រា ២០៥ នៃ​ក្រម​ព្រហ្មទណ្ឌ។ ទី ២- ការ​ប្រព្រឹត្ត​ចម្លង​មេរោគ​អេដស៍​ទៅ អ្នក​ដទៃ​តាម​មាត្រា​១៨ និង មា ត្រា ៥០ នៃ​ច្បាប់​ស្តីពី​ការ​បង្ការ និង​ការ​ប្រយុទ្ធ​ទប់ស្កាត់​ការ​រីក​រាលដាល មេរោគ​អេដស៍​/ ជំងឺ អេដស៍ និង​បទល្មើស​ទី​ ៣-​បទ​ធ្វើ អាជីវកម្ម​ពេទ្យ​ដោយ​គ្មាន​ការ អនុញ្ញាត។

នៅ​ថ្ងៃទី​០៣​ធ្នូ ឆ្នាំ​២០១៥ សាលាដំបូង​ខេត្តបាត់ដំបង ​បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​លោក​យ៉ែម ជ្រិ​ន ដាក់​ពន្ធនាគារ​កំណត់​២៥​ឆ្នាំ និង​ពិន័យ​ប្រាក់​អោយ​បង់​ចូល​ថវិការដ្ឋ​ចំនួន​៥​លាន​រៀល​តាម​សេចក្ដី​ចោទប្រកាន់​ទាំង​៣​ខាងលើ។

បន្ទាប់មក​ ជន​ជាប់ចោទ​ បាន​ប្ដឹង​ឧទ្ធរណ៍ ​និង​ស្នើ​អោយ​សាលាឧទ្ធរណ៍​បន្ធូរបន្ថយ​ទោស។ នៅ​ថ្ងៃទី ១៧​ ខែ​សីហា ឆ្នាំ​២០១៧​ សាលាឧទ្ធរណ៍​ បាន​សម្រេច​តម្កល់​ទោស​លោក​យ៉ែម ជ្រិ​ន អោយ​នៅ​ដដែល ទើប​ជន​ត្រូវ​ចោទ​បាន​ប្ដឹង​សារទុក្ខ​ឡើង​តុលាការ​កំពូល ហើយ​តុលា​កាត​កំពូល​ និង​លើក​យក​រឿងក្ដី​នេះ​មក​ជំនុំជម្រះ​នា​ថ្ងៃទី​០៨​ ខែ​សីហា ឆ្នាំ​២០១៨​ខាងមុខ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu