Ad Code

អង្គការ​សហប្រជាជាតិ​ត្រៀមខ្លួន​ដក​ការរារាំង​ជំនួយ​មនុស្សធម៌​ទៅ​កូរ៉េខាងជើង



ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​គាំទ្រ​សំណើ​របស់​សហរដ្ឋអាមេរិក​ ដែល​មាន​បំណង​ដកចេញ​នូវ​ឧបសគ្គ​មួយចំនួន​លើ​ប្រទេស​កូរ៉េខាងជើង​ក្នុងការ​ប៉ុនប៉ង​ផ្តល់​ជំនួយ​មនុស្សធម៌។ នេះ​បើ​យោងតាម​ឯកសារ​ដែល​ទទួលបាន​ដោយ AFP។

យោងតាម​មន្ត្រី​អង្គការសហប្រជាជាតិ ​ដែល​បាន​រាយការណ៍​ពី​ការ​ធ្លាក់ចុះ​នៃ​ផលិតកម្ម​ស្បៀងអាហារ​កាលពី​ឆ្នាំមុន​បាន​ឲ្យ​ដឹង​ថា វិបត្តិ​មនុស្សធម៌​របស់​ប្រទេស​កូរ៉េខាងជើង ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ប្រហែល​១០​លាន​នាក់​ស្មើនឹង​ជិត​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​ត្រូវ​ខ្វះ​អាហារូបត្ថម្ភ​។​

សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​បាន​បញ្ជាក់ថា ការដាក់ទណ្ឌកម្ម​មិនគួរ​ប៉ះពាល់​ដល់​ជំនួយ​មនុស្សធម៌​នោះទេ​ប៉ុន្តែ​អង្គការ​ជួយសង្គ្រោះ​នានា​បាន​អះអាងថា វិធានការ​ផ្នែក​ពាណិជ្ជកម្ម​និង​ធនាគារ​តឹងរ៉ឹង​កំពុង​បង្កើតជា​ឧបសគ្គ​និង​កាត់បន្ថយ​លំហូរ​នៃ​ការផ្គត់ផ្គង់​ចាំបាច់​។​

យោងតាម​ឯកសារ​ដែល​ត្រូវបាន​មើលឃើញ​ដោយ AFP បាន​បង្ហាញថា សំណើ​មួយ​របស់​អាមេរិក​ដែល​បាន​ដាក់ចេញ​កាលពី​ខែ​មុន​គឺ​នឹង​ផ្តល់​ការណែនាំ​ច្បាស់លាស់​ដល់​អង្គការ​ជំនួយ​និង​រដ្ឋាភិបាល​ដើម្បី​ដាក់​ពាក្យសុំ​ការលើកលែង​ទណ្ឌកម្ម​របស់ UN លើ​ប្រទេស​កូរ៉េខាងជើង​។​

បន្ទាប់ពី​ការចរចា​អស់​រយៈពេល​ជាច្រើន​សប្តាហ៍ គណកម្មាធិការ​ដាក់ទណ្ឌកម្ម​របស់ UN ត្រូវបាន​គេ​រំពឹងថា​នឹង​ផ្តល់​ការអនុម័ត​ចុងក្រោយ​ចំពោះ​គោលការណ៍​ណែនាំ​ថ្មី​នៅ​ថ្ងៃ​ចន្ទ​នេះ​។​

យោងតាម​ឯកសារ​បាន​ឲ្យ​ដឹងថា នៅពេល​អនុម័ត​, សេចក្តីជូនដំណឹង​មួយ​នឹងត្រូវ​បញ្ជូនទៅ​រដ្ឋ​ជា​សមាជិក​ចំនួន​១៩៣​របស់​អង្គការសហប្រជាជាតិ​ដោយ​គណៈកម្មាធិការ​នេះ​ដើម្បី​ផ្តល់​ការពន្យល់​ច្បាស់លាស់​អំពី​យន្ត​ការលើក​លែង​មនុស្សធម៌​របស់ខ្លួន​ដែល​នឹងធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រទេស​កូរ៉េខាងជើង​។​

គួរ​បញ្ជាក់ថា សំណើរ​នេះ​បាន​កើតឡើង​ខណៈដែល​ស​ហ​រដ្ឋ​អាមេរិក​កំពុង​អំពាវនាវ​ឲ្យ​មានការ​ដាក់​សម្ពាធ​អតិបរិមា​ប្រឆាំងនឹង​កូរ៉េខាងជើង​ដើម្បី​បង្ខំ​ឲ្យ​លោក​គីម​ជុង​អ៊ុន​ធ្វើតាម​ការសន្យា​របស់លោក​ក្នុងការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅលើ​ឧបទ្វីប​កូរ៉េ​។​

បន្ទាប់ពី​រុស្ស៊ី​និង​ចិន​បាន​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​កាត់បន្ថយ​ទណ្ឌកម្ម​, ឯកអគ្គរដ្ឋទូត​អាមេរិក​លោកស្រី Nikki Haley បាន​និយាយថា UN មិនគួរ​ធ្វើ​រឿង​អ្វី​ឡើយ​រហូតដល់​កូរ៉េខាងជើង​ចាត់វិធានការ​ដើម្បី​រុះរើ​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់ខ្លួន​។​

កាលពី​ឆ្នាំមុន ក្រុមប្រឹក្សាសន្តិសុខ​បានអនុម័ត​ទណ្ឌកម្ម​ចំនួន​៣​សំណុំ​ដែល​ផ្តោតលើ​សេដ្ឋកិច្ច​របស់​កូរ៉េខាងជើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការសាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦​របស់​ទីក្រុង​ព្យុងយ៉ាង​និង​ការបាញ់​មី​ស៊ី​ល​ជា​បន្តបន្ទាប់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu