ភ្នំពេញ ៖ លោកអ៊ឹម ជីវ៉ា ដែលមហាជនស្គាល់គ្រប់គ្នាជាតារាសម្ដែង និងតែងលេចវត្តមានតាមរយៈសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋជួបការខ្វះខាត និងអ្នកសិល្បៈមានជំងឺ ឬបាត់បង់សមត្ថភាពនោះ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ បានរៀបចំអាហារយកទៅចែកជូនដល់អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(រុស្ស៊ី)។
លោកអ៊ឹម ជីវ៉ា បានប្រាប់ឲ្យដឹងថា ចំពោះការចុះចែកអាហារដល់បងប្អូនអ្នកជំងឺក៏ដូចជាអ្នកដែលមកកំដរចាំមើលថែក្រុមគ្រួសាររបស់ពួកគាត់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្ស៊ីនេះក៏ព្រោះតែមើលឃើញពីការអាណិតដល់ពួកគាត់។ ម្យ៉ាងទៀតតាមរយៈសកម្មភាពនេះក៏ជាផ្នែកមួយដើម្បីចូលរួមចែករំលែកក្តីស្រឡាញ់ និងភាពកក់ក្តៅចំពោះប្រជាពលរដ្ឋខ្មែរផងដែរ។
តារាប្រុសរូបសង្ហាលោក អ៊ឹម ជីវ៉ា បញ្ជាក់ថា អាហារ ដែលក្រុមការងាររបស់ខ្ញុំបានរៀបចំយកមកចែកជូនពួកគាត់នាព្រឹកនេះ មានដូចជា ៖ គុយទាវ ,ទឹកសុទ្ធ ,ទឹកក្រូច និងបង្អែមជាដើម។ លោកថានេះ ពុំមែនទើបជាលើកទីមួយទេ សម្រាប់ខ្ញុំ ព្រោះកន្លងមកមិនថាអ្នកជំងឺមកសម្រាកនៅមន្ទីរពេទ្យរុស្ស៊ីនេះទេ គឺមានបងប្អូនជាច្រើនមកហើយ ដែលខ្ញុំតែងតែចំណាយពេលវេលា ឬថវិកាផ្ទាល់ខ្លួនមួយចំនួនដើម្បីទិញសម្ភារៈឬគ្រឿងបរិភោគចែកជូនដល់ពួកគាត់។
ជាការកត់សម្គាល់តារាសម្តែងលោក អ៊ឹម ជីវ៉ា កន្លងមកថ្វីត្បិតតែមានភាពមមាញឹកលើអាជីពសិល្បៈ ឬ ការងារផ្ទាល់ខ្លួនជាច្រើនក៏ពិតមែន ប៉ុន្តែតារាប្រុសរូបនេះ តែងតែបង្វែរពេលវេលា ដែលនៅទំនេរមួយចំនួនងាកមកធ្វើការងារមនុស្សធម៌ជួយដល់សង្គមជាបន្តបន្ទាប់។ ត្រង់ចំណុចនេះហើយទើបលោក អ៊ឹម ជីវ៉ា នូវតែបន្តរក្សាបានការគាំទ្រ និងប្រជាប្រិយភាពពីសំណាក់មហាជន មិនតែប៉ុណ្ណោះជារឿយៗលោក អ៊ឹម ជីវ៉ា ក៏ទទួលបានការលើកសរសើរចំពោះទឹកចិត្តល្អក្នុងការចែករំលែកក្តីស្រឡាញ់ជួយដល់អ្នកខ្វះខាតផងដែរ៕
Source: Kampuchea Thmey Daily
0 Comments