លទ្ធផល បានបង្ហាញកាលពីព្រឹកថ្ងៃសុក្រថា ប្រធានាធិបតីហ្ស៊ីមបាវ៉េលោក Emmerson Mnangagwa ដែលជាអតីតសម្ព័ន្ធមិត្តរបស់លោក Robert Mugabe គឺបានឈ្នះយ៉ាងប្រផិតប្រផើយសម្រាប់ការបោះឆ្នោតជាប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។ លទ្ធផលនេះបានជំរុញឲ្យមានការចោទប្រកាន់អំពីការលួចបន្លំ។
គណៈកម្មាធិការបោះឆ្នោតហ្សីមបាវ៉េ (ZEC) បាននិយាយថា លោក Mnangagwa ទទួលបានសំឡេង៥០,៨ភាគរយនៃសន្លឹកឆ្នោតនាំមុខលោក Nelson Chamisa នៃគណៈបក្សប្រឆាំង MDC ដែលទទួលបានសំឡេង៤៤,៣ភាគរយ។
ប្រធាន ZEC លោក Priscilla Chigumba បានប្រកាសថា “លោក Emmerson Dambudzo Mnangagwa នៃគណបក្ស ZANU-PF ត្រូវបានប្រកាសយ៉ាងត្រឹមត្រូវថាជាប្រធានាធិបតីនៃសាធារណរដ្ឋហ្ស៊ីមបាវ៉េ”។
លោក Mnangagwa បានទទួលជ័យជំនះយ៉ាងប្រកៀកប្រកិតបំផុតបន្ទាប់ពីត្រូវការសំឡេងឆ្នោតលើសពី៥០ភាគរយដើម្បីទទួលបានជ័យជំនះដោយមិនចាំបាច់មានការបោះឆ្នោតជុំទីពីរ។
ប្រទេសហ្ស៊ីមបាវ៉េត្រូវប្រឈមមុខនឹងប្រតិកម្មជាសាធារណៈចំពោះលទ្ធផលនៃការបោះឆ្នោតនេះបន្ទាប់ពីមានការបង្ក្រាបយ៉ាងសាហាវទៅលើក្រុមអ្នកតវ៉ា។
មនុស្ស៦នាក់ត្រូវបានសម្លាប់កាលពីថ្ងៃពុធនៅពេលដែលទាហានបានបាញ់គ្រាប់ពិតប្រឆាំងនឹងបាតុកររបស់បក្ស MDC ដែលចោទប្រកាន់ថាការបោះឆ្នោតនេះត្រូវបានគេរៀបចំទុកជាមុន។
ទាហាននិងប៉ូលិសបានបោសសម្អាតកណ្តាលទីក្រុង Harare មុនពេលលទ្ធផលបញ្ចេញដោយស្រែកដាក់អ្នកថ្មើរជើងនិងឈ្មួញឲ្យចាកចេញពីតំបន់នេះខណៈគណបក្សប្រឆាំងគឺបក្សចលនាសម្រាប់ការផ្លាស់ប្តូរប្រជាធិបតេយ្យ (MDC) បានចោទប្រកាន់ម្តងហើយម្តងទៀតថាបក្ស ZANU-PF បានលួចការបោះឆ្នោត។
ប៉ូលិសនិងកងទ័ពបានឈរជើងលើផ្លូវនៃទីក្រុង Harare នៅពេលយប់ប៉ុន្តែគ្មានការតវ៉ាណាមួយត្រូវបានគេរាយការណ៍ឡើយហើយមានការប្រារព្ធពិធីជាសាធារណៈមួយចំនួនតូចនៅពេលដែលលទ្ធផលត្រូវបានប្រកាសបន្ទាប់ពីពាក់កណ្ដាលយប់។
គួរបញ្ជាក់ថា អ្នកទៅបោះឆ្នោតមានកម្រិតខ្ពស់ជាង៨០ភាគរយនៅក្នុងខេត្តភាគច្រើនក្នុងចំណោមខេត្តទាំង១០របស់ប្រទេសនេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments