ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានអះអាងថា ខ្លួនមិនអាចបើកការស៊ើបអង្កេតលើករណីប្រធានសមាគមអាដហុកបានទេ ពីព្រោះវាមិនមែនជាអំពើពុករលួយ នេះបើតាមចម្លើយតបអ្នកសារព័ត៌មានកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ និងបានបញ្ជាក់ថា បើលោក ធន់ សារាយ និងភរិយាមិនបានបង់ពន្ធជូនរដ្ឋមែន វាជាបទល្មើសស្ថិតក្នុងសមត្ថកិច្ចអគ្គនាយកដ្ឋានពន្ធដារ។
តាមចម្លើយតមអ្នកសារព័ត៌មាន ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ផ្សព្វផ្សាយនៅលើបណ្តាញព័ត៌មានរបស់ខ្លួនបានបញ្ជាក់ថា យើងបានទទួលពាក្យប្តឹង (ពីបុគ្គល ធ្វើការនៅ NGO) ថា ប្តីប្រពន្ធលោក ធន់ សារាយ បានប្រព្រឹត្តពុករលួយ ដោយមិនបង់ប្រាក់ពន្ធថ្លៃជួលផ្ទះ (ពន្ធកាត់ទុក) (ពាក្យប្តឹងថ្ងៃទី១៩-៦- ២០១៨)។ ដើម្បីមានមូលដ្ឋានអោយអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតបាន ឬអត់នោះ អង្គភាពប្រឆាំងអំពើពុករលួយបើកការស្រាវជ្រាវប្រមូលព័ត៌មានហើយព័ត៌មាន ឯកសារ ភស្តុតាង ដែលយើងប្រមូលបាន បង្ហាញថា ទី១- នេះមិនមែនជាករណីពុករលួយទេ ពីព្រោះលោក ធន់ សារាយ មិនបានសូក អ្នកណា ហើយមន្ត្រីពន្ធដារ មិនបានទារសំណូក ឬទារប្រាក់អ្វីបន្ថែមអ្វីដែរ។ ប្រសិនបើអ្នកទាំង២ប្តីប្រពន្ធមិនបានបង់ពន្ធមែន វាជាបទល្មើសស្ថិតក្នុងដែនសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានពន្ធដារ មិនស្ថិតក្នុងសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយទេ។
ទី២- អ្នកទាំងពីរពិតជាបានជួលផ្ទះរបស់ខ្លួនអោយទៅអង្គការរបស់ខ្លួនមែន ហើយបានបង់ពន្ធកាត់ទុកគ្រប់ចំនួន នេះបើយោងតាមប្រពន្ធកុំព្យូទ័រពីថ្ងៃ ទី១-១-២០១៦ មក។ ដូច្នេះមូលដ្ឋាន២ខាងលើនេះ មិនអាចអោយអង្គភាពប្រឆាំងអំពើពុករលួយអាចបើកការស៊ើបអង្កេត តាមពាក្យប្តឹងនេះបានទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា (ACU) បានចេញផ្សាយថា បានទទួលពាក្យបណ្តឹងមួយ ដោយចោទប្រកាន់ប្រធានសមាគមអាដហុក និងភរិយាថា គេចវេសមិនព្រមបង់ពន្ធថ្លៃឈ្នួលផ្ទះជូនរដ្ឋ កាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៦ ហើយកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានពន្ធដារ បានចេញមុខច្រានចោលព័ត៌មានដែលថា អគ្គនាយកដ្ឋានពន្ធដារ ប្តឹងលោក ធន់ សារាយ និងភរិយា ទៅអង្គភាពប្រឆាំងអំពើពុករលួយករណីប្រធានសមាគមអាដហុក (ADHOC) ដែលផ្សាយដោយវិទ្យុអាស៊ីសេរី ពីក្រៅប្រទេស៕
Source: Kampuchea Thmey Daily
0 Comments