Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​ការពារ ម៉េង កែវពេជ្ជតា ក្រោយ​មានការ​កាត់ត​វីដេអូ​រិះគន់​ថា​មើលងាយ​ប្រជាជន​ខ្មែរ



ភ្នំពេញ ​៖ ​ស្រប​ពេលដែល​ថ្មីៗ​នេះ ​មានការ​លើកឡើង​ និង​រិះគន់​មិន​សំចៃមាត់​មក​លើ​តារាចម្រៀង​សំឡេង​ពីរោះ​រណ្ដំ​ចិត្ត​អ្នកនាង ម៉េង កែវពេជ្ជតា ពី​សំណាក់​ក្រុម​សកម្មជន​របស់​អតីត​គណបក្សប្រឆាំង​តាមរយៈ​ការ​កាត់ត​វីដេអូ​អំឡុង​ពេល​នាង​កំពុង Live ដោយ​យក​ទៅ​ធ្វើជា​ប្រធានបទ​លើក​ការ​ចោទប្រកាន់ថា ​អ្នកចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា បាន​ប្រើ​សម្តី​មើលងាយ​និង​ប្រមាថ​ប្រជាជន​ខ្មែរ​នោះ ​ពេលនេះ​ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​ការពារ​ និង​ចាត់ទុកថា​ជា​ការ​បង្កើត​រឿង​ដើម្បី​ធ្វើ​ឲ្យ​ខ្មែរ​ស្អប់​ខ្មែរ​គ្នាឯង។

ថ្លែង​នាឱកាស​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​កម្មករ​-​កម្មការិនី​មកពី​តាម​រោងចក្រ​សហគ្រាស​នានា​នៅ​ម្តុំ​លូ​ប្រាំ ស្ថិតក្នុង​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​០២​ខែសីហា ឆ្នាំ​២០១៨ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ​«រឿងនេះ​ខ្ញុំ​បាន​មើល​ដោយ​ពិតប្រាកដ​វា​មិន​គួរ​កើត​ទេ​រឿង​ហ្នឹង គ្រាន់តែ​តារាចម្រៀង​ម្នាក់​ដែល​ល្បីឈ្មោះ​(​ម៉េង កែវពេជ្ជតា​) …​ពេលដែល​កូន​Live​នៅតាម​ហ្វេ​ស​ប៊ុ​ក​នោះ​ ពុក​មើល​ផ្ទាល់​តែម្តង​..​មើល​ផ្ទាល់​…»។

សម្តេច​បាន​មានប្រសាសន៍​ទៀតថា​ «ពេល​ហ្នឹង​គ្នា​ទើប​មកពី​ហែ​គណបក្ស​នៅឯ​ខត្ត​ត្បូងឃ្មុំ​…​មកដល់​ផ្ទះ​ឡាយ​វីដេអូ ក្នុងពេលដែល​ពាក់អាវ​គណបក្ស ហើយ​មាន​ក្រមា​បង់ក និង​មាន​ទាំង​ស្លាក​គណបក្ស​ទៀត​…​ឥឡូវនេះ គេ​កាត់ត​ការ​Live​នោះ​ទៅជា​រឿង​ថា ម៉េង កែវពេជ្ជតា មើលងាយ​ប្រជាជន​ខ្មែរ​ថា​ល្ងង់​ថា​ក្រ ក៏ប៉ុន្តែ​បើ​ឃ្លី​ប​នោះ គឺ​ខ្ញុំ​តាមដាន​មើល​ដឹង ព្រោះ​ថ្ងៃនោះ គឺជា​ថ្ងៃ​បិទ​យុទ្ធនាការ ព្រោះ​មុននឹង​ទៅ​ហាត់​ប្រាណ ខ្ញុំ​បាន​មើល​ការ​ឡាយ​ផ្ទាល់​…​វា​ចូលមក​ជេរៗ​បង្ហិនបង្ហោច​តែម្ដង​តែ ម៉េង កែវពេជ្ជតា បាន​និយាយ​ទៅវិញ​ថា​និយាយ​បែប​ហ្នឹង​មិនមែន​ឆ្កួត​ទេ​ល្ងង់​…​បានសេចក្តីថា​ឆ្កួត​ក៏​មិន​ឆ្កួត មិនមែន​ជាការ​ឆ្កួត​ទេ​គឺ​ល្ងង់​តែម្តង​…»។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​លើកឡើង​ទៀតថា​ «វា​យកទៅ​កាត់ត​ភ្លាមៗ​បង្កើតបានជា​រឿង​ថ្មី​មួយទៀត​ធ្វើ​ឲ្យ​គេ​ស្អប់​មកលើ​សិល្បករ​-​សិល្បការិនី​របស់​យើង គ្រាន់តែ​រឿង​ប៉ុណ្ណឹង​វា​អាចបង្កើត​ទៅជា​ព្រឹត្តិការណ៍​មួយ​ធ្វើ​ឲ្យ​អាប់ឱន​កិត្តិយស​អ្នក​សិល្បៈ​….​គ្រាន់តែ​សិល្បករ​-​សិល្បការិនី​ប្រើ​សិទ្ធិ​ខាង​នយោបាយ​….​អ្នកណា​គាំទ្រ​ខាងគេ គេ​ថា​ស្នេហា​ជាតិ អ្នកគាំទ្រ​គណបក្ស​ប្រជាជន​គេ​ថា​ក្បត់ជាតិ​ទាំងអស់»។

​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​បញ្ជាក់ទៀតថា «ប្រយ័ត្ន​ក្មួយៗ​អ្នក​ដែល​មិនបាន​ដឹង​រឿង​ទៅ​ជឿ​ឃ្លី​ប​វីដេអូ​ដែល​គេ​កាត់​ថា ម៉េង កែវពេជ្ជតា មើលងាយ​ប្រជាជន​ខ្មែរ​ថា​ល្ងង់ ថា​ក្រ ត្រូវយក​ឃ្លី​ប​ដើម​យកមក​ចូលមក​ជេរ​តែម្ដង​ដល់​ឯណេះ​ក៏​ប្រើ​សិទ្ធិ​តបត​នៅក្នុង​ការពន្យល់​ត្រឡប់​ទៅវិញ​អំពី​សិទ្ធិ​នយោបាយ ហើយក៏​មានប្រើ​ពាក្យ​ថា មិនមែន​ឆ្កួត​ទេ គឺ​ល្ងង់ តែ​មិនមែន​ចោទ​ទៅលើ​ប្រជាជន​កម្ពុជា​ល្ងង់​ទេ​គឺ​ចោទ​ទៅលើ​មួយក្រុម​ហ្នឹង​..​ដែលមាន​មនុស្ស​ល្ងង់​ធន់ៗ​ហ្នឹង​…​។​នេះ​ក៏​សូម​យក​ពេល​ហ្នឹង​បញ្ជាក់​រឿង​ហ្នឹង​ព្រោះ​គណបក្ស​ប្រជាជន​ក៏ត្រូវ​មានការ​ទទួលខុសត្រូវ​ចំពោះ​សមាជិក សមាជិកា​និង​អ្នកគាំទ្រ​របស់ខ្លួន​ដែរ មិនត្រូវ​ទុក​ឲ្យ​គេ​ប្រមាថ​ឡើយ»។

សូម​បញ្ជាក់​ថា​ កំពូល​តារាចម្រៀង​មនោសញ្ចេតនា​អ្នកនាង​ម៉េង កែវពេជ្ជតា​ កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ត្រូវ​បាន​ក្រុម​អ្នកគាំទ្រ​គណបក្សប្រឆាំង​ និង​បុគ្គល​ខិលខូច​មួយចំនួន​តូច​ បាន​ធ្វើ​ការ​កាត់ត​វីដេអូ​របស់​នាង​យក​ទៅ​ធ្វើការ​រិះគន់​ និង​ជេរប្រមាថ​ធ្ងន់ធ្ងរ​នាំ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​កិត្តិយស​ និង​សេចក្តី​ថ្លៃថ្នូរ។ មិនតែប៉ុណ្ណោះ​ក៏​មាន​ខ្លះទៀត​ បាន​ឆ្លៀត​យក​បញ្ហា​នេះ​ទៅ​ភ្ជាប់​នឹង​រឿង​សិល្បៈ​ដែល​ធ្វើ​ឲ្យ​មហាជន​មួយចំនួន​មានការ​យល់​ច្រឡំ​មក​លើ​រូប​នាង​ផង​ដែរ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu