Ad Code

សត្វ​គោ​ ក្របី​ ចំនួន​២៣១​ក្បាល ​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង



ត្បូងឃ្មុំ ​៖ ​ដើម្បី​ការពារ​ជាមុន​នូវ​ជំងឺឆ្លង​ផ្សេងៗ​ក្រុមការងារ​គ្រូពេទ្យ ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ ​បាន​ចុះ​ចាក់​វ៉ាក់សាំង​សត្វ​គោ ក្របី ជូន​ប្រជាពលរដ្ឋ​ដែល​ជម្លៀស​មក​រស់នៅ​ទួល​សុវត្ថិភាព​ក្នុងភូមិ​ទួល​វិហារ ឃុំ​ជីរោទិ៍​២ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ បាន​ចំនួន ២៣១​ក្បាល ក្នុង​នោះ​សត្វ​គោ​ចំនួន​១២៥​ក្បាល និង​ក្របី​ចំនួន​១០៦ ក្បាល។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម ណៅ ធួ​ក រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ។

លោក​ណៅ ធួ​ក មានប្រសាសន៍​លើក​ឡើង​ថា នេះ​គឺជា​យុទ្ធនាការ​មួយ​ដើម្បី​ការពារ និង​ទប់​ជំងឺ​ឆ្លង​ផ្សេង​ដល់​សត្វ​គោ ក្របី របស់​បងប្អូន​ប្រជាពលរដ្ឋ ពីព្រោះ​រដូវ​ទឹក​ឡើង និង​ទឹក​ស្រក​ទៅវិញ​វា​ងាយ នឹង​កើត​ជំងឺ​ឆ្លង។ ជាមួយនឹង​ការ​លើក​ឡើង​បែបនេះ លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​សហការ​ជាមួយ​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​ ដោយ​ត្រូវ​រាយការណ៍​ជាបន្ទាន់​នៅពេល​សត្វពាហនៈ​កើតមាន​ជំងឺ​ដើម្បី​ក្រុមការងារ​ចុះ​មក​ពិនិត្យ និង​ព្យាបាល​ជូន ក្នុង​នោះ​ក៏​ត្រូវ​រស់នៅ​ប្រុងប្រយ័ត្ន និង​មាន​អនាម័យ​ខ្ពស់​ផង​ដែរ។

លោក រី ដា​វិ​ន ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា ​ប្រតិបត្តិការ​ចុះ​ចាក់​វ៉ាក់សាំង​នេះ ​គឺ​ដើម្បី​ទប់ស្កាត់​ការពារ​ជំងឹ​ អ៊ុត​ក្តាម ក្នុងស្រុក​គោលដៅ​ចំនួន​៣​គឺ​ស្រុក​ក្រូចឆ្មារ ស្រុក​ត្បូងឃ្មុំ និង​ស្រុក​អូ​រាំង​ឪ ដោយ​ស្រុក​នីមួយៗ​មាន​ក្រុមការងារ​ប្រចាំការ​ទទួលខុសត្រូវ​ដាច់​ពីគ្នា។

លោក​បន្តថា នេះ​ជា​ផែន​ការដែល​ការិយាល័យ​បានរៀបចំ ព្រោះ​ពេល​មាន​ទឹកជំនន់​កើតឡើង​ចាប់ពី​ពេល​ទឹក​ឡើង​ហើយ​ស្រក​ទៅវិញ​គឺមាន​មេរោគ​មួយចំនួន​លើដី ឬ​វាលស្មៅ​ដូច្នេះហើយ​ទើប​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​សត្វ​គោ ក្របី ជូន​ប្រជាពលរដ្ឋ​ជាមុន​ឲ្យ​ហើយ។ ក្រៅពី​ការងារ​នេះ​ក៏មាន​ការងារ​សង្គ្រោះបន្ទាន់​នៅពេល​សត្វពាហនៈ​ពួកគាត់​ឈឺ​ដោយ​ក្រុមការងារ​បាន​ត្រៀម​ថ្នាំ​ព្យាបាល​ភ្លាមៗ​ដោយ​មិន​គិត​ប្រាក់​ផងដែរ។

សូមជម្រាបថា គិត​មកដល់​ថ្ងៃទី​៣ ខែសីហា នេះ​ទឹកទន្លេ​មេគង្គ​នៅតែ​បន្ត​ឡើង​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ត្បូងឃ្មុំ​ដោយមាន​កម្ពស់​១៥,១២ ម៉ែត្រ បើ​ប្រៀប​ថ្ងៃ​ម្សិលមិញ​ខ្ពស់ជាង ០,១០​ម៉ែត្រ ខណៈ​ទឹក​ត្រូវ​ប្រកាសអាសន្ន​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​កម្ពស់ ១៥,២០ ម៉ែត្រ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu