Ad Code

លោក ត្រាំ ទទួល​លិខិត​ថ្មី​ពី​លោក គីម



សេត​វិមាន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​ បានទទួល​លិខិត​ថ្មី​ពី​មេដឹកនាំ​ផ្តាច់ការ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​ ប៉ុន្តែ​មិន​បង្ហាញ​ពី​ខ្លឹមសារ​របស់​វា​ទេ។

ខណៈ​ដែល​មាន​សញ្ញា​ជា​សាធារណៈ​តិចតួច​អំពី​វឌ្ឍនភាព​ឆ្ពោះ​ទៅរក​គោលបំណង​រប​ស់​លោក​ត្រាំ​ចំពោះ​ការ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​នោះ សេត​វិមាន​បាន​និយាយ​ថា លិខិត​នេះ​បាន​កើតឡើង​ បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​របស់​អ្នក​ទាំងពីរ​កាលពី​ថ្ងៃទី​១២​ខែមិថុនា។

អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Sarah Sanders បាន​និយាយថា “​លិខិត​មួយ​ដែល​ផ្ញើជូន​លោក​ប្រធានាធិបតី ត្រាំ ពី​លោក​ប្រធាន គីម គឺ​ត្រូវ​បានទទួល​នៅ​ថ្ងៃទី​១​ខែសីហា​។ ការឆ្លើយ​ឆ្លង គ្នា​រវាង​មេដឹកនាំ​ទាំងពីរ​បាន​បន្ត​ក្រោយ​កិច្ចប្រជុំ​របស់​ពួកគេ​នៅ​ប្រទេស​សិង្ហ​បុរី​និង​ជំរុញ​ការសន្យា​ដែល​បាន​ធ្វើឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង​”​។​

លោកស្រី Sanders បាន​ថ្លែងថា មានការ​ឆ្លើយតប​ទៅវិញ​។​
​លោក ត្រាំ បាន​និយាយ​អំពី​លិខិត​នេះ​នៅ​ក្នុងការ​បង្ហោះ Twitter នាពេល​យប់​ជ្រៅ​ដោយ​ថ្លែងអំណរគុណ​ដល់​លោក​គីម​សម្រាប់​ការប្រគល់​នៅ​សប្តាហ៍​នេះ​នៃ​អដ្ឋិធាតុ​ទាហាន​អាមេរិក​រាប់សិប​នាក់​ដែល​ស្លាប់​ក្នុងអំឡុង​សង្គ្រាម​កូរ៉េ​។​

លោក ត្រាំ បាន​និយាយថា “​សូម​អរគុណ​ដល់​លោក​ប្រធាន គីម ជុង​អ៊ុន ដែល​បាន​រក្សា​ពាក្យសំដី​របស់​អ្នក​ហើយ​ចាប់ផ្តើម​ដំណើរការ​បញ្ជូនមក​ផ្ទះ​វិញ​នូវ​ទាហាន​ដ៏​អស្ចារ្យ​និង​ជាទី​ស្រឡាញ់​របស់​យើង​។ សូម​អរគុណ​ផងដែរ​ចំពោះ​សំបុត្រ​ដ៏​ល្អ​របស់​អ្នក​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ជួប​អ្នក​ក្នុងពេល​ឆាប់ៗ​នេះ​! ”​។​

បន្ទាប់មក​សេត​វិមាន​បាន​បក​ស្រាក​អំពី​ការលើកឡើង​របស់លោក​ត្រាំ​អំពី​កិច្ចប្រជុំ​មួយ​។ លោកស្រី Sanders បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​គ្មាន​ការប្រជុំ​ណាមួយ​ត្រូវបាន​គ្រោងទុក​ទេ​”​។​

លោកស្រី​និយាយថា “​មិនមាន​កិច្ចប្រជុំ​ជា​លើក​ទី​ពីរ​កំពុង​ត្រូវបាន​ពិចារណា​ឬ​រៀបចំ​នោះទេ​។ ច្បាស់​ណាស់ មានការ​បើកចំហ​ចំពោះ​ការពិភាក្សា​ប៉ុន្តែ​មិនមាន​កិច្ចប្រជុំ​ដែល​បាន​គ្រោងទុក ទេ​”៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu