សមត្ថកិច្ច រឹបអូសសត្វព្រៃ ដែលដាក់តាំងលក់ក្នុងបរិវេណព្រះអង្គចេកព្រះអង្គចម ទៅព្រលែង
សៀមរាប ៖ សត្វព្រៃនៅមានជីវិតចំនួន៦ប្រភេទ ដែលព្រានចាប់យកមកដាក់តាំងលក់នៅក្នុងបរិវេណព្រះអង្គចេកព្រះអង្គចម រាប់ឆ្នាំមកហើយនោះ សមត្ថកិច្ចកាលពីថ្ងៃទី២ ខែសីហានេះ បានចុះទៅរឹបអូសយកទៅព្រលែងចូលព្រៃវិញ។
សមត្ថកិច្ចបានឲ្យដឹងថា សត្វ ដែលដកហូតរួមមាន ៖ លលកទ្រាំងរស់៣ ក្បាល,លលកបាយរស់១៥ក្បាល,សារិកាកែវរស់១២ក្បាល,គ្រលីងគ្រលោងរស់១ល្បាល,ស្ទាំងលលករស់១ក្បាល និងអណ្តើកស្រែរស់៩ក្បាល។ សត្វទាំងនេះ បានយកទៅព្រលែងក្នុងព្រៃរមណីយដ្ឋានអង្គរចំណុចរហាត់ទឹក។
ប្រភពបន្តថា ក្នុងការដកហូតនេះ គឺសំដៅលើសត្វកម្រ និងសត្វជើង៤ប៉ុណ្ណោះ ហើយក៏មានសត្វស្លាបខ្លះមិនដកហូតដែរ ដូចជាសត្វចាបជាដើម។ តែក្រោយពេលដកហូតសមត្ថកិច្ចក៏បានធ្វើកិច្ចសន្យាដល់ម្ចាស់សត្វចំនួនពីរនាក់ផងដែរ ឲ្យបញ្ឈប់ការទិញលក់សត្វព្រៃប្រភេទហាមឃាត់នេះ តែមិនទាន់ដល់កម្រិតផាកពិន័យនោះទេ ដោយសារតែទីតាំងលក់នោះជាកន្លែងទីសការៈ។ ចំណែកសត្វចាបប្រសិនបើលក់ក្នុងលក្ខណៈទ្រង់ទ្រាយធំ ក៏អាចដកហូតដែរ។
ប្រភពបន្តថា ចំណុចដែលអនុញាតឲ្យលក់សត្វចាប់បានខ្លះៗ ក៏ព្រោះពិនិត្យឃើញថា ពលរដ្ឋខ្មែរភាគច្រើន និងអាចមានបរទេសខ្លះផងនៅមានទម្លាប់គោរពបូជាអបិយជំនឿ ព្រលែងសត្វដែលជាប់ទ្រុង ស្មើនឹងរំដោះគ្រោះខ្លួនឯងរួចផុតពីចង្រៃទាំងឡាយ ដែលយាយីក្នុងខ្សែជីវិត។
ម្យ៉ាងវិញទៀត ប្រភេទសត្វចាប គ្រប់អ្នកទិញតែងតែទិញហើយព្រលែងភ្លាមៗវិញតែម្តង។ ប៉ុន្តែ មិនមានការឈរចាំទិញលក់លក្ខណៈជាថៅកែដូចមតិរិះគន់នោះឡើយ។ ដោយឡែកមហាជនបានរិះគន់ថា នៅតាមហាងផឹកស៊ីម្តុំផ្លូវ៦០ម៉ែត្រមានលក់សត្វព្រៃគ្រប់ប្រភេទ តែបែរជាសមត្ថកិច្ចជំនាញមិនដែលចុះបង្ក្រាបសោះឡើយ។ គេដាក់ការសង្ស័យថាសមត្ថកិច្ចជំនាញក្នុងខេត្តអាចត្រូវថ្នាំសណ្តំ៕
Source: Kampuchea Thmey Daily
0 Comments