ប្រទេសហ្វីលីពីន នឹងមិនបញ្ឈប់ការទិញអាវុធពីទីក្រុងមូស្គូឡើយ បើទោះបីជាមានការដាក់សម្ពាធពីសហរដ្ឋអាមេរិកក៏ដោយ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះដើម្បីជាការឆ្លើយតបទៅនឹងរបាយការណ៍ដែលថា ក្រុងវ៉ាស៊ីនតោនអាចដាក់ទណ្ឌកម្មសម្រាប់កិច្ចព្រមព្រៀងអាវុធជាមួយប្រទេសរុស្ស៊ី។
លោក Alan Peter Cayetano បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងប្រទេសសិង្ហបុរីអំឡុងកិច្ចប្រជុំរបស់គាត់ជាមួយសមភាគីរុស្ស៊ីលោក Sergey Lavrov ថា “ខ្ញុំមិនគិតថា យើងនឹងបោះបង់វាទេ”។
លោកសង្កត់ធ្ងន់ថា “វាពិតជាការសាកល្បងនៃការប្តេជ្ញាចិត្តរបស់យើងចំពោះគោលនយោបាយការបរទេសឯករាជ្យ។ ខ្ញុំមិនយល់ថា យើងស្ទាក់ស្ទើពីរឿងនេះទេ”។
ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកយោធាមួយកាលពីឆ្នាំមុនហើយប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានត្រួតពិនិត្យដោយផ្ទាល់នូវការផ្ទេរកាំភ្លើងវែង Kalashnikov ចំនួន៥,០០០ដើមដែលបរិច្ចាគដោយក្រុងមូស្គូ។
ប្រទេសប៉ាស៊ីហ្វិកភាគខាងត្បូងមួយនេះត្រូវការអាវុធថ្មីដើម្បីប្រយុទ្ធប្រឆាំងនឹងការបះបោររបស់ពួកឧទ្ទាមឥស្លាមនិងការកើនឡើងនៃអំពើភេរវកម្មក្នុងស្រុក។
កាលពីពីរឆ្នាំមុន សហរដ្ឋអាមេរិកបានលុបចោលការដឹកជញ្ជូនកាំភ្លើងជាង២៥,០០០ដើមទៅកាន់ទីក្រុងម៉ានីលដោយលើកឡើងពីការរំលោភសិទ្ធិមនុស្សហើយប្រទេសនេះបានចាប់ផ្តើមស្វែងរកទីផ្សារថ្មីៗ។
យោងតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា, ក្រៅពីកាំភ្លើង រុស្ស៊ីនឹងបញ្ជូនកាំភ្លើងបាញ់រថក្រោះនិងរថយន្ដយោធាទៅកាន់ប្រទេសហ្វីលីពីនផងដែរ។ រដ្ឋាភិបាលក៏កំពុងស្វែងរកជម្រើសទិញរថពាសដែក ទូកល្បាត នាវាមុជទឹកនិងឧទ្ធម្ភាគចក្ររបស់រុស្ស៊ីផងដែរ។
ប្រទេសផ្សេងទៀតដែលបង្ហាញពីចំណាប់អារម្មណ៍ក្នុងការទិញអាវុធរុស្ស៊ីត្រូវបានសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនព្រមានប្រឆាំងនឹងទង្វើបែបនេះហើយថែមទាំងគំរាមកំហែងផងដែរ។
អ្នកនយោបាយអាមេរិកបានព្យាយាមដាក់សម្ពាធលើសម្ព័ន្ធមិត្តរបស់អង្គការ NATO គឺប្រទេសទួរគីឲ្យបោះបង់ចោលផែនការដើម្បីទទួលបានប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 របស់រុស្ស៊ីនិងលើកឡើងពីកិច្ចព្រមព្រៀងនេះថាជាហេតុផលមួយក្នុងចំណោមហេតុផលមួយចំនួនដើម្បីរារាំងការលក់យន្តហោះចម្បាំងរបស់អាមេរិកទៅឲ្យទីក្រុងអង់ក្រឡា៕ RT
Source: Kampuchea Thmey Daily
0 Comments