ភ្នំពេញ ៖ ខណៈដែលបណ្តាហាងអាជីវកម្មរបស់ខ្លួនទទួលបានការគាំទ្រយ៉ាងធំធេងពីភ្ញៀវជាតិនិងអន្តរជាតិក្រុមហ៊ុនអាល់មិនគ្រុប កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារវីង(ខេមបូឌា)លីមីតធីត ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ទូទាត់ដោយមិនប្រើសាច់ប្រាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ភាពជាដៃគូនេះនឹងនាំមកនូវការដាក់ឲ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់តាមអនឡាញ និងស្គេនកូដQRដែលហៅថា”WingPay” និងការទទួលទូទាត់តាមរយៈកម្មវិធីទូទាត់ប្រាក់លើទូរសព្ទ័ដៃធំៗចំនួនពីររបស់ប្រទេសចិនគឺ”Ali Pay “ និង” We Chat Pay” ដែលផ្តល់ជូនដោយវីង នៅបណ្តាហាងរបស់ក្រុមហ៊ុនអាល់មិនគ្រុប១៧កន្លែងនៅកម្ពុជា។
លោក លូ ម៉េង អគ្គនាយកក្រុមហ៊ុនអាល់មិនគ្រុប បានបញ្ជាក់ថា អតិថិជនតែងតែធ្វើការសួរនាំទៅកាន់ក្រុមការងាររបស់លោក ដើម្បីដឹងថាពួកគាត់អាចធ្វើការទូទាត់ប្រាក់ដោយស្គេនកូដQRកម្មវិធីAli Pay ឬ We Chat Payបានដែរឬទេ។ដោយមើលឃើញមានសំនើរជាច្រើនពីអតិថិជន ក្រុមហ៊ុនអាល់មិនគ្រុបក៏សម្រេចចិត្តជ្រើសរើសយកវីង ជាដៃគូសហការដើម្បីផ្តល់សេវាកម្មនេះដោយហេតុថា ក្រុមហ៊ុនបានមើលឃើញនូវបទពិសោធន៍ជាច្រើនឆ្នាំរបស់ធនាគារមួយនេះក្នុងការផ្តល់សេវាទូទាត់ដោយមិនប្រើសាច់ប្រាក់នៅក្នុងប្រទេសកម្ពុជា។លោក ម៉េងបានបន្តថា វាគឺជាការតាំងចិត្តរបស់ក្រុមហ៊ុនអាល់មិនគ្រុប ក្នុងការផ្តល់ជូននូវសេវាកម្មដែលប្រកបដោយភាពច្នៃប្រឌិត ដោយរួមបញ្ចូលចាប់ពីសេវាកម្មម្ហូបអាហារ និងបដិសណ្ឋារកិច្ច រហូតដល់បទពិសោធន៍នៃការទូទាត់ប្រាក់ដែលរហ័ស ងាយស្រួលនិងមានសុវត្ថិភាព។បន្ទាប់ពីការដាក់ឲ្យប្រើប្រាស់នូវសេវាកម្មនេះ យើងសង្ឃឹមថានឹងទទួលបានលទ្ធផលជាវិជ្ជមានពីអតិថិជន ជាពិសេសភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់ដែលមកលេងព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង បានប្រាប់ឲ្យដឹងថាវីងយល់ច្បាស់ពីតំរូវការរបស់ដៃគូអាជីវកម្មរបស់ខ្លួន ក្នុងការផ្តល់ជូនអតិថិជននូវបទពិសោធន៍ទូទាត់ដោយមិនប្រើសាច់ប្រាក់នៅកម្ពុជា ។ការដាក់ឲ្យប្រើប្រាស់នូវសេវាកម្ម”WingPay, “ Ali Pay និង We Chat Pay”នឹងឆ្លើយតបតំរូវការនេះនិងបង្ហាញប្រាប់ពិភពលោកឲ្យបានដឹងថាប្រទេសកម្ពុជាកំពុងខិតកាន់តែជិត និងក្លាយជាសង្គមមួយដែលមានប្រពន្ធ័អេកូនៃការទូទាត់ដោយមិនប្រើសាច់ប្រាក់។
លោក ម៉ាឡូឡូស បន្តថា ជាផ្នែកមួយនៃប្រពន្ធ័ប្រមូលសាច់ប្រាក់ប្រកបដោយភាពច្នៃប្រឌិត អតិថិជនដែលមានកម្មវិធីស្មាតហ្វូនវីង កម្មវិធីAli Payឬកម្មវិធីWeChat អាចប្រើទូរសព្ទ័របស់ពួកគាត់ដើម្បីស្គេនកូដQR នៅបណ្តាហាងរបស់ក្រុមហ៊ុនអាល់មិនគ្រុប ដើម្បីធ្វើការទូទាត់ប្រាក់ដោយចំណាយពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។
Wing Pay ជាសេវាទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់របស់វីង ដែលធ្វើឡើងដោយស្គេនកូដQR ។វាជាមុខងារមួយក្នុងចំណោមមុខងារដែលមានអត្ថប្រយោជន៍ជាច្រើននៅលើកម្មវិធីស្មាតហ្វូនវីង ដែលអនុញ្ញាតឲ្យអតិថិជនអាចធ្វើប្រតិបត្តិការទូទាត់ប្រាក់ជាច្រើនដោយគ្រាន់តែចុចលើទូរសព្ទ័របស់ពួកគេ ។លើសពីនេះទៀត កម្មវិធីស្មាតហ្វូនវីងអនុញ្ញាតឲ្យអតិថិជនធ្វើប្រតិបត្តិការដូចជាបង់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរសព្ទ័ ផ្ទេរប្រាក់ ទិញទំនិញតាមអនឡាញជាដើម៕
Source: Kampuchea Thmey Daily
0 Comments