យោធារុស្ស៊ីបាននិយាយថា កងកម្លាំងរដ្ឋាភិបាលស៊ីរីនិងក្រុមសកម្មប្រយុទ្ធដែលបានសម្រេចចិត្តគាំទ្រពួកគេ គឺបានទទួលជោគជ័យក្នុងការកម្ចាត់បក្ខពួកជីហាដនិយមដែលនៅសេសសល់ក្នុងភាគនិរតីនៃប្រទេសស៊ីរី។
លោកឧត្ដមសេនីយ៍ឯក Sergey Rudskoy ប្រធានប្រតិបត្តិការនៃអគ្គសេនាធិការរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា តំបន់ As-Suwayda, Daraa និង Quneitra ត្រូវបានរឹបអូសទាំងស្រុងដោយកងកម្លាំងរដ្ឋាភិបាលស៊ីរី។ លោកបានហៅប្រតិបត្ដិការដែលកើតឡើងអស់រយៈពេលមួយខែមកហើយនេះថា “តែមួយ” ដោយប្រកាសថា ចំណុចចុងក្រោយនៃការតស៊ូរបស់ក្រុមភេរវកម្មរដ្ឋឥស្លាមនៅក្នុងតំបន់ Quneitra ត្រូវបានលុកលុយ។ អ្នកប្រយុទ្ធឥស្លាមនិយមជាង១៦០នាក់ត្រូវបានចាប់ជាចំណាប់ខ្មាំង។
ជ័យជំនះនេះបានកើតឡើងបន្ទាប់ពីក្រុមប្រដាប់អាវុធជាច្រើននៅក្នុងតំបន់នេះបានសម្រេចចិត្តឈប់ប្រយុទ្ធនឹងរដ្ឋាភិបាលក្រុងដាម៉ាសហើយចូលរួមជាមួយកងទ័ពរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងពួកជីហាដរ៉ាឌីកាល់។ ក្រុមប្រដាប់អាវុធបានសម្រេចចិត្តបែបនេះបន្ទាប់ពីត្រូវបានបញ្ចុះបញ្ចូលដោយសំណើលើកលែងទោសរបស់ប្រទេសរុស្ស៊ី។
ក្រុមផ្សេងទៀតក៏ត្រូវបានផ្តល់ជម្រើសផងដែរ។
លោក Rudskoy បាននិយាយថា “ពួកសកម្មប្រយុទ្ធត្រូវបានផ្តល់ជម្រើសឲ្យទទួលបានការលើកលែងទោសហើយត្រឡប់ទៅរកជីវិតដោយសន្តិភាពឡើងវិញឬនាំយកក្រុមគ្រួសាររបស់ពួកគេហើយធ្វើដំណើរទៅតំបន់ Idlib។ ភាគច្រើននៃសមាជិកក្រុមប្រដាប់អាវុធបានជ្រើសរើសយកការស្នាក់នៅក្នុងភូមិនិងទីប្រជុំជនរបស់ពួកគេ”។
លោក Rudskoy បាននិយាយទៀតថា មនុស្សជិត១ម៉ឺននាក់ត្រូវបានគេផ្តល់ឲ្យនូវការធ្វើដំណើរដោយសេរីទៅតំបន់ Idlib រួមទាំងអ្នកប្រយុទ្ធជិត៤,៣០០នាក់ផងដែរ។ ក្រុមបះបោរបានចុះចាញ់ដោយប្រគល់រថក្រោះចំនួន៣៩គ្រឿង រថពាសដែក២៩គ្រឿង កាំភ្លើងបាញ់យន្តហោះ៣៥ដើម ជើងទម្របាញ់រ៉ុក្កែតចំនួន១៧និងយានយន្តរាប់សិបគ្រឿងទៀត។
លោក Rudskoy បានបញ្ជាក់ថា ការរីកចម្រើននេះក៏អនុញ្ញាតឲ្យក្រុមអ្នកសង្កេតការណ៍អន្តរជាតិដែលដកចេញកាលពីឆ្នាំ២០១២វិលត្រឡប់ទៅកាន់ព្រំដែនរវាងស៊ីរីនិងតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែលវិញផងដែរ។
ក្រុមឃ្លាំមើលរបស់អង្គការសហប្រជាជាតិ ត្រូវបានផ្តល់ការការពារដោយយោធារុស្ស៊ីដើម្បីបំពេញបេសកកម្មរបស់ពួកគេ។ កងទ័ពរុស្ស៊ីក៏បានចូលរួមផងដែរក្នុងការជួយដល់ប្រជាពលរដ្ឋមូលដ្ឋាននៅក្នុងតំបន់ដែលរំដោះបានដូចជាការចែកចាយជំនួយមនុស្សធម៌និងការដោះគ្រឿងផ្ទុះ។ កិច្ចខិតខំប្រឹងប្រែងនេះមានបំណងផ្តល់ឱកាសដល់ជនភៀសខ្លួននិងអ្នកផ្លាស់ទីលំនៅក្នុងស្រុកឲ្យវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញក្នុងពេលឆាប់ៗ៕ RT
Source: Kampuchea Thmey Daily
0 Comments