Ad Code

បើកបរ​លឿន​សង្ស័យ​ស្រវឹង ធ្លាក់​ប្រឡាយ​បោក​ក្បាល​នឹង​លូ​ស្លាប់



បាត់ដំបង ៖ ជនរងគ្រោះ​ម្នាក់ ដែលមាន​នាទី​ជា​បុគ្គលិក​រដ្ឋបាល ក្នុង​បុរី​កុមារកំព្រា​បាត់ដំបង​១ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅក្នុង​ទឹក​ប្រឡាយ ដែល​គេ​សង្ស័យថា​ ជនរងគ្រោះ អាច​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន និង​អាចមាន​សារធាតុ​អាល់កុល​ផងដែរ ទើប​ធ្វើអោយ​ជ្រុល​ធ្លាក់​ទៅក្នុង​ប្រឡាយ ស្លាប់​តែម្តង ។​

ការប្រទះឃើញ​សព​នេះ គឺ​នៅវេលា​ម៉ោង ៦ និង ២០ នាទី ព្រឹក ថ្ងៃទី ៤ ខែសីហា​ ឆ្នាំ ២០១៨ នៅ​ចំណុច​ប្រឡាយ (​ចំការ​សំរោង​) ខាងជើង​បូរី​កុមារ​កំព្រា​បាត់ដំបង​១ ស្ថិត ក្នុង​ក្រុមទី​២៩ ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។

សព​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ ជឿ​ត យ៉ា​ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ បុគ្គលិក​រដ្ឋបាល​បុរី​កុមារ​កំព្រា បាត់ដំបង​១ និង​មាន​ទីលំនៅ ភូមិ​ប៉ោយ​ស្នួល ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយ​គេ​បាន​ប្រើប្រាស់​ម៉ូតូ​១ គ្រឿង ម៉ាក​វ៉េ​វ (WAVE) ពណ៌​ក្រហម ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1D-4127 ដោយ​ការ​បើកបរ​នេះ អាច​ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន បាន​ធ្វើអោយ​ជ្រុល​ធ្លាក់​ទៅ​ក្នុង​ប្រឡាយ និង​ទំនងជា​បោក​ក្បាល​ទៅនឹង​លូ​ស្ពាន ដោយសារតែ​ស្ពាន​ត្រង់​កន្លែង​នេះ មិន​មាន​ចម្រឹង និង​មិន​មាន​ស្លាក​សញ្ញា​អោយ​អ្នកធ្វើដំណើរ​បានដឹង​នោះឡើយ។

មន្ត្រី​ចរាចរណ៍​មួយរូប ក៏ដូចជា​ការិយាល័យ​បច្ចេកទេស និង​កោសល្យវិច័យ បាន​សន្និដ្ឋាន​ថា បុរស​រងគ្រោះ​អាច​មាន​ជាតិ​សុរា​ក្នុង​ខ្លួន​ផង ទើប​អាច​បង្ក​អោយ​គ្រោះថ្នាក់​ ដោយសារ​ល្បឿន​លឿន​បែបនេះ បច្ចុប្បន្ន​សព​បុរសរង​គ្រោះ​ខាងលើ​ត្រូវបាន​កំលាំង ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត ដឹក​យកទៅ​តម្កល់ទុក​នៅក្នុង​វត្ត​គរ ហើយក៏​បានប្រគល់​ទៅអោយ ក្រុមគ្រួសារ សាច់ញាតិ ហើយ ដើម្បី​នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu