Ad Code

អាវុធហត្ថ​បញ្ជូន​ពូ​ល្មោភ​កាម​ទៅ​ផ្ដន្ទាទោស​ក្រោយ​ចាប់រំលោភ​ក្មួយ​ស្រី​បានសម្រេច​



ភ្នំពេញ ៖ ក្រោយពី​ធ្វើការ​សាកសួរ​តាម​ជំនាញ​រួចមក​ជនសង្ស័យ​ឈ្មោះ អ៊ុន សំណាង ភេទប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ទីកន្លែង​កំណើត ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​លេខ​១៦១ ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​ជួញដូរ​មនុស្ស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានសម្រេច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​តាមច្បាប់​នៅ​ថ្ងៃទី​១៨​សីហា​បន្ទាប់ពី​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ លើ​ក្មួយ​ស្រី​(​ក្មួយ​ខាង​ប្រពន្ធ​)​ឈ្មោះ រ​.​ណ អាយុ​១៩ឆ្នាំ​រួចមក​។

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ថា ​ផលកម្ម​ដែល​នាំ​ឲ្យ​ជនសង្ស័យ​ធ្លាក់ខ្លួន​ដើរ​លើផ្លូវ​ខុស​និង​ទទួលទោស​តាមច្បាប់ ក៏​ព្រោះតែ​កាមតណ្ហា ដែល​មិនអាច​ហាម​ចិត្ត​ខ្លួន​បាន ទើប​បណ្តាល​ឲ្យ​មាន​កាមទុក្ខ ត្រូវ​ជាប់គុក​តាមច្បាប់​រដ្ឋ​។



នៅ​ចំពោះ​សមត្ថកិច្ច​នោះ​ជនសង្ស័យ​បាន​សារភាព​ថា រូប​ខ្លួន​មាន​ប្រពន្ធ​ទៅ​ហើយ តែ​ដោយ​សេចក្តី​ត្រេកត្រអាល​ក្នុង​កាមគុណ មើលឃើញ​ក្មួយ​ស្រី ខាង​ប្រពន្ធ ចេះតែ​នៅ​មិន​សុខ ទប់​អារម្មណ៍​មិនបាន រហូត​ឈាន​ដល់​ប៉ុង​ប៉ង​រំលោភ​ក្មួយ​ស្រី​០៣​ដង ទាល់តែ​បានសម្រេច ដោយ​លើក​ទី​១ គឺ​នៅ​យប់​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ពេល​ក្មួយ​ស្រី​កំពុង​ដេកលក់ ខ្លួន​បានធ្វើ​សកម្មភាព​យក​កន្ត្រៃ លួច​កាត់​គូទ​ខោ​ក្មួយ​ស្រី​ ដើម្បី​លូកដៃ​ទៅ​ស្ទាប់​អង្អែល​ប្រដាប់​ភេទ ដោយ​ប៉ុនប៉ង​រំលោភ​តែ​ដោយសារ​មាន​ប្រពន្ធ​ដេក​ក្បែរ ទើប​ខ្លួន​បាន​ត្រឹមតែ​លេង​ប្រដាប់​ភេទ​ខ្លួនឯង​រហូតដល់​ចេញ​ទឹកកាម ដាក់​ក្នុង​ខោ​ក្មួយ​ស្រី​។ លើក​ទី​២​គឺ​នៅ​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ខ្លួន​បាន​ប៉ុនប៉ង​ចាប់រំលោភ​ក្មួយ​ស្រី​នៅ​ពេលបាយ​ថ្ងៃត្រង់ ដោយ​ខ្លួន​បាន​ចាប់​ផ្តួល​នាង​ទៅលើ​ឥដ្ឋការ៉ូ រុញ​ក្បាល​នៅ​ក្រោម​តុ យកដៃ​ខ្ទប់មាត់ និង​បាន​អុក​មួយ​ជង្គង់​ចំ​ដើមទ្រូង​ធ្វើ​ឲ្យ​នាង​ចុក​ឆ្អល់​ស្រែក​លែងចេញ រួចខ្លួន​បាន​ចាប់​ស្រាតខោ​នាង ធ្វើ​សកម្មភាព​រំលោភ តែ​មិនបាន​សម្រេច ព្រោះ​ក្មួយ​ស្រី​បាន​ប្រតាយប្រតប់​ខ្លាំងពេក ទើប​ខ្លួន​បាន​ក្រោក​ដើរចេញ​ទៅ​ធ្វើ​ការ​បាត់​។ លើក​ទី​៣ គឺ​នៅ​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ម៉ោង​ប្រហែល​១១​ថ្ងៃត្រង់ ខ្លួន​បាន​ចាប់​ក្មួយ​ស្រី​ផ្តួល​ទៅលើ​ឥដ្ឋការ៉ូ ហើយ​គំរាម​ថាបើ​ព្រម​តាម​សម្រួល​គឺ​មិន​ឈឺខ្លួន​ទេ តែបើ​ស្រែក​ប្រយ័ត្ន​មួយ​ដៃ​សន្លប់ រួចហើយ​ខ្លួន​ក៏​អុក​នាង​មួយ​ជង្គង់ ចំ​ឆ្អឹងជំនី​ខាងឆ្វេង និង​ដៃ​ម្ខាង​ចាប់ដៃ​នាង​រុញ​ផ្ទប់​ទៅ​នឹង​ឥដ្ឋការ៉ូ និង​ដៃ​ម្ខាង​ទៀត​លូក​ខ្វេះ ប្រដាប់​ភេទ​នាង​ប្រហែល​មួយ​នាទី រួច​ក៏​យក​ប្រដាប់​ភេទ​ខ្លួន​ដាក់​ចូលក្នុង​ប្រដាប់ភេទ​ក្មួយ​ស្រី ធ្វើ​សកម្មភាព​រំលោភ បានសម្រេច​ចំនួន​០១​ដង។

ក្រោយពី​រំលោភ​រួច​ ជនសង្ស័យ​បាន​គំរាម​ក្មួយ​ស្រី​ថា បើ​ហ៊ាន​តែ​យក​រឿង​នេះ ទៅប្រាប់​ប្រពន្ធ​ខ្លួន ខ្លួន​នឹង​សម្លាប់​នាង​ចោល​។ ក្រោយមក​មិនយូរប៉ុន្មាន ជនរងគ្រោះ​ក៏បាន​គេច ចេញពីផ្ទះ ទៅ​រស់នៅ​ជាមួយ​អង្គការ​សហប្រតិបត្តិការ បាន​ជាង​០៣​ខែ ប៉ុន្តែ​ជនសង្ស័យ​ឈ្មោះ អ៊ុន សំណាង នៅតែ​មិន​ព្រម​ឲ្យ​នាង​រស់នៅ​បាន​សុខ​ទេ ដោយ​រូបគេ​បាន​ផ្ញើ​ឆាត​ជា​សម្លេង​ផង ជា​អក្សរ​ផង ទៅប្រាប់​មិត្ត​ភ័ក្ត្រ​ខ្លួន​ថា ​គេ​បាន​ដេក​ជាមួយ​ជនរងគ្រោះ​អស់ហើយ ទើប​ធ្វើ​ឲ្យ​ជនរងគ្រោះ មានការ​ភ័យខ្លាច ក៏​សម្រេចចិត្ត​មក​ដាក់​ពាក្យ​បណ្តឹង នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ ឲ្យ​ជួយ​ការពារ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ដើម្បី​យក​មក​ផ្តន្ទាទោស​តាមច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu