Ad Code

រដ្ឋមន្ត្រីក្រសួង​អប់រំ​ចូលរួម​កាត់​វិញ្ញាសា​ប្រឡង​បាក់​ឌុប​នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ




​ភ្នំពេញ​ ៖​ លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួនណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​ និង​កីឡា​ ​​កាលពី​វេលា​ម៉ោង​៧​ព្រឹក ​ថ្ងៃទី​២០​ ខែសីហា ​ឆ្នាំ​២០១៨​ បាន​អញ្ជើញ​ចូលរួម​កាត់​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​បាក់​ឌុប​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុ​វ​ត្ថិ។​

ចូលរួម​នៅក្នុង​ឱកាស​នោះដែរ​រួមមាន​លោក ហ៊ុន ម៉ា​នី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​ និង​លោក​សេង ​ឃាង​ អនុប្រធាន​ប្រឆាំង​អំពើពុករលួយ​។​

ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប​នៅ​ឆ្នាំនេះ​ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២០​សីហា​ឆ្នាំ​២០១៨​ ​ដោយមាន​បេក្ខជន​ចូលរួម​ប្រឡង​ចំនួន​១១៧ ០៦១​នាក់​កើនឡើង​ជាង​ឆ្នាំមុន​១៣៩៤៩​នាក់​ និង​មាន​១៩៥​មណ្ឌល​ចែកជា​៤៧១៦​បន្ទប់​នៅតាម​រាជធានី​ខេត្ត​ទូទាំងប្រទេស ។​

ចំពោះ​លទ្ធផល​នៃ​ការប្រឡង​វិញ​ក្រសួង​នឹងធ្វើ​ការប្រកាស​នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ​នៅ​រសៀល​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៨​សម្រាប់​មណ្ឌល​ប្រឡង​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្តាល​និង​នៅ​ថ្ងៃទី​១២​កញ្ញា​ឆ្នាំ​២០១៨​នៅតាម​មណ្ឌល​ផ្សេងៗ​ទៀត​។​

លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួនណា​រ៉ុ​ន​បាន​មានប្រសាសន៍ថា​ការប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​ក្រសួង​បានធ្វើការ​កែសម្រួល​បន្ថែ​ម​មួយចំនួន​ទៅលើ​បទ​បញ្ញតិ​មួយចំនួន​ដើម្បី​ឲ្យ​ការប្រឡង​មាន​សុ​ក្រឹត្យ​ភាព យុត្តិធម៌​និង​អាច​ទទួលយកបាន​ទាំងអស់គ្នា​។​

លោក​រដ្ឋមន្ត្រី​បាន​បន្តថា​ នេះ​គឺជា​ឆ្នាំ​ទី​៥​ហើយ​ដែល​ក្រសួង​បានធ្វើ​កែ​ទំរង់​ការប្រឡង​បាក់​ឌុប​ហើយ​នៅ​ឆ្នាំនេះ​ការប្រឡង​បាន​ដំណើរការបាន​ល្អប្រសើរ​ជាង​ឆ្នាំមុនៗ​ដោយសារតែ​មានការ​គាំ​ទ្រ​ពី​ប្រមុខ​រាជរដ្ឋាភិបាល អាជ្ញាធរ​ដែនដី លោកគ្រូ​អ្នកគ្រូ អាណាព្យាបាល​និង​បេក្ខជន​ប្រឡង​។​

ជាក់ស្តែង​នៅ​ព្រឹក​នេះ​មិនមាន​ឃើញ​បេក្ខជន​យក​សំណៅ​ឯកសារ​ចូល​នៅក្នុង​មណ្ឌល​ប្រឡង​ទេ​ដែល​នេះ​បង្ហាញថា​បេក្ខជន​បាន​យល់ដឹង​ច្បាស់​ពីបទ​បញ្ញតិ​ដែល​ក្រសួង​បានដាក់​ចេញ​និង​ម្យ៉ាងទៀត​បេក្ខជន​មានការ​ជឿជាក់​ទៅលើ​សមត្ថភាព​របស់ខ្លួន​ផងដែរ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu