Ad Code

ចាប់​បាន​ជនសង្ស័យ​នៅ​ភ្នំពេញ ​យក​មក​បង្ហាញ​ទីតាំងនៅ​ខេត្ត​តាកែវ​ ដែល​ជា​កន្លែង​ជាប់​ពាក់ព័ន្ធ



តាកែវ​ ៖ ​ជនសង្ស័យ​ក្នុង​បទល្មើស​ប្រព្រឹត្ត​អំពើ​ចោរកម្ម​យ៉ាងសកម្ម​ម្នាក់ ​ត្រូវ​បាន​កម្លាំង​ប៉ូលិស​ជំនាញ​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ចាប់ខ្លួនបាន ​និង​បញ្ជូនមក​ឲ្យ​បង្ហាញ​ទីតាំង​លាក់ទុក​វត្ថុតាង​ដែល​បានធ្វើ​កន្លងមក​នៅ​ស្រុក​សំរោង ខេត្តតាកែវ។

ការ​ចាប់​បាន​ និង​បញ្ជូន​ខ្លួន​ឲ្យ​បង្ហាញ​ទីតាំង​នេះ​ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៨ ដោយមាន​ការ​បញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ និង​មានការ​អនុញ្ញាត​ពី​លោក ជីវ ចាន់​ដា​រ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ​ និង​លោក​វរសេនីយ៍ឯក មឿ​ន សារុន អធិការ​នគរបាល​ស្រុក​សំរោង។

ជន​សង្ស័យ ​ដែល​សមត្ថកិច្ច​នាំ​យក​មក​បង្ហាញ​ទីតាំង​ ដែល​ជា​ផ្ទះ​របស់​ខ្លួន​នេះ​ មាន​ឈ្មោះ សន សំអាត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ពេ​ជ​ឥន្ទ្រា ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ​។​

ករណីនេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​បាន​ប្រាប់ថា ​កាលពី​យប់​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ស្ដុ​ប​ផ្សារ​ដើម​គរ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ចំការមន​ចាប់បាន​ជនសង្ស័យ​ខាងលើ​ក្នុង​សកម្ម​ភាពមិនប្រក្រតី​ ដែល​សង្ស័យ​ជា​ក្រុមចោរប្លន់​។​

ក្រោយ​ការចាប់ខ្លួន​ប៉ូលិស​ខណ្ឌចំការមន​បាន​សហការ​មក​កម្លាំង​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្តតាកែវ​រហូត​ទទួល​បាន​ការអនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា​ចុះទៅ​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ​តែម្តង​។ ក្នុងផ្ទះ​ជនសង្ស័យ​កម្លាំង​ប៉ូលិស​បាន​រក​ឃើញ​វត្ថុតាង​មាន ខ្នងកង់​ម៉ូតូ​ចំនួន​០១ កញ្ចក់​ម៉ូតូ​ចំនួន​១០​គូរ និង​សោ​​សម្រាប់​ដោះ​ម៉ូតូ​មួយ​ចំនួនទៀត​ផងដែរ​។​

បច្ចុប្បន្ន​ក្រោយពី​កម្លាំង​ជំនាញ​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ និង​ចាប់យក​វត្ថុតាង​ខាងលើ​ហើយ​នោះ​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​វិញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu