ក្រុមមន្ត្រីបាននិយាយថា មេដឹកនាំចលនាឥស្លាមប៉ាឡេស្ទីនហាម៉ាស បានកោះប្រជុំនៅយប់ថ្ងៃសុក្រសម្រាប់កិច្ចប្រជុំដ៏កម្រមួយចំពេលមានការរំពឹងទុកពីបទឈប់បាញ់រយៈពេលយូររវាងមេដឹកនាំតំបន់ហ្គាហ្សាស្ទ្រីប និងអ៊ីស្រាអែល។
កិច្ចប្រជុំនេះបានកើតឡើងចំពេលដែលជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលនៅក្នុងការប៉ះទង្គិចគ្នាតាមបណ្តោយព្រំដែន ហ្គាហ្សា-អ៊ីស្រាអែល។
មុនពេលនៃការជួបជុំគ្នានេះ លោក Hassam Badran ដែលជាសមាជិកនៃបក្សពួកនយោបាយរបស់ក្រុមហាម៉ាសបាននិយាយនៅក្នុងអំឡុងសុន្ទរកថាមួយនៅតាមព្រំដែនថា មេដឹកនាំនឹងជំរុញឲ្យមានសកម្មភាពនយោបាយដើម្បីបំបែកការហ៊ុមព័ទ្ធលើតំបន់ហ្គាហ្សា។
ប្រភពជាន់ខ្ពស់របស់ក្រុមហាម៉ាសបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា កិច្ចប្រជុំពេលល្ងាចមួយនេះត្រូវបានដឹកនាំដោយមេដឹកនាំរបស់ចលនានេះគឺលោក Ismail Haniya ។
ប្រភពដដែលបាននិយាយថា សមាជិកទាំងឡាយនឹងពិភាក្សាអំពីបញ្ហាសំខាន់ៗមួយចំនួនដូចជាសំណើរបស់អេហ្ស៊ីបនិងប្រេសិតអង្គការសហប្រជាជាតិលោក Nickolay Mladenov អំពីបទឈប់បាញ់មួយនិងដកការរារាំងរបស់អ៊ីស្រាអែលដែលបានដាក់លើតំបន់ហ្គាហ្សាជាដើម។
ពួកគេបានបន្ថែមថា កិច្ចប្រជុំនេះបានក្លាយជាលើកទីមួយដោយការិយាល័យនយោបាយរបស់ក្រុមហាម៉ាសដែលបានប្រព្រឹត្តធ្វើឡើងនៅតំបន់ហ្គាហ្សា។
កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអ៊ីស្រាអែលបានដាក់ការរារាំងឡើងវិញលើការផ្គត់ផ្គង់ប្រេងទៅកាន់តំបន់នេះដើម្បីជាការឆ្លើយតបទៅនឹងការលេចចេញជាថ្មីនូវការបង្ហោះខ្លែងដុតភ្លើងឆ្លងកាត់ព្រំដែន។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍បានពន្យារពេលដំណើរទស្សនកិច្ចតាមការគ្រោងទុកមួយទៅប្រទេសកូឡុំប៊ីស្របពេលមានការសន្និដ្ឋានថា កិច្ចព្រមព្រៀងឈប់បាញ់មួយអាចត្រូវបានសម្រេចក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
យោងតាមក្រុមហាម៉ាសនិងមន្ត្រីអង្គការសហប្រជាជាតិបានឲ្យដឹងថា កិច្ចព្រមព្រៀងបែបនេះនឹងបញ្ចប់ការប្រយុទ្ធគ្នាជាយូរមកហើយរវាងអ៊ីស្រាអែលនិងហាម៉ាសជាថ្នូរនឹងការបន្ធូរបន្ថយ នូវការរាំងស្ទះសេដ្ឋកិច្ចលើតំបន់ហ្គាហ្សា។
កិច្ចព្រមព្រៀងមួយអាចអនុញ្ញាតឲ្យម្ចាស់ជំនួយអន្តរជាតិផ្តល់មូលនិធិដល់កម្មវិធីជាច្រើនរាប់បញ្ចូលទាំងការធ្វើឲ្យប្រសើរឡើងនូវបណ្តាញអគ្គិសនីនិងបណ្តាញទឹកនៅហ្គាហ្សាផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា កិច្ចព្រមព្រៀងនេះក៏អាចគ្របដណ្តប់លើការដោះដូរអ្នកទោសជាមួយក្រុមហាម៉ាសផងដែរ។
គួរបញ្ជាក់ថា ជនជាតិប៉ាឡេស្ទីនយ៉ាងតិច១៥៨នាក់ត្រូវបានសម្លាប់នៅក្នុងបាតុកម្មតាមព្រំដែនដែលបានចាប់ផ្តើមនៅចុងខែមីនាខណៈដែលទាហានអ៊ីស្រាអែលម្នាក់ត្រូវបានបាញ់សម្លាប់៕ AFP
Source: Kampuchea Thmey Daily
0 Comments