ភ្នំពេញ ៖ នៅវេលាម៉ោង៤ និង១៥នាទីរសៀល ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាននិងកំពុងរៀបចំត្រួតពិនិត្យផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលកម្មវិធីនេះ ធ្វើឡើងនៅសាលសន្និសីទ គ.ជ.ប ។
តាម គ.ជ.ប ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់នេះ ត្រូវបានចាត់តាំងជា៤ក្រុមធំៗរួមមាន ទី១, ក្រុមសម្របសម្រួលថ្នាក់កណ្តាល ទី២, ក្រុមទទួលសម្ភារៈ ឯកសារបោះឆ្នោត ទី៣, ក្រុមកំណត់បែងចែកអាសនៈ និងទី០៤, ក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ។
ដោយឡែកក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ ត្រូវបានបែងចែកជា៥ ក្រុមតូចទៀត ដើម្បីជួយបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមានគណបក្សនយោបាយចំនួន២០ បានចូលរួម ហើយជាលទ្ធផល មានប្រជាពលរដ្ឋកម្ពុជាបានអញ្ជើញទៅបោះឆ្នោតចំនួន៦.៩៤៦.១៦៤នាក់ ដែលស្មើនឹង៨២,៨៩ ភាគរយ នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប៨.៣៨០.២១៧នាក់។
ក្រោយការបោះឆ្នោតភ្លាម អ្នកសង្កេតការណ៍ជាតិ អន្តរជាតិបានវាយតម្លៃថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ បានបញ្ចប់ក្រោមបរិយាកាសល្អ រលូន ត្រឹមត្រូវ សេរី និងយុត្តិធម៌ និងមានការគោរពច្បាប់ គោរពសិទ្ធិមនុស្ស គ្មានការបង្ខិតបង្ខំ គ្មានហិង្សា គ្មានការភ័យខ្លាច គ្មានការលក់ដូរសន្លឹកឆ្នោត ស្ងប់ស្ងាត់ មានសណ្ដាប់ធ្នាប់ល្អ៕
Source: Kampuchea Thmey Daily
0 Comments