រតនគិរី ៖ ជារឿងកម្រកើតឡើង ដែលវត្ថុតាងរថយន្តសាំយ៉ុងដឹកឈើ១គ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF-4654 បានផ្ទុកឈើប្រណិតខុសច្បាប់ជាង១ម៉ែត្រគូបកាលពីវេលាម៉ោង១០និង១១នាទីព្រឹកថ្ងៃទី១៦ខែសីហា ឆ្នាំ២០១៨ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយកម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវស្ទាក់ចាប់បង្ក្រាបបាន ហើយបានប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើដើម្បីចាត់ការបន្តតាមនីតិវិធី ប៉ុន្តែរថយន្តដឹកឈើខាងលើនេះត្រូវបានចោរលួចយកចេញពីផ្នែករដ្ឋបាលព្រៃឈើបរកែវបាត់ទៅហើយ។
ពាក់ព័ន្ធករណីខាងលើនេះលោក ខៀវ ចន្ទី នាយសង្កាត់រដ្ឋបាលព្រៃឈើអូរយ៉ាដាវបានប្រាប់អ្នកសារព័ត៌មានយើង នៅព្រឹកថ្ងៃទី១៧ ខែសីហាថា ពិតជាបាត់រថយន្តសាំយ៉ុង១គ្រឿងដែលជាវត្ថុតាងដឹកបទល្មើសព្រៃឈើពិតប្រាកដមែន។
លោកថា ភ្លាមៗនោះបន្ទាប់ពីបានបាត់រថយន្តនេះនៅកន្លែងលោករួចមកគឺលោកបានដាក់ពាក្យប្តឹងទៅលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តភ្លាមផងដែរ។
នៅក្នុងពាក្យបណ្តឹងនោះដែរលោក ខៀវ ចន្ទី នាយសង្កាត់រដ្ឋបាលព្រៃឈើបានដាក់ការសង្ស័យទៅលើម្ចាស់រថយន្តនិងឈើជាអ្នកមកលួចតែម្តងព្រោះធ្លាប់បានទំនាក់ទំនងមកលោកជាមេព្រៃតាមលេខទូរស័ព្ទ០៩៧-៨៥០៩ ០២២ក្នុងថ្ងៃទី១៦ ខែសីហា (ថ្ងៃកើតហេតុ) ដើម្បីសុំបំពេញឯកសារតាមនីតិវិធីផ្លូវច្បាប់។
ប្រភពព័ត៌មានផ្សេងទៀតបានលួចបង្ហើបប្រាប់ឲ្យដឹងថា កន្លែងផ្នែករដ្ឋបាលព្រៃឈើបរកែវមានព័ទ្ធរបងថ្មជុំវិញបរិវេណ និងទ្វារដែកចេញចូលត្រឹមត្រូវហេតុអ្វីបាត់វត្ថុតាងនឹងងាយស្រួលលួចទៅយ៉ាងនេះ ? ម្យ៉ាងវិញទៀតបើដឹងកន្លែងនោះគ្មានសុវត្ថិភាព ហេតុអ្វីមិននាំវត្ថុតាងមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តទៅ។
ជុំវិញនឹងករណីបាត់វត្ថុតាងរថយន្តសាំយ៉ុង១គ្រឿងដឹកឈើប្រណិតខាងលើនេះដែរ មជ្ឈដ្ឋានទូទៅនៅក្នុងខេត្តរតនគិរីបានរិះគន់ថា បើខ្មោចស្រុកមិនឲ្យដៃ ក៏ខ្មោចព្រៃមិនហ៊ានចូលលួចដែរ ពោលគឺមានការសង្ស័យស៊ុមគ្រលុំគ្នាក្នុងផលប្រយោជន៍ណាមួយទើបបាត់វត្ថុតាងស្រស់ៗបែបនេះ។
លោក ខៀវ ចន្ទី នាយសង្កាត់រដ្ឋបាលព្រៃឈើមិនបានបញ្ជាក់ពីអត្តសញ្ញាណម្ចាស់រថយន្តថាមានឈ្មោះអ្វីនោះទេ ទោះបីអ្នកសារព័ត៌មាន បានជជីកសួរនាំយ៉ាងណាក៏ដោយក៏លោកនៅតែមិនប្រាប់។
គួររំលឹកផងដែរថា សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើបរកែវមិនដែលមានឆន្ទៈក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសព្រៃឈើបានធ្វើចរាចរឆ្លងកាត់មុខផ្នែករដ្ឋបាលព្រៃឈើនោះឡើយ។
ចំណែកកម្លាំងប៉េអឹមលើផ្ទៃប្រទេសបានសហការជាមួយកម្លាំងប៉េអឹមស្រុកអូរយ៉ាដាវដែលបានបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើមួយគ្រឿងហើយ ប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើដើម្បីចាត់ការបន្ត ប៉ុន្តែសមត្ថកិច្ចទាំងនោះ បានរង់ចាំអស់ជាច្រើនម៉ោងទម្រាំដាច់ចិត្តមកទទួលយករថយន្ត១គ្រឿងនេះ៕
Source: Kampuchea Thmey Daily
0 Comments