Ad Code

ឈួន សុវណ្ណ​ឆៃ​ ៖ ​ខ្ញុំ​មាន​ថ្ងៃនេះ​គឺ​បាន​គុណ​របស់​លោកគ្រូ អ៊ុំ តារា



ភ្នំពេញ​ ៖ ​បន្ទាប់ពី​ទទួលបាន​ដំណឹង​នៃ​ការធ្លាក់​ខ្លួន​ឈឺ​សម្រាក​នៅតែ​លើ​កន្ទេល​ពី​សំណាក់​ស្ដេច​វីយូឡុង​ និង​ជា​អ្នកនិពន្ធ​បទ​ចម្រៀង​ល្បីឈ្មោះ​គឺ​លោកគ្រូ​អ៊ុំ តារា នោះ​ តារាចម្រៀង​ស្រី​អ្នកនាង ឈួន សុវណ្ណ​ឆៃ ដោយ​មិន​បង្អង់​យូរ​ បានធ្វើ​ដំណើរ​ស្កាត់​ទៅ​ជួប​សួរសុខទុក្ខ ​និង​ទិញ​នូវ​សម្ភារៈ​មួយចំនួន​ទៅ​ជូន​ដល់​លោកគ្រូ អ៊ុំ តារា ដែល​ត្រូវ​បាន​នាង​ចាត់ទុកថា ​ជា​អ្នកមានគុណ​មិនអាច​បំភ្លេច​បាន​អស់​មួយ​ជីវិត។

តាមរយៈ​សំណេរ​សរសេរ​ភ្ជាប់​ជាមួយ​រូបភាព​នៃ​ដំណើរ​ចុះទៅ​សួរសុខទុក្ខ​លោក​លោកគ្រូ អ៊ុំ តារា អ្នកនាង ឈួន សុវណ្ណ​ឆៃ បាន​រៀបរាប់ថា ​សូម​ជូនពរ​លោកគ្រូ អ៊ុំ តារា មាន​សុខ​ភាពល្អ​ និង​ឆាប់​ជា​ពី​ជំងឺ​ផង។ ​គាត់​ជា​លោកគ្រូ​ខ្ញុំ​កាល​ខ្ញុំ​មកដល់​ទីក្រុង​ភ្នំ​ពេញ​ កា​ល​ពីដំបូង បាន​លោកគ្រូ​ជួយ​បង្ហា​ត់​បង្រៀន​កូន​ធ្វើអោយ​កូន​មាន​ថ្ងៃនេះ​ និង​លោកគ្រូ អ៊ុំ អ៊ួ​ន ផង។

​តារាចម្រៀង​អ្នកនាង ឈួន សុវណ្ណ​ឆៃ បាន​បន្តថា​ ទឹកចិត្ត​បន្តិចបន្តួច​របស់​កូន​មិន​ស្មើនឹង​ទឹកចិត្ត​របស់លោក​គ្រូ​កាលពី​ឆ្នាំ​១៩៩៩​ ដែល​លោកគ្រូ​បាន​អោយ​កូន​១០​ម៉ឺន​រៀល ​ពេលដែល​កូន​កំពុងតែ​ពិបាក​ខ្លាំង​ កូន​មិនដែល​ភ្លេច​អតីតកាល​របស់​កូន​ទេ​ នៅតែ​ចងចាំ​អំពើ​ល្អ​ និង​ទឹកចិត្ត​របស់លោក​គ្រូ​ជានិច្ច​។​

អ្នកនាង​បញ្ជាក់ថា​ លោកគ្រូ អ៊ុំ តារា កន្លងមក​ធ្លាប់​និពន្ធ​បទ​ថ្មី​ឲ្យ​ច្រៀង​ចំនួន​៣​បទ ​ប៉ុន្តែ​ដោយ​គ្រាន់តែ​ក្រោយពេល​ថត​ចប់​បទ​ចម្រៀង​ទាំងនោះ​មិនត្រូវ​បានចេញ​លក់​ ហើយ​មិនដឹងថា​តើ​លោកគ្រូ អ៊ុំ តារា រក្សាទុក​ឬ​បាត់បង់​នោះទេ​ ខណៈពេល​បច្ចុប្បន្ន​លោកគ្រូ​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​និង​វង្វេងស្មារតី​ច្រើន​។​

អ្នកនាង ឈួន សុវណ្ណ​ឆៃ បានលើកឡើង​ទៀតថា ​នាង​មិនដែល​ភ្លេចគុណ​របស់លោក​គ្រូ អ៊ុំ តារា នោះទេ ​ខណៈ​គ្រា​ដែល​នាង​មកដល់​ទីក្រុង​ភ្នំពេញ​លើកដំបូង​គឺ​បាន​ការជួយជ្រោមជ្រែង​ពី​សំណាក់​លោកគ្រូ អ៊ុំ តារា ទើប​ធ្វើ​ឲ្យ​ជីវិត​របស់​នាង​ដើរ​លើ​វិថី​សិល្បៈ​ និង​មាន​រហូតដល់​សព្វថ្ងៃ​។​ ដូច្នេះ​ចំពោះ​គុណបំណាច់​ស្ដេច​វី​យូ​ឡុង​លោកគ្រូ អ៊ុំ តារា គឺ​ពិតជា​មិនអាច​ធ្វើ​ឲ្យ​នាង​បំភ្លេចបាន​នោះឡើយ​។​

សូមបញ្ជាក់ថា​ ​គ្រា​ ​ដែល​ធ្វើដំណើរ​ទៅ​សួរ​សុខទុក្ខ​ស្ដេច​វី​យូ​ឡុង​លោកគ្រូ អ៊ុំ តារា កាលពី​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៨​នេះ​ដែរ ​អ្នកនាង ឈួន សុវណ្ណ​ឆៃ ក៏បាន​ជូន​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​២០០​ដុល្លារ​រួម​នឹង​ទឹក​ផ្លែឈើ​ដល់​អ្នកមានគុណ​ដែល​ធ្លាប់ជួយ​ខ្លួន​ផងដែរ​។​លោកគ្រូ អ៊ុំ តារា បច្ចុប្បន្ន​បាន​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ជំងឺ​ឆ្អឹង​មាន​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​សំណាក់​ក្រុម​គ្រួសារ​របស់​លោក​គ្រូ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu