ក្រុមបាល់ទាត់ចំណូលថ្មី និងក្រុមជើងឯក៦សម័យកាលភ្នំពេញក្រោន សុទ្ធតែរកបានជ័យជម្នះដូចគ្នា ខណៈក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលីស) បានប្រកួតស្មើគ្នាជាមួយក្រុមសូលទីឡូអង្គរ នៅក្នុងសប្ដាហ៍ទី១៦ នៃពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) នៅល្ងាចថ្ងៃសៅរ៍ ទី៤ខែសីហា ឆ្នាំ២០១៨។
ក្រុមវិសាខា បានយកឈ្នះលើក្រុមវេស្ទើនភ្នំពេញ ដោយលទ្ធផល ៥ទល់០ លើទីលានកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។ ប្រធានក្រុម ទៀង ទីនី រកបានគ្រាប់បាល់ឲ្យវិសាខា នាំមុខមុននៅនាទីទី១៥ ហើយកីឡាករកូរ៉េខាងជើងKim Kyong-hun រកបានគ្រាប់បាល់ទី២នៅនាទី២៦មុនចប់តង់ទី១។ កីឡាករ Kim Kyong-hun បានរកគ្រាប់បាល់បន្ថែម១គ្រាប់ទៀតនៅនាទី៥១ ស្របពេលមិត្តរួមជាតិPak Song-cholបានបន្ថែមគ្រាប់បាល់ទី៤នៅនាទី៥៧ និង១គ្រាប់ចុងក្រោយរកបានដោយ កែវ សុខផេង នៅនាទី៦៤។
ចំណែកក្រុមភ្នំពេញក្រោន វិញបានយកឈ្នះលើក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល២ទល់១ លើទីលានកីឡដ្ឋាន RSN Stadium របស់ខ្លួន។ កីឡាករHarley Willard របស់ព្រះខ័នរាជស្វាយរៀង បានរកគ្រាប់បាល់នាំមុខ១គ្រាប់នៅនាទី៥៩ ខណៈកីឡាករValci Júnior បានរកគ្រាប់បាល់ឲ្យភ្នំពេញក្រោន តាមស្មើ១ទល់១ នៅនាទី៧៩ និងកីឡាករ Sunny Jane រកបានគ្រាប់បាល់ជ័យជម្នះនៅនាទី៨៧មុនចប់ការប្រកួត។
ងាកមកមើលក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ វិញបានចែកគ្នាម្នាក់១ពិន្ទុជាមួយក្រុមសូលទីឡូអង្គរ ក្រោយប្រកួតស្មើគ្នា១ទល់១ លើទីលានពហុកីឡដ្ឋានជាតិ។ កីឡាករYuta Kikuchi បានរកគ្រាប់បាល់ឱ្យក្រុមសូលទីឡូអង្គរ នាំមុខមុន១គ្រាប់សិននៅនាទី៤៥ និងកីឡាករOladipupo Abiodun បានគ្រាប់បាល់តាមស្មើវិញនៅនាទី៧០។
ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលនេះប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុវិលជុំចំនួន២ជើងមាន២២សប្ដាហ៍ដើម្បីស្វែងរកក្រុមខ្លាំង ដែលមានពិន្ទុច្រើនជាងគេដណ្តើមជើងឯកប្រចាំឆ្នាំ។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី៣ខែមីនា ដល់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៨ ដែលមានសមាជិកចំនួន១២ក្រុម។ ក្រុមជើងឯកនឹងទទួលបានកៅអីទៅចូលរួមប្រកួតក្នុងពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship ជាដើម។
ចំណែកប្រកួតផ្សេងទៀតប្រចាំសប្ដាហ៍ទី១៦ នេះបន្តធ្វើឡើងនៅថ្ងៃអាទិត្យ ទី៥ ខែសីហា នេះដោយក្រុមអគ្គីសនីកម្ពុជា ប៉ះក្រុមអង្គរថាយហ្គឺរ វេលាម៉ោង៣រសៀលលើទីលានកីឡដ្ឋានអគ្គីសនីកម្ពុជា មានផ្សាយផ្ទាល់តាមហ្វេសប៊ុក CNCC ខណៈក្រុមអាស៊ីអឺរ៉ុប ជួបក្រុមណាហ្គាវើល វេលាម៉ោង៣រសៀលដែរលើទីលានកីឡដ្ឋាន AEU Sport Park (ម្តុំអរិយក្សត្រ)៕
Source: Kampuchea Thmey Daily
0 Comments