Ad Code

មួយ​ប៉ប្រិចភ្នែក ​អគ្គិភ័យ​ឆេះ​អស់​ផ្ទះ​១​ខ្នង​​ ​គិត​ជា​ទឹកប្រាក់​​​ប្រមាណ​៦​ម៉ឺន​ដុល្លារ



ពោធិ៍សាត់​ ៖​អគ្គិភ័យ​មួយ​ បាន​កើត​ឡើង​ក្នុង​មួយ​ប៉ប្រិចភ្នែក​បណ្ដាលឲ្យ​អណ្ដាត​ភ្លើង​ឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ​​លេប​ត្របាក់​ផ្ទះ​មួយ​ខ្នង​ រួម​ទាំង​សម្ភារៈ​ក្នុង​ផ្ទះ​គ្មាន​សល់។

ឧប្បត្តិហេតុ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ១១​និង​០០​នាទី​ព្រឹក ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៨ ស្ថិត​ក្នុង​នៅ​ភូមិ ឥស្លាម សង្កាត់ បន្ទាយ​ដី ក្រុង ពោធិ៍សាត់។

បើតាម​លោក យិន ស៊ា​ង​ហៃ អធិការ​ក្រុង​ពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​អស់នោះ​ឈ្មោះ អ៊ែ​ល អាត់​ទី​កាស់ ភេទ​ស្រី អាយុ​៦៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ។

ទំហំ​នៃ​ការខូចខាត​រួម​មានៈ ផ្ទះ​១​ខ្នង​ មាន​​ទំហំ​១០​គុណ​១២​ម៉ែត្រ ​ធ្វើ​អំពី​ឈឺ ក្រាល​ក្ដារ ​និង​ជញ្ជាំង​ក្ដារ ប្រក់​ក្បឿង​ លុយ​ខ្មែរ​ចំនួន​១៣​លាន​រៀល លុយ​ដុល្លា​ចំនួន​២១០០​ដុល្លា មាស​៣​តម្លឹង​៨​ជី ប្លាទីន​៥​ជី អង្ករ​១០​ការុង ទូរស័ព្ទ​២​គ្រឿង និង​សម្ភារៈ​ប្រើប្រាស់​ព្ រម​ទាំង​សម្លៀក​បំពាក់​ឆេះ​គ្មាន​សល់ ដោយឡែក​មនុស្ស​ពុំ​មាន​នរណា​ម្នាក់​គ្រោះថ្នាក់​ឡើយ។

លោក យឹម ស៊ា​ង​ហៃ អធិការ​ក្រុង​ពោធិ៍សាត់​បាន​បន្ត​ឲ្យ​ដឹង​ថា បើ​តាម​សាក្សី​ជា​ម្ចាស់ផ្ទះ​ខាងលើ​បាន​និយាយ​ថា ខណៈ​​​ក្រុម​គ្រួសារ​ជនរងគ្រោះ​នៅ​ជុំគ្នា​ខាងក្រោម​ផ្ទះ ស្រាប់តែ ក្រឡេកមើល​លើផ្ទះ​ក៏​ឃើញ​អណ្ដាត​ភ្លើង ក្រហមឆ្អៅ ឆេះឆាប​ពេញ​ផ្ទះ​ទាំងមូល​បាត់ទៅហើយ ដោយ​ពុំ​អាច​យក​សម្ភា​រៈ​អ្វី​បន្តិច​បានឡើយ ក្រៅពី​នាំគ្នា​រត់គេច​ចេញពី​ក្រោម​ផ្ទះ ហើយ​ឈរ​មើល​អណ្ដាតភ្លើង កំពុង​ឆេះ​សន្ធោសន្ធៅ​ប៉ុណ្ណោះ​។​

លោក​ឧត្តមសេនីយ៍ត្រី ព្រំ សារុន ស្នងការ​រង​នគរបាល​ខេត្ត​បាន​និយាយ​ថា ក្រោយពេល​ទទួល​​ព័ត៌មាន​មាន​ក្នុងករណី​អគ្គិភ័យ​កើតឡើង​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង​ក្រុម​ពន្លត់​អគ្គិភ័យ​ខេត្ត និង​រថយន្ត​ពន្លត់​អគ្គិភ័យ ព្រមទាំង​រថយន្ត​ពន្លត់អគ្គីភ័យ អង្គភាព​ផ្សេងៗ​ទៀត សរុប​ទាំងអស់​៦​គ្រឿង ចុះជួយ​អន្តរាគមន៍ ភ្លាមៗ ដោយ​ប្រើ​ពេល​ជាង​២​ម៉ោង​ ទើប​ពន្លត់​អគ្គិភ័យ​នេះ​បានជា​ស្ថាពរ​ ដោយ​ពុំ​ឆាបឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ផ្សេង​ និង​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ គឺ​អគ្គិភ័យ​នេះ ​បាន​ឆេះ​ផ្ទះ​ជនរងគ្រោះ​នេះ អស់ទាំង​ស្រុង​តែម្ដង។

លោក​ថា តាម​ការស្រាវជ្រាវ ជាបឋម របស់​ជំនាញ​សមត្ថកិច្ច​ខេត្ត​និង​ក្រុង​ពោធិ៍សាត់ បាន​ឲ្យ​ដឹង​ជាបឋម​ថា អគ្គិភ័យ ដែល​ឆាបឆេះ​ផ្ទះ​អស់​មួយ​ខ្នង​ផ្ទះ​នេះ ​អាច​បណ្ដាលមកពី​ឆ្លង​ចរន្ត​អគ្គិសនី ទុស្សេ​​​ប្រអប់​ខ្សែភ្លើង ក្លាយជា​អគ្គិភ័យ តែម្ដង ហើយ​បើ​គិតពី​ទំ​ហំ​ទឹកប្រាក់​សរុប​ទាំងអស់​ប្រមាណ​ជា​៦​ម៉ឺន​ដុល្លា​អាមេរិក៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu