ភ្នំពេញ ៖ ក្រុមវិស័យឯកជនផ្នែកទេសចរណ៍ បានជំរុញអោយយុវជន ចាប់យកជំនាញសេវាកម្មទេសចរណ៍ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារការងារក្នុងវិស័យទេសចរណ៍ ខណៈភ្ញៀវ ទេសចរជាតិនិងអន្តរជាតិចូលមកកំសាន្តនៅប្រទេសកម្ពុជាមានកំណើនខ្លាំង។
ការជំរុញអោយយុវជនចាប់យកជំនាញទេសចរណ៍នេះបានធ្វើឡើង ខណៈដែលចំនួនភ្ញៀវ ទេសចរបន្តកើនឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែចំនួនអ្នកបំរើសេវាកម្មផ្នែកទេសចរណ៍នៅមាន ការ ខ្វះខាតច្រើន។
លោកលូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជាបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានពិព័រណ៍ម្ហូបអាហារភេសជ្ជៈ និងបដិសណ្ឋារកិច្ច (CAMFOOD CAMHOTEL២០១៨)កាលពីពេលថ្មីៗនេះ ថាក្នុង ចំណោមជំនាញវិស័យទេសចរណ៍ជាង៣០មុខ ជំនាញចំនួន៣ប្រភេទត្រូវការខ្លាំងជាង គឺ ជំនាញ ចុងភៅ សេវាកម្ម និងបដិសណ្ឋារកិច្ច ដោយក្នុងមួយមុខៗត្រូវការអ្នកជំនាញ ចន្លោះ ពី៤ពាន់ នាក់ ទៅ៥ពាន់នាក់ក្នុងមួយឆ្នាំ។
ប្រធានសហព័ន្ធទេសចរណ៍កម្ពុជាបានបញ្ជាក់ថា ចាប់ពីពេលនេះទៅកម្ពុជាត្រូវការធនធាន មនុស្សក្នុងវិស័យទេសចរណ៍ជាង១ម៉ឺននាក់ឡើងទៅជារៀងរាល់ឆ្នាំ ដើម្បីឈានទៅ បំពេញ សេចក្តីត្រូវការរបស់ភ្ញៀវទេសចរអន្តរជាតិរហូតដល់ជាង៧លាននាក់ព្រមទាំងភ្ញៀវ ក្នុងស្រុកជាច្រើនលាននាក់ថែមទៀតនៅឆ្នាំ២០២០ខាងមុខ។
លោកសុង តេង ប្រធានសមាគមចុងភៅកម្ពុជាបានបញ្ជាក់ថា ជំនាញចុងភៅគឺមានតម្រូវការ ខ្ពស់ជាងព្រោះភ្ញៀវទេសចរត្រូវការបរិភោគជារៀងរាល់ថ្ងៃ ដូច្នេះយុវជនអាចចាប់យកជំនាញ នេះបានដោយវាមានតម្រូវការច្រើន។
មន្ត្រីក្រសួងទេសចរណ៍ធ្លាប់បានឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងវិស័យទេសចរណ៍ក្រសួងបានបង្កើតសាលាបណ្តុះបណ្តាលជំនាញវិស័យទេសចរណ៍ចំនួន៥កន្លែងនៅតាមបណ្តាខេត្តគោលដៅទេសចរណ៍ធំៗរួមទាំងបង្កើតសាលាចុងបណ្តុះបណ្តាល រយៈពេលខ្លីនិងមធ្យមដល់សិស្សនិស្សិតឲ្យបានកាន់តែច្រើននិងប្រកបដោយសមត្ថភាពវិជ្ជា ជីវៈខ្ពស់។
ជាមួយគ្នានេះដែរ ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នេះ សហព័ន្ធទេសចរណ៍កម្ពុជា គ្រោងបង្កើតព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារភេសជ្ជៈនិងបដិសណ្ឋារកិច្ច (CAMFOOD CAMHOTEL២០១៨)នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ ខែកញ្ញាខាងមុខនេះ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដើម្បីជាប្រភពសំខាន់ដល់អ្នកពាក់ព័ន្ធក្នុងវិស័យបដិសណ្ឋារកិច្ចនិងសេវាកម្មម្ហូបអាហារបានបង្ហាញពីផលិតផលថ្មីៗរបស់ខ្លួន។
ជាមួយគ្នានេះវាក៏ជាឱកាសសម្រាប់ក្រុមហ៊ុនអ្នកចែកចាយចំណីអាហារនិងភេសជ្ជៈក្នុងការស្វែងរកអ្នកផ្គត់ផ្គង់ថ្មីៗដើម្បីបង្កើតឱកាសវិនិយោគជាមួយក្រុមហ៊ុនសេវាកម្មផ្សេងទៀតនៅកម្ពុជា។
សូមបញ្ជាក់ថា ពិព័រណ៍វិស័យម្ហូបអាហារភេសជ្ជៈ សណ្ឋាគារនិងភោជនីយដ្ឋានលំដាប់អន្តរជាតិមានការដាក់តាំងបង្ហាញផលិតផល និងសេវាកម្មជាង៣៥០ក្រុមហ៊ុន ជាមួយនឹងម៉ាក់ល្បីៗមកពីជាង៣០ប្រទេស នៃតំបន់អាស៊ី ហើយរំពឹងថាព្រឹត្តិការណ៍នេះនឹងមានអ្នកចូលរួមជាង៨ពាន់នាក់៕
Source: Kampuchea Thmey Daily
0 Comments