ការសម្ពោធចូលកាន់តំណែងជាផ្លូវការនៅថ្ងៃអាទិត្យរបស់ប្រធានាធិបតីហ្ស៊ីមបាវ៉េលោក Emmerson Mnangagwa ត្រូវបានផ្អាក បន្ទាប់ពីមានការជំទាស់ផ្នែកច្បាប់ពីសំណាក់គណបក្សប្រឆាំងអំពីលទ្ធផលនៃការបោះឆ្នោត។
មេដឹកនាំគណបក្ស MDC លោក Nelson Chamisa បាននិយាយថា លោកមានភស្តុតាងបង្ហាញថា លោកត្រូវបានគេបោកប្រាស់ក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី៣០ខែកក្កដា។
គណបក្សរបស់លោកបាននិយាយថា ការបោះឆ្នោតនេះត្រូវបានបំផ្លាញដោយ “ការលួចបន្លំនិងការក្លែងបន្លំ” ប៉ុន្តែគណកម្មាធិការបោះឆ្នោតបានទទូចថា មិនមាន “ការប្រើល្បិចទេ”។
លោក Mnangagwa ទទួលបានសំឡេងឆ្នោត៥០,៨ភាគរយបើប្រៀបធៀបជាមួយលោក Chamisa ដែលទទួលបាន៤៤,៣ភាគរយ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Ziyambi Ziyambi បានថ្លែងថា “ការសម្ពោធចូលកាន់តំណែងមិនអាចបន្តធ្វើឡើងដូចដែលបានគ្រោងទុកនោះទេបន្ទាប់ពីគណបក្សប្រឆាំងបានដាក់ការប្រជែងកាលពីថ្ងៃសុក្រ”។
រដ្ឋធម្មនុញ្ញហ្ស៊ីមបាវ៉េអនុញ្ញាតឲ្យបេក្ខជនប្រធានាធិបតីអាចធ្វើការជំទាស់ចំពោះលទ្ធផលនៃការបោះឆ្នោតដោយស្របច្បាប់ក្នុងរយៈពេលប្រាំពីរថ្ងៃដែលអ្នកឈ្នះត្រូវបានប្រកាស។
តុលាការធម្មនុញ្ញបច្ចុប្បន្នមានរយៈពេល១៤ថ្ងៃដើម្បីសម្រេចលើបញ្ហាប្រឈមផ្នែកច្បាប់របស់គណបក្សចលនាដើម្បីការផ្លាស់ប្តូរប្រជាធិបតេយ្យ (MDC)។
គណបក្សនេះត្រូវតែបង្ហាញអំពីភាពមិនប្រក្រតីណាមួយដែលគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោត។ ប្រសិនបើរឿងនេះកើតឡើងដោយជោគជ័យមែននោះ តុលាការអាចបញ្ជាឲ្យរាប់សន្លឹកឆ្នោតឡើងវិញឬបដិសេធលទ្ធផល។
លោក Chamisa ចង់ឲ្យតុលាការប្រកាសគាត់ថាជាអ្នកឈ្នះឬរៀបចំការបោះឆ្នោតថ្មី។ នេះបើតាមការលើកឡើងរបស់មេធាវីគាត់ប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
គាត់បានបង្ហោះ Twitter ក្នុងរយៈពេលខ្លីបន្ទាប់ពីដាក់ពាក្យប្តឹងថា “យើងមានករណីដ៏ល្អមួយ”។
គួរបញ្ជាក់ថា រយៈពេលពីរថ្ងៃបន្ទាប់ពីការបោះឆ្នោត មនុស្សយ៉ាងតិច៦នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចរវាងកងកម្លាំងសន្តិសុខនិងអ្នកគាំទ្រគណបក្ស MDC ដែលបានចោទប្រកាន់ថា លោក Chamisa ត្រូវបានគេប្លន់ជ័យជម្នះ៕
Source: Kampuchea Thmey Daily
0 Comments