កាលពីថ្ងៃសុក្រ បាតុកររាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នាប្រឆាំងនឹងរដ្ឋាភិបាលគណបក្សប្រជាធិបតេយ្យសង្គម (PSD) ដែលកំពុងកាន់អំណាចនៅក្នុងទីក្រុងនានាទូទាំងប្រទេសរ៉ូម៉ានី និងរដ្ឋធានី Bucharest ដែលជាកន្លែងប៉ូលិសកុបកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងមនុស្សហើយមនុស្សរាប់រយនាក់ត្រូវការការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រ។
ការតវ៉ាទាំងនេះត្រូវបានរៀបចំនិងជំរុញដោយក្រុមជនជាតិរ៉ូម៉ានីដែលធ្វើការនៅបរទេសដែលពួកគេខឹងសម្បាចំពោះអ្វីដែលពួកគេនិយាយថាជាអំពើពុករលួយចាក់ឫស ប្រាក់ឈ្នួលទាបនិងការប៉ុនប៉ងដោយគណបក្ស PSD ដើម្បីធ្វើឲ្យប្រព័ន្ធតុលាការទន់ខ្សោយនៅក្នុងរដ្ឋដ៏ពុករលួយបំផុតរបស់សហភាពអឺរ៉ុបមួយនេះ។
នៅទីក្រុង Bucharest, អ្នកតវ៉ាមួយចំនួនបានព្យាយាមដើរក្បួនតាមរយៈខ្សែសន្តិសុខដែលដាក់ដើម្បីការពារអគាររដ្ឋាភិបាល។ អ្នកផ្សេងទៀតបានគប់ដបនិងដុំថ្មដាក់ប៉ូលិសបង្ក្រាបកុបកម្ម។
ខណៈដែលការតវ៉ាបានបន្តរហូតដល់ពេលយប់នោះ ប៉ូលិសបង្ក្រាបបាតុកម្មបានប្រើប្រាស់កាណុងទឹកនិងបង្កើនការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងមនុស្ស។ វីដេអូឃ្លីបដែលបង្ហោះ លើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីប៉ូលិសវាយដំអ្នកតវ៉ាដែលមិនប្រព្រឹត្តអំពើហិង្សា។
ទីភ្នាក់ងារអន្តរាគមន៍បន្ទាន់ ISU បាននិយាយថា មនុស្សជាង៤០០នាក់កំពុងត្រូវការជំនួយផ្នែកវេជ្ជសាស្ត្ររួមទាំងប៉ូលិសកុបកម្មពីរនាក់ផងដែរដែលបានបំបែកចេញពីអង្គភាពរបស់ពួកគេ។ មនុស្សរាប់ម៉ឺននាក់បានធ្វើបាតុកម្មដោយសន្តិវិធីនៅក្នុងទីក្រុងផ្សេងៗរបស់ប្រទេសរ៉ូម៉ានី។
ប្រធានាធិបតីនិយមកណ្តាលរបស់ប្រទេសរ៉ូម៉ានីលោក Klaus Iohannis បានថ្កោលទោសការប្រើកម្លាំងរបស់ប៉ូលិសដោយមិនត្រឹមត្រូវ។
លោកបាននិយាយនៅលើទំព័រ Facebook របស់លោកថា “ខ្ញុំសូមថ្កោលទោសយ៉ាងដាច់ខាតចំពោះការធ្វើអន្តរាគមន៍ដ៏ឃោឃៅរបស់ប៉ូលិសបង្ក្រាបបាតុកម្មដែលមិនសមាមាត្រចំពោះសកម្មភាពរបស់មនុស្សភាគច្រើន។ ក្រសួងមហាផ្ទៃត្រូវតែពន្យល់ជាបន្ទាន់ពីរបៀបដែលខ្លួនបានដោះស្រាយចំពោះព្រឹត្ដិការណ៍នៅរាត្រីនេះ”។
ធនាគារពិភពលោកបាននិយាយថា ជនជាតិរ៉ូម៉ានីពី៣ទៅ៥លាននាក់កំពុងធ្វើការនិងរស់នៅក្រៅប្រទេសដែលចំនួននេះគឺស្មើនឹងមួយភាគបួននៃចំនួនប្រជាជនរបស់សហភាពអឺរ៉ុប។ ពួកគេបានបញ្ជូនប្រាក់មកផ្ទះក្រោម៥ពាន់លានដុល្លារកាលពីឆ្នាំមុន។
គួរបញ្ជាក់ថា ប្រទេសរ៉ូម៉ានីជាប់ចំណាត់ថ្នាក់ជារដ្ឋដែលពុករលួយបំផុតមួយរបស់សហភាពអឺរ៉ុបហើយទីក្រុងប្រ៊ុសស៊ែលបានរក្សាប្រព័ន្ធយុត្តិធម៌របស់ខ្លួនក្រោមការឃ្លាំមើលពិសេស៕
Source: Kampuchea Thmey Daily
0 Comments