Ad Code

ការផ្ទុះ​នៅ​រោងចក្រ​សម្ភារៈ​យោធា​របស់​អង់គ្លេស​ បាន​សម្លាប់​មនុ​ស្ស​ម្នាក់ ​ខណៈ​ម្នាក់ទៀត​រង​របួស



ក្រុមហ៊ុន​ផលិត​សម្ភារៈ​ផ្នែក​ការពារ​របស់​ចក្រភព​អង់គ្លេស Chemring Group Plc បាន​ឲ្យ​ដឹងថា ការផ្ទុះ​មួយ​នៅ​រោងចក្រ​ឧបករណ៍​យោធា​មួយ​ក្បែរ​ទីក្រុង Salisbury នៃ​តំបន់ Wiltshire បាន​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​កាលពី​ថ្ងៃ​សុក្រ។

ក្រុមហ៊ុន​នេះ​បាន​និយាយ​នៅក្នុង​ការ​បង្ហោះ Twitter មួយ​ថា ការផ្ទុះ​នៅឯ​រោងចក្រ Chemring Countermeasures របស់​ក្រុមហ៊ុន​ម៉ៅការ​ចក្រភព​អង់គ្លេស​មួយ​នេះ​ក៏បាន​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ផ្សេងទៀត​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ផងដែរ​។​

ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹងថា អ្នក​នៅ​កន្លែងកើតហេតុ​ត្រូវបាន​ជម្លៀសចេញ​ហើយ​ឧបទ្ទវ​ហេតុនេះ​បាន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​។ ក្រុមហ៊ុន​ផលិត​ឧបករណ៍​ការពារជាតិ​មួយ​នេះ​បានចាប់ផ្តើម​ស៊ើបអង្កេត​លើ​ហេតុការណ៍​នេះ​ដែល​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​។​

បណ្តាញសារព័ត៌មាន​អង់គ្លេស​បាន​រាយការណ៍​ពី​ការផ្ទុះ​នេះ​ដោយ​លើកឡើង​ប្រភពពី​ប៉ូលិស​តំបន់ Wiltshire ។​

អ្នកនាំពាក្យ​ប៉ូលិស​តំបន់ Wiltshire ត្រូវបាន​ដកស្រង់​សំដី​ដោយ BBC ដែល​បាន​និយាយថា “​យើង​មាន​ជនរងគ្រោះ​ពីរ​នាក់​ដែល​ត្រូវ​បានកំណត់​អត្តសញ្ញាណ​។ គួរ​ឲ្យ​សោកស្តាយ ម្នាក់​ក្នុងចំណោម​ពួកគេ​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ហើយ​ម្នាក់ទៀត​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ រ៉​យ​ទ័​រ​មិនអាច​ទាក់ទង​កងកម្លាំង​ប៉ូលិស​ដើម្បី​សុំ​ការបំភ្លឺ​ភ្លាមៗ​បានទេ​។​
​គួរ​បញ្ជាក់ថា រោងចក្រ Chemring Countermeasures គឺជា​កន្លែង​ផលិតផល​សម្ភារៈ​ដើម្បី​ការពារ​នាវា​យោធា​និង​យន្តហោះ​ពី​ការវាយប្រហារ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu