Ad Code

កូ​ឡុំ​ប៊ី​ស្នើ​ឲ្យ UN ចាត់តាំង​បេសកជន​ពិសេស​ដើម្បី​គ្រប់គ្រង​វិបត្តិ​ជន​អន្តោប្រវេសន៍​វេ​ណេ​ហ្ស៊ូ​អេ​ឡា​



រដ្ឋមន្ត្រីការបរទេស​កូ​ឡុំ​ប៊ី​ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​កូ​ឡុំ​ប៊ី ​នឹង​ស្នើសុំ​ឲ្យ​អង្គការសហប្រជាជាតិ​ ​ចាត់តាំង​បេសកជន​ពិសេស​មួយ​ដើម្បី​សម្របសម្រួល​ជំនួយ​មនុស្សធម៌​សម្រាប់​ជន​អន្តោប្រវេសន៍​វេ​ណេ​ហ្ស៊ូ​អេ​ឡា​រាប់សែន​នាក់​ដែល​សម្រុក​ចូលក្នុង​បណ្តា​ប្រទេស​នៅ​ជុំវិញ​តំបន់។

​មនុស្ស​ជាង​មួយ​លាន​នាក់​បាន​មកដល់​ប្រទេស​កូ​ឡុំ​ប៊ី​ពី​វេ​ណេ​ហ្ស៊ូ​អេ​ឡា​កាលពី​ឆ្នាំមុន​ដោយ​គេច​ចេញពី​វិបត្តិ​សេដ្ឋកិច្ច​និង​នយោបាយ​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​សង្គមនិយម​មួយ​នេះ​ដែលជា​ហេតុ​បង្ក​ឲ្យ​មាន​កង្វះ​ស្បៀងអាហារ​និង​ឱសថ​។​

រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក Carlos Holmes Trujillo ដែល​បាន​ឡើងកាន់តំណែង​កាលពី​ថ្ងៃ​អង្គារ​បាន​ប្រាប់​អ្នកកាសែត​ថា “​យើង​នឹង​ទទូច​លើ​ការពង្រឹង​មូលនិធិ​មនុស្សធម៌​ជាបន្ទាន់​ហើយ​យើង​នឹង​ស្នើសុំ​ការចាត់តាំង​បេសកជន​ពិសេស​មួយ​ក្រោម​អង្គការសហប្រជាជាតិ​ដែល​អាច​សម្របសម្រួល​ស​កម្ម​ភាព​ពហុភាគី​ដែល​ត្រូវ​បានទាមទារ​ដោយសារតែ​វិបត្ដិ​មនុស្សធម៌​”​។

ប្រទេស​កូ​ឡុំ​ប៊ី​បាន​ចំណាយ​ប្រាក់​រាប់លាន​ដុល្លារ​សម្រាប់​ជំនួយ​ដល់​ជនអន្តោប្រវេសន៍​វេ​ណេ​ហ្ស៊ូ​អេ​ឡា​រួមមាន​ដូចជា​ម្ហូបអាហារ កន្លែង​ស្នាក់នៅ​និង​ការថែទាំ​សុខភាព​។

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី Nikki Haley កាលពី​ថ្ងៃ​ពុធ​បានប្រកាស​ផ្តល់ជំនួយ​បន្ថែមចំនួន​៩​លាន​ដុល្លារ​ដល់​ប្រទេស​កូ​ឡុំ​ប៊ី​ដើម្បី​ជួយ​ក្នុង​វិបត្តិ​នេះ​ក្នុងអំឡុង​ពេលធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ព្រំដែន Cucuta ។​

លោក Trujillo បាន​និយាយថា លោក​មិនទាន់​ទទួលបាន​សំណើ​បត្យាប័ន​ជា​ផ្លូវការ​ទេពី​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​សម្រាប់​មនុស្ស​ចំនួន​៦​នាក់​ដែល​ត្រូវបាន​ចោទប្រកាន់ថា​មាន​ជាប់​ពាក់ព័ន្ធ​ក្នុងការ​ផ្ទុះ​ដ្រូ​ន​ក្នុង​ព្រឹត្តិការណ៍​យោធា​មួយ​កាលពី​សប្តាហ៍​មុន​និង​ជា​អ្នក​ដែល​គេ​ជឿជាក់ថា​កំពុងស្ថិត​នៅក្នុង​ប្រទេស​កូ​ឡុំ​ប៊ី​។

លោក Trujillo បានបញ្ជាក់​សាជាថ្មី​ថា ប្រទេស​កូ​ឡុំ​ប៊ី​នឹង​ដកខ្លួន​ចេញពី​សហភាព​ប្រជាជាតិ​អាមេរិក​ខាងត្បូង (Unasur) ដែល​បាន​បង្កើតឡើង​កាលពី​១០​ឆ្នាំមុន​ក្នុងការ​ប៉ុនប៉ង​ធ្វើ​ឲ្យ​មាន​តុល្យភាព​ឥទ្ធិពល​អាមេរិក​នៅ​តំបន់​អាមេរិក​ឡាទីន​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu