ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ ដោយសារការបាក់ដី និងទឹកជំនន់ ដែលបង្កដោយភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌាបានកើនឡើងដល់២៦នាក់ហើយ។
ការស្លាប់នេះ ត្រូវបានគេរាយការណ៍ពីស្រុក Idukki, Malappuram, Kozhikode, Wayanad និង Ernakulam។
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា “ខណៈមានអ្នកស្លាប់បួននាក់ទៀតនៅល្ងាចថ្ងៃព្រហស្បតិ៍នោះ ចំនួនអ្នកស្លាប់សរុបគឺ២៦នាក់។ មនុស្សជាច្រើននៅតែបាត់ខ្លួននៅក្នុងស្រុកទាំងនេះ”។
លោកបានបន្ថែមថា ក្រៅពីកងកម្លាំងជំនួយគ្រោះមហន្តរាយជាតិ (NDRF), កងទ័ពឥណ្ឌាកំពុងត្រូវបានដាក់ពង្រាយនៅក្នុងរដ្ឋនេះ។
អាជ្ញាធរមូលដ្ឋានបាននិយាយថា សាលារៀននិងមហាវិទ្យាល័យត្រូវបិទទ្វារនៅតាមផ្នែកជាច្រើននៃរដ្ឋនេះហើយការប្រណាំងទូកប្រចាំឆ្នាំ Nehru នៅស្រុក Alappuzha ត្រូវបានផ្អាកដោយសារតែភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារលើរដ្ឋ Kerala។
រដ្ឋមន្ដ្រីប្រចាំរដ្ឋនេះគឺលោក Pinarayi Vijayan បានបញ្ជាឲ្យបើកទំនប់ទឹកចំនួន២២នៅទូទាំងរដ្ឋ Kerala ដោយសារតែការកើនឡើងនៃកម្ពស់ទឹកនៅក្នុងអាងស្តុកទឹកធំៗ។
គួរបញ្ជាក់ថា កាលពីខែមុន មនុស្សជាង៤០នាក់បានបាត់បង់ជីវិតនៅក្នុងឧប្បត្តិហេតុដែលទាក់ទងនឹងទឹកភ្លៀងនៅ Kerala នេះ៕
Source: Kampuchea Thmey Daily
0 Comments