Ad Code

ប្ដី​រវល់​រកស៊ី​ផ្លូវ​ឆ្ងាយ ​ប្រពន្ធ​មាន​សហាយ​យ៉ាង​សោយសុខ



ភ្នំពេញ ​៖ ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង​ភូមិ​ផង​របង​ជាមួយ ​ហើយ​ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​ហៅ​ភាគី​ទាំង​បី​មក​សាកសួរ​ បន្ទាប់ពី​ប្ដី​តាម​ទាន់​ប្រពន្ធ​នាំ​ប្រុស​ស្នេហ៍​មក​ដេក​ស្នាក់នៅ​ក្នុងផ្ទះ​យ៉ាង​សុខ​ស្រួល។

ករណី​នេះ ​កើតឡើង ​ដោយសារ​តែ​ប្ដី​រវល់​រកស៊ី​ឡើង​ចុះ​ផ្លូវ​ឆ្ងាយ​ថៃ កម្ពុជា​ញឹកញាប់​អស់​រយៈពេល​៤​ខែ​បែរជា​នាង​ឆ្លៀតឱកាស​លួច​បង្កាត់ភ្លើង​ស្នេហ៍ ​ជាមួយ​ប្រុស​ថ្មី​នៅពេល​ប្ដី​មក​ទាន់​ក៏​ផ្ទុះ​រឿង​តែម្ដង។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៨​នៅផ្ទះ​លេខ​៣៦​សេ​២០​ ផ្លូវ​បេតុង ភូមិ​ត្រពាំង​ក្រសាំង​១ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ។

ភាគី​ខាង​ប្រពន្ធ​មានឈ្មោះ ប ឆ វ អាយុ​៣៤​ឆ្នាំ មុខរបរ​លក់ដូរ និង​កាត់ដេរ​រស់នៅ​ផ្ទះ​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​ភូមិ​ប្រគាប ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល​ខេត្តបាត់ដំបង។ ចំណែក​ភាគី​ខាង​ប្តី មានឈ្មោះ សៀ គឹម​លី អាយុ​៣៧​ឆ្នាំ មុខរបរ អ្នកជំនួញ ខ្មែរ​-​ថៃ រស់នៅ​ផ្ទះកើតហេតុ តែ​ក្នុង​រយៈពេល​៤​ខែ ខណៈ​ដែល​មាន​បញ្ហា​ក្នុង​គ្រួសារ ច្រើនតែ​ស្នាក់​នៅផ្ទះ​បង​ផ្សេងទៀត។ ដោយឡែក ភាគី​ខាង​ប្រុស​ស្នេហ៍ របស់​ស្ត្រី​ខាងលើ ឈ្មោះ ឯក ណា​ង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ សន្តិសុខ មាន​ស្រុកកំណើត ភូមិ​ប្រគាប ឃុំ​រូង​ជ្រៃ ​ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ជា​ស្រុកកំណើត​ជាមួយ​ស្រី​ស្នេហ៍។

តាម​ភាគី​ខាង​ប្តី​បាន​ឲ្យ​ដឹង​ថា គាត់​បាន​រៀបការ​នឹង​គ្នា​អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ ដោយ​ប្រកបមុខរបរ ជា​អាជីវករ ទាំង​២​នាក់ ហើយ​មាន​កូនស្រី​ម្នាក់ អាយុ​៧​ឆ្នាំ​ហើយ ជា​ចំណង​ស្នេហ៍។ ការរស់នៅ​ក្នុងសង្គម​គ្រួសារ គ្រា​ដើម រាសី​ខ្ពស់ត្រដែត មុខរបរ រក​ស៊ី​ឡើង​ដូច​កាំជណ្តើរ ដោយ​មហិច្ឆតា ក្រុម​គ្រួសារ ​​ពង្រីក​នូវមុខ​របរ ប្តី​បន្ថែម​ជំនួញ​ជួញដូរ ដឹក​អីវ៉ាន់ ពី​ប្រទេស​ថៃ មក​កម្ពុជា អស់​រយៈពេល​ជិត​១​ឆ្នាំ។ ស្រប​ពេល​ដែល​ប្តី​មិន​នៅផ្ទះ ​​​រយៈពេល​៤​ខែ​ចុង​ក្រោយនេះ ពោល​ក្នុងអំឡុង ខែ​មីនា ឆ្នាំ​២០១៨ កន្លងមកនេះ ស្រាប់តែ​ភាគី​ខាង​ប្រពន្ធ បញ្ចេញ​នូវ អាកប្បកិរិយា​ប្លែកៗ ចេះតែ​ដុកដាន់ រករឿង​ប្ដី ទើប​ក្នុង​គ្រួសារ កើតជា​វិវាទ​ទំនាស់ បាត់អស់​រលីង​សេចក្តីសុខ​សុភមង្គល គ្រួសារ។ ទង្វើ​និង​សកម្មភាព​ប្លែកៗ​ស្តែង​ចេញ​ឡើង​របស់​ភាគី​ប្រពន្ធ ធ្វើ​ឲ្យ​ភាគី​ខាង​ប្តី កាន់តែ​ងឿងឆ្ងល់ ទីបំផុត​គ្រួសារ​ខាងលើ​ ក៏​ផ្ទុះ​ជម្លោះ​​នៅ​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៨ នេះ​ បន្ទាប់ពី​ប្តី​តាម​ទាន់ ឃើញ​ជាក់​នឹង​ភ្នែក ​ប្រពន្ធ​នាំ​ប្រុស​ស្នេហ៍​ចូល​មកដល់​ក្នុងផ្ទះ​ ស្រែក​ឆោឡោ​ផ្អើល​អ្នកជិតខាង ​ផ្អើល​ទាំង​សមត្ថកិច្ច​ចុះ​​​អន្តរាគមន៍​ផងដែរ។

បើតាម​សម្តី​ភាគី​ខាង​ប្រពន្ធ​វិញ បាន​ឲ្យ​ដឹង​យ៉ាងខ្លី​ថា មូលហេតុ​មកពី​ប្តី​ចុះចោល​ផ្ទះ​៤​ខែ​មកហើយ​ទើប​កើតរឿង​នេះ។ ពេលនេះ​សមត្ថកិច្ច​កំពុងធ្វើការ​ដោះស្រាយ​សម្រប​សម្រួល​មួយ​ជំហាន​សិន​បើ​គ្មាន​លទ្ធផល​ទើប​កសាង​សំណុំរឿង​បញ្ជូន​មក​ថ្នាក់លើ​ទៀត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu