សៀមរាប ៖ រថយន្តក្រុមហ៊ុនស៊ីទែនប្រេងPTTបើកបរលឿនហួសកំណត់ជ្រុលទៅបុកគោយន្តដឹកស្រូវក្នុងទិសដៅស្របគ្នាធ្លាក់ស្នាមភ្លោះ បណ្ដាលឲ្យស្លាប់ប្តីនៅនឹងកន្លែង និងប្រពន្ធរងរបួស។ចំណែកអ្នកបើករថយន្តគេចខ្លួនបាត់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងនៅវេលាម៉ោង១៥និង៣០ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨តាមបណ្តោយផ្លូវជាតិលេខ៦ខាងកើតស្ពានបឹងក្រមោល ៥ម៉ែត្រ ភូមិបឹងក្រមោល ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានឲ្យដឹងថា រថយន្តម៉ាក ឈិនឡុង ក្បាលសណ្តោងពណ៌ស (ស៊ីទែនប្រេង)ក្រុមហ៊ុនPTT ពាក់ស្លាកលេខភ្នំពេញ3E.0279បើកពីលិចទៅកើត បានបុក គោយន្តកែច្នៃ ដាក់ម៉ាស៊ីនកិនស្រូវពាក់ស្លាកលេខស្វាយរៀង6A.1021បណ្តាលឲ្យស្លាប់អ្នកបើកបរឈ្មោះគាត គា ភេទប្រុស អាយុ៤០ឆ្នាំមានទីលំនៅភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង និងរបួសឈ្មោះ ហ៊ួន ធន់ ភេទស្រី អាយុ៤១ឆ្នាំ ត្រូវជាប្រពន្ធមានទិសដៅពីត្បូង បត់ទៅកើត។
មូលហេតុរថយន្តសណ្ដោងបើកលឿន។ នគរបាលជំនាញ បានចុះជំនាញវាស់វែង យករថយន្តមករក្សានៅអធិការនគរបាលស្រុកជីក្រែងដើម្បីចាត់ការតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments