Ad Code

ដំណាំ​កញ្ឆា​នៅ​ស្រុក​គិរីវង់​គ្មាន​ការ​ថមថយ​ ខណៈ​ចៅហ្វាយស្រុក ​និង​មេប៉ូលិស​ស្រុក​ហាក់​គ្មាន​ចំណាត់ការ​ក្តៅ



តាកែវ ៖ ដំណាំ​កញ្ឆា​នៅតែមាន​ការ​លួច​ដាំ​ដុះ​ដោយ​ខុសច្បាប់​នៅលើ​ជួ​ភ្នំ​បា​យ៉ង់​កោ ស្រុក​គិរីវង់ ខេត្តតាកែវ ដដែល​ ទោះបី​កន្លងមក​អាជ្ញាធរ​ធ្លាប់ធ្វើ​ការបង្ក្រាប​ជាច្រើនលើក​ច្រើនសា​​យ៉ាង​ណាក៏ដោយ។

វត្តមាន​ដើម​កញ្ឆា ​ដែល​មិន​មាន​ការ​ថមថយ​នៅ​លើ​ទីតាំង​ដដែលៗ​នេះ​ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​សង្ស័យ​ពី​ភាព​មិន​ប្រក្រតី​នៃ​ចំណាត់ការ​របស់​លោក​អធិការ​នគរបាល​ស្រុក​ក៏ដូចជា​លោក​ចៅហ្វាយស្រុក ពី​សមាសភាព​ពួកគាត់​ក្នុង​ការ​បង្ក្រាប ព្រោះថា​មាន​តែ​ស្រុក​មួយ​នេះ​ទេ​ក្នុង​ទឹកដី​ខេត្តតាកែវ​ ដែល​មាន​ក្រុម​ឈ្មួញ​ដាំ​ដុះ​កញ្ឆា​មិន​ញញើត​ដៃ។

ជាក់ស្ដែង​នៅ​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៨ លោក​វរសេនីយ៍ឯក ង៉ែត ច​ន្ធី មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តតាកែវ​ទទួល​ផែន​យុត្តិធម៌ ដោយមាន​ការ​សម្របសម្រួល​នីតិវិធី​ដោយ​លោក ជីវ ចាន់​ដា​រា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ​ផង​នោះ បាន​ដឹកនាំ​កម្លាំង​ចំនួន​២៥​នាក់​ឡើងលើ​កំពូលភ្នំ​បា​យ៉ង់​កោ ស្ថិតនៅ​ភូមិ​ជ្រោយ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ស្រាវជ្រាវ​រក​ជនល្មើស​និង​បាន​កាប់បំផ្លាញ​ដំណាំ​កញ្ឆា​បន្ដទៀត​ ខណៈ​សប្ដាហ៍​មុន​កម្លាំង​របស់លោក​ធ្វើការ​បង្ក្រាប​ដើម​កញ្ឆា​បាន​ជិត​១០០០​ដើម​។​

តាម​សម្ដី​លោក​វរសេនីយ៍ឯក​បាន​ឲ្យ​ដឹង​ថា​ ដំណាំ​កញ្ឆា​នៅ​លើ​កំពូលភ្នំ​នេះ​មាន​ការដាំដុះ​ច្រើន​ទីតាំង​ដូចជា​គ្មាន​ការ​ថមថយ​សោះ ម្យ៉ាងទៀត​ការ​ធ្វើដំណើរ​ឡើងលើ​ភ្នំ​ក៏​មាន​ស្ថានភាព​ស្មុគស្មាញ​ច្រើនតែ​ទោះជា​លំបាក​បែបណាក៏ដោយ​ក៏​កម្លាំង​របស់​លោក​ប្ដេជ្ញា​ធ្វើការ​បង្ក្រាប​ឲ្យ​ខាន​តែ​បាន​ព្រោះ​នេះ​ជា​ភារកិច្ច​របស់​សមត្ថកិច្ច​លោក។

ជា​លទ្ធផល​នៃ​ប្រតិ​ប​ត្តិការ​នេះ ដើម​កញ្ឆា​ចំនួន​៥៦៣៧​ដើម នៅលើ​១៤​ទីតាំង និង​អាង​ស្តុក​ទឹក​ចំនួន​១៤​ត្រូវ​បាន​កាប់​ដុត​និង​បំផ្លាញ​ចោល៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu