Ad Code

ប្រទេស​មាន​សន្ដិភាព ​ទើប​ពលរដ្ឋ​ខ្មែរឥស្លាម​បាន​ចេញ​ដំណើរ​ទៅ​ប្រារព្ធ​ពិធីបុណ្យ​ហា​ជ្ជី​រាប់ពាន់នាក់



ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ បាន​បញ្ជាក់ថា រហូតមក ដល់​ថ្ងៃនេះ មាន​ពលរដ្ឋ​ខ្មែរឥស្លាម បាន​ទៅ​ចូលរួម​បុណ្យ​ហា​ជ្ជី​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ជិត​៨០០​នាក់​ហើយ ដែល​ក្នុង​គម្រោង ១០០៨​នាក់ ខណៈ មាន​សាសនិក​ឥស្លាម​ទូទាំង​ពិភពលោក បាន​កំពុង​ចេញដំណើរ​ជា​បណ្តើរៗ ទៅកាន់​ក្រុង​ម៉ា​កាស ប្រទេស​អា​រ៉ា​ប៊ី​សា​អី​ឌី​ត ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ហា​ជ្ជី​នៅ​ទីតាំង​ប្រវត្តិសាស្ត្រ​កកើត​សាសនា​ឥស្លាម ដែល​ទទួល​មនុស្ស​រាប់​លាន​នាក់។



លោក អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន បញ្ជាក់​បែបនេះ ខណៈ​លោក និង​លោកស្រី​ចូលរួម​ជួន​ដំណើរ ពលរដ្ឋ​ខ្មែរឥស្លាម ចេញទៅ​ធ្វើបុណ្យ​ហា​ជី្ជ ១៣០​នាក់ នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ កាលពី​ថ្ងៃ​១៣ រោច​ខែ​ទុតិយាសាឍ ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី​០៩ សីហា ឆ្នាំ​២០១៨។



លោក អូស្មាន ហាស្សាន់ បាន​បញ្ជាក់​ថា ភ្ញៀវ​ពី​ព្រះ រាជាណាចក្រ​កម្ពុជា ក៏មាន​បងប្អូន ខ្មែរ​សាសនិក​ឥស្លាម បានធ្វើ​ដំណើរ​ជិត​៨០០​នាក់​ហើយ​ដែរ ទៅកាន់​ទីនេះ​ដូចគ្នា ដែល​តាម​ការ​គ្រោងទុក​មាន​ចំនួន​១០០៨​នាក់ ហើយ​តាំងពីដើម​ខែសីហា ២០១៨ មកដល់​ថ្ងៃនេះ ភ្ញៀវ​ដែល​បានចេញ​ដំណើរ បាន​ជិត ៨០០​នាក់​ហើយ ខណៈ​ជាង​២០០​នាក់ ទៀត​នឹងត្រូវ​ចេញដំណើរ​នៅ​ថ្ងៃទី​១១ សីហា និង ១៣ ខែសីហា ឆ្នាំ ២០១៨​នេះ។



លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង ថ្នាក់ដឹកនាំ​ឥស្លាម​មួយចំនួនទៀត បាន​បញ្ជាក់​ថា ក្នុងនាម ថ្នាក់ដឹកនាំ លោក​បាន​ជូនពរ​ឲ្យ​ការ​ធ្វើដំណើរ​ទាំង​ទៅ​ទាំង​មក សូម​ទទួល​បាន​សុខ​សុវត្ថិភាព និង ទទួល​បានការ​ប្រារព្ធ​ពិធីបុណ្យ​ដោយ​ជោគជ័យ។

សូម​បញ្ជាក់​ថា ការ​ទៅ​ចូលរួម​ប្រតិបត្តិ​បុណ្យ​ហា​ជ្ជ គឺជា​កាតព្វកិច្ច​ទី​៥ ក្នុងចំណោម​កាតព្វកិច្ច​ទាំង​៥ របស់​សាសនា​ឥស្លាម​។ ជា​រៀងរាល់​ឆ្នាំ សាសនិក​ឥស្លាម នៅ​ទូទាំង​ពិភពលោក ពី​គ្រប់ទិសទី ប្រមាណ៣​លាន​អ្នក អញ្ជើញ​ទៅ​ប្រារព្ធ​បុណ្យ​នេះ​នៅ​ឯ​ទីក្រុង​ម៉ា​ក្កះ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។ នៅ​ឆ្នាំ​២០១៨​នេះ ពិធីបុណ្យ នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃទី​២២ ខែសីហា រយៈពេល​មួយ​សប្តាហ៍​។ សម្រាប់​អ្នក​ដែល​គ្មាន​លទ្ធភាព ការ​ទៅធ្វើ​បុណ្យ​នេះ មិន​ជាប់​ជា​កាតព្វកិច្ច​សម្រាប់​ពួកគេ​នោះឡើយ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu