ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡាបានអះអាងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនៅថ្ងៃទី១មានបេក្ខជនអវត្តមានចំនួន១ ៧៥២នាក់ ស្រី ៧១០នាក់ក្នុងចំណោមបេក្ខជនប្រឡងសរុបចំនួន ១១៥ ២៦៨ នាក់ស្រី ៥៨ ១៥៨ នាក់។
នៅក្នុងថ្ងៃប្រឡងលើកទី១នេះដែរ មានបេក្ខជនប្រព្រឹត្តកំហុសឆ្គង មានចំនួន០៤ករណី ក្នុងនោះករណីដកហូតទូរស័ព្ទដៃទាំង ០៣ករណី និងនាំសំណៅឯកសារចូលចំនួន០១ករណីនិងបុគ្គលិកអប់រំមានកំហុសឆ្គង០១ករណី (ប្រើទូរស័ព្ទ) ត្រូវបានបញ្ឈប់មិនអនុញ្ញាតឲ្យបន្តការងារ។
ដោយឡែកបេក្ខជនមានបញ្ហាសុខភាពធ្ងន់ធ្ងរចំនួន ៣២ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម ករណីបេក្ខជនគ្រោះថ្នាក់ចរាចរណ៍ចំនួន០១ករណី និងមាន ០២ករណី ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និងពុំអាចត្រឡប់មកបន្តការប្រឡងបាន។
ចំពោះស្ថានភាពប្រឡងវិញ គឺប្រព្រឹត្តិទៅដោយរលូនល្អ និង មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយដោយនៅតាមមណ្ឌលប្រឡងនីមួយៗ បានដំណើរការដោយភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈកម្មការមេប្រយោគគ្រប់លំដាប់ថ្នាក់ មន្ត្រី អ្នកសង្កេតការណ៍ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ជាទូទៅបេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ ដោយពុំមាននាំមកជាមួយនៅសំណៅឯកសារ ឬឧបករណ៍ហាមឃាត់ឡើយ និងប្រឹងប្រែងធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។
រីឯនៅតាមមណ្ឌលប្រឡងមួយចំនួនដូចជានៅខេត្តកោះកុង កែប តាកែវ ក្រចេះ រតនគិរី បន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំងមានភ្លៀងធ្លាក់នៅពេលព្រឹកប៉ុន្តែមិនប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។
ពាក់ព័ន្ធនឹងការប្រឡងបាក់ឌុបនេះដែរ រដ្ឋមន្ត្រីក្រសួងអប់រំបានអះអាងថា ការប្រឡងបាក់ឌុបឆ្នាំនេះ មានលក្ខណៈកាន់តែល្អប្រសើរជាងឆ្នាំមុនៗ។
ថ្លែងក្រោយចូលរួមកាត់វិញ្ញាសាប្រឡងបាក់ឌុបនៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិកាលពីព្រឹកថ្ងៃទី២០សីហា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាមានប្រសាសន៍ថាបេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះបានអនុវត្តបទបញ្ញត្តិរបស់ក្រសួងបានល្អប្រសើរដោយមិនមាននាំយកសំណៅឯកសារ ឬ ប្រ៊ុយ៉ុង និង ឧបករណ៍អេឡេចត្រូនិចចូលក្នុងមណ្ឌលប្រឡងទេ។
លោករដ្ឋមន្ត្រីបានបន្តថា ការប្រឡងបាក់ឌុបនៅថ្ងៃទី១ មានសភាពស្ងប់ស្ងាត់ល្អទាំងក្នុងនិងក្រៅមណ្ឌលប្រឡង ដោយសារតែលោកគ្រូអ្នកគ្រូ អាណាព្យាបាល និង បេក្ខជនប្រឡងមានការផ្លាស់ប្តូរឥរិយាបថ និង បានយល់ដឹងពី សារៈសំខាន់នៃដំណើរការប្រឡង។
លោករដ្ឋមន្ត្រីបានបន្ថែមថា ដំណើរការប្រឡងឆ្នាំនេះបានរៀបចំដោយរលូននិងកាន់តែមានលក្ខណៈល្អប្រសើរបើទោះបីជាមានខេត្តខ្លះរងគ្រោះដោយទឹកជំនន់ឬ ជំនន់ទឹកភ្លៀងក៏ដោយក៏មិនមានការប៉ះពាល់ដល់ដំណើរការប្រឡងដែរ ពិសេសដោយសារមានការចូលរួមគាំទ្រពីអង្គភាពប្រឆាំងអំពើពុករលួយនិងអាជ្ញាធរដែនដីនៅទូទាំងប្រទេស។
លោករដ្ឋមន្ត្រីបន្ថែមថា «អីចឹងពីមួយឆ្នាំទៅមួយឆ្នាំ ការរៀបចំការប្រលងកាន់តែល្អប្រសើរ ដោយសារតែយើងប្រលងហើយ យើងតែងតែប្រជុំគ្នាដាក់បទពិសោធន៍តើនៅមានចំណុចអ្វីខ្លះ? អីចឹងជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្ត ក្រុង យើងដកបទពិសោធន៍ទាំងអស់គ្នា ហើយយើងដាក់វិធានការកែលម្អ។ អ៊ីចឹងរយៈពេល៥ឆ្នាំនេះ យើងកែលម្អទាំង៥ឆ្នាំ អីចឹងហើយបានលទ្ធផលកាន់តែល្អប្រសើរ»។
លោករដ្ឋមន្ត្រីបានបន្តទៀតថា «ខ្ញុំអាចធានាបានថា ការប្រលងនេះនឹងប្រព្រឹត្តទៅដោយឈរលើគោលការណ៍៤ គឺគោលការណ៍ច្បាប់ គោលការណ៍តម្លាភាព យុត្តិធម៌ គឺអ្នកចេះជាប់ ហើយនឹង លទ្ធផលប្រឡងអាចទទួលយកបានទាំងអស់គ្នា»។
លោក ឃាងសេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានមានប្រសាសន៍ថា ប្រឡងឆ្នាំនេះមានអង្គភាពប្រឆាំងអំពើពុករលួយបានដាក់អ្នកសង្កេតការណ៍ឃ្លាំងមើលការប្រឡងជាង៥ពាន់នាក់ ក្នុងនោះនៅមណ្ឌលប្រឡងភ្នំ ពេញមានជាង៩០០នាក់។
លោកបានប្តេជ្ញាថានឹងខិតខំអនុវត្តទៅតាមតួនាទីរបស់ខ្លួន ឲ្យបានល្អក្នុងការចូលរួមកាត់បន្ថយចំណុចអវិជ្ជមានដែលកើតឡើងកន្លងមកដើម្បីឲ្យលទ្ធផលប្រឡងអាចទទួលយកបានទាំងអស់គ្នា។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការប្រឡងបាក់ឌុបនេះសាលារាជធានីភ្នំពេញបានរៀបចំដាក់កម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់និងធ្វើចរាចរណ៍នៅតាមមណ្ឌលប្រឡងនីមួយៗឲ្យបានល្អប្រសើរ និង មិនយកថ្លៃផ្ញើម៉ូតូពីបេក្ខជនប្រឡងជាដើម។
ចំណែក លោក ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដែលហៅកាត់ថាស. ស. យ. ក. មានប្រសាសន៍ថា ការប្រឡងនេះស. ស. យ. ក. បានសហការជាមួយក្រសួងអប់រំយុវជននិងកីឡាបើកវគ្គបំប៉នបន្ថែមដល់សិស្សថ្នាក់ទី១២ ដើម្បីបង្កើនសមត្ថភាពសិស្សឲ្យបានកាន់តែប្រសើរឡើង។
លោកបានបន្តថា ភាពជោគជ័យ ឬ មិនជោគជ័យគឺអាស្រ័យទៅលើបេក្ខជនប្រឡងម្នាក់ៗទេរាជរដ្ឋាភិបាលនាយកសាលា លោកគ្រូ អ្នកគ្រូ គ្រាន់តែផ្តល់ឱកាសឲ្យគាត់បានរៀនឬរំលឹកមេរៀនបន្ថែមដល់គាត់តែអ្វីសំខាន់គឺខ្លួនគាត់មានការខិតខំប្រឹងប្រែងខ្លួនឯងជឿជាក់លើខ្លួនឯងដល់កំរិតណាដើម្បីទទួលបានជោគជ័យ។
លោកសង្ឃឹមថា «ស្មារតីនិងការអប់រំចិត្តក្នុងការបណ្តុះផ្នត់គំនិតនេះនឹងក្លាយជាមូលដ្ឋានមួយក្នុងការប្រកួតប្រជែងនៃកូនខ្មែរគ្រប់រូបជំនាន់ទៅថ្ងៃអនាគតផងដែរ ទាំងការខិតខំខ្លួនឯងការតស៊ូខ្លួនឯង ការស្វែងរកឱកាសខ្លួនឯង ការប្រើប្រាស់ឱកាសខ្លួនឯងនិងទទួលយកជោគជ័យខ្លួនឯងមិនចាំអ្នកណាខុសត្រូវទេគឺខ្លួនឯង»។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនៅឆ្នាំនេះមានរយៈពេលពីរថ្ងៃគឺថ្ងៃទី២០និង២១ខែសីហាដោយមានបេក្ខជនចូលរួមប្រឡងចំនួន១១៥ ២៦៨ នាក់និងមាន១៩៥មណ្ឌលចែកជា៤៧១៦បន្ទប់នៅតាមរាជធានីខេត្តទូទាំងប្រទេស៕
Source: Kampuchea Thmey Daily
0 Comments