អតីតកីឡាករជម្រើសជាតិកម្ពុជា ពីររូប ដែលបាត់មុខមួយមួយរយៈពីវិស័យបាល់ទាត់នៅកម្ពុជា នឹងចូលរួមប្រកួតក្នុងពានរង្វាន់មួយនៅប្រទេសអេស្ប៉ាញ ឈ្មោះថា Football 7 European Club Championship ដែលពួកគេនឹងតំណាងឲ្យប្រទេសបារាំង។ អតីតកីឡាករជម្រើសជាតិកម្ពុជា ២នាក់នោះគឺ វ៉ា សុថន (វ៉ា ខ្វីនទីន)និង កុក បូរីស។
កីឡាករទាំង២នាក់នេះ ក៏ធ្លាប់ប្រកបអាជីពនៅក្លិបភ្នំពេញក្រោន ផងដែរ ខណៈរូបគេបានត្រឡប់ទៅនៅប្រទេសបារាំងវិញកាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រៅពីកីឡាករទាំង២គេឃើញមានអតីតកីឡាករក្លិបភ្នំពេញក្រោន មួយរូបទៀតគឺ ដានី ស្រី និងអតីតកីឡាករព្រះខ័នរាជ David Quadrao ក៏ស្ថិតនៅក្រុមជាមួយគ្នាដែលនឹងចូលរួមពានរង្វាន់មួយនេះ។ ក្រុមមួយនេះមានឈ្មោះថា Athletic Club 92។
ក្រុមដែលហៅកាត់ថា AC 92 នេះមានសមាជិកដូចជាQuadrao David (ប្រធានក្រុម), វ៉ា សុថន,Outaleb Nait Julien, Clerc David, កុក បូរីស, Khelaifa Zoheir, Sniber Saad, Yann Morel, Srey Danny។ ចំណែកឯថ្នាក់ដឹកនាំក្រុមមានលោកIrani Alex និងលោក Zenou Remi។
ពានរង្វាន់ Football 7 European Club Championship រៀបចំឡើងដោយInternational Football 7 Federation។ តាមគម្រោងពានរង្វាន់នេះរៀបចំឡើងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។ ក្រុមដែលឈ្នះជើងឯកនឹងទទួលបានកៅអីទៅលេងក្នុងពានរង្វាន់ World Club Championship ដែលត្រូវឡើងនៅប្រទេសប្រេស៊ីល ក្នុងខែធ្នូ ខាងមុខ។
គួររំលឹកថា កុក បូរីស បានបានរួមរស់ជាមួយក្លិបជើងឯកលីគ ៦សម័យកាល ភ្នំពេញក្រោន រយៈពេល៥ឆ្នាំ គឺចន្លោះឆ្នាំ២០១២ ដល់២០១៧ ព្រមទាំងធ្លាប់ជួយក្រុមលើកពានលីក ២ដងស្ថិតក្នុងរដូវកាល២០១៤ និង២០១៥។ ចំណែកឯ វ៉ា សុខថន វិញ ចូលរួមជាមួយភ្នំពេញក្រោន ១រដូវកាលប៉ុណ្ណោះគឺនៅឆ្នាំ២០១៥។ អ្នកទាំងពីរ ធ្លាប់បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិកម្ពុជាដូចគ្នា ដោយក្នុងនោះសុខថន ធ្លាប់បង្ហាញខ្លួនបាន ៦ប្រកួត ស៊ុតចូលទីបាន ១គ្រាប់ រីឯ កុក បូរីស វិញបង្ហាញខ្លួនបាន ២ប្រកួតប៉ុណ្ណោះ ខណៈដែលរូបគេ បានបដិសេធមិនចូលរួមក្រុមជម្រើសជាតិប៉ុន្មានលើកចុងក្រោយ៕
Source: Kampuchea Thmey Daily
0 Comments