ភ្នំពេញ ៖ ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ដោយសារខ្មាសគេពេក ព្រោះត្រូវជនពាលពីរនាក់ចាប់រំលោភសេពសន្ថវៈ បានយកថ្នាំងងុយគេង៥០គ្រាប់លេបសម្លាប់ខ្លួន។ ប៉ុន្តែត្រូវឪពុកម្ដាយឃើញទាន់ ជជីកសួរពីរឿងហេតុទើបដឹងថា ត្រូវជនល្មើសពីរនាក់ចាប់បង្ខំរំលោភសេពសន្ថវៈ។ ទោះបីយ៉ាងណា ជនល្មើសពីរនាក់ ត្រូវបាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួន ដើម្បីចាត់ការតាមច្បាប់។
ជនសង្ស័យឈ្មោះប៊ូ សំណាង អាយុ១៨ឆ្នាំ មុខរបរសិស្ស និង ឈ្មោះទូច ឡុងឃុន អាយុ១៧ឆ្នាំ មុខរបរសិស្ស។ ជនសង្ស័យទាំងពីរនាក់ ស្នាក់នៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
សមត្ថកិច្ច រៀបរាប់ពីដំណើររឿងថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៩៖០០នាទី ជនរងគ្រោះនិងជនសង្ស័យពីរនាក់ នាំគ្នាផឹកស្រានៅផ្ទះមិត្តភក្តិនៅភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ពេលនោះជនរងគ្រោះស្រវឹងស្រាក៏ឱ្យជនសង្ស័យទាំងពីរនាក់ជិះម៉ូតូជូនទៅផ្ទះ។ ស្រាប់តែជនសង្ស័យឌុបជនរងគ្រោះចូលផ្ទះសំណាក់ដាលីនបន្ទប់លេខ៦ រួចជនសង្ស័យឈ្មោះប៊ូ សំណាង ចាប់រំលោភជនរងគ្រោះបានសម្រេចម្តងរួចជនសង្ស័យឈ្មោះទូច ឡុងឃុន ក៏ចាប់ជនរងគ្រោះស្រាតខោបម្រុងរំលោភដែរ តែជនរងគ្រោះរើបម្រាស់ជនសង្ស័យឈ្មោះទូច ឡុងឃុនក៏លែងវិញ។
បន្ទាប់មកជនសង្ស័យឈ្មោះ ប៊ូ សំណាងក៏ចាប់រំលោភជនរងគ្រោះម្តងទៀតបានសម្រេចទៀត។ រហូតដល់ថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះបានយកថ្នាំងងុយដេកប្រហែល៥០គ្រាប់ ដើម្បីលេបសម្លាប់ខ្លួនក៏ត្រូវម្តាយមកទាន់សួរនាំដឹងរឿងហេតុខាងលើក៏នាំជនរងគ្រោះទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ បង្អែករាជធានីភ្នំពេញ រួចមកដាក់ពាក្យបណ្តឹង។
លុះដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ ម៉ោង១៤៖០០នាទី ក្រុមគ្រួសារជនរងគ្រោះឃើញជនសង្ស័យទាំងពីរនាក់ កំពុងនៅភូមិអូរអណ្តូង១សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក៏ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច ចាត់ការតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments