Ad Code

ករណី​សម្លាប់​នគរបាល​ប៉ុស្តិ៍​គោកចក តាមពិត​ឃាតក គឺ​ស្ត្រី​ជា​ប្រពន្ធ​សោះ​!



សៀមរាប​ ៖ នៅ​ទីបំផុត​ឃាតក ចាក់​សម្លាប់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​គោកចក ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​តាម​ចាប់បានហើយ​តាមពិត​ឃាតក​គឺជា​ប្រពន្ធ​របស់​ជនរងគ្រោះ​សោះ​។



ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០៤​និង​០៥​នាទី​ទៀបភ្លឺ ថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០១៨​នេះ ស្ថិតនៅ​ចំណុច​ផ្លូវ​គ្រួស​ក្រហម ក្រុមទី​១១ ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ហើយ​ចាប់បាន​នៅ​ម៉ោង​១៣​ថ្ងៃ​ដដែល​។

បន្ទាប់ពី​ទទួល​សេចក្តី​រាយការណ៍​ពី​បងប្អូន​ប្រជាពលរដ្ឋ និង ដោយមាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ក៏ដូចជា​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ នគរបាល​ក្រុង​សៀមរាប​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ទេព ចាន់ណា អធិការនគរបាល​ក្រុង​សៀមរាប បាន​ធ្វើ​ការ​រក្សា​ និង ​ពិនិត្យ​កន្លែងកើតហេតុ ហើយ​បើក​ការស្រាវជ្រាវ។



លទ្ធផល​ពិនិត្យ​កន្លែងកើតហេតុ និង​នៅ​លើ​សាកសព​ជនរងគ្រោះ មាន​ស្នាម​ចាក់​ដោយ​កាំបិត​ចំនួន​១០​ចំណុច ដោយឡែក​សម្ភា​រៈ​ទ្រព្យសម្បត្តិ​របស់​ជនរ​ង​គ្រោះ​មិន​មាន​ការបាត់បង់​ឡើយ ហើយ​បាន​សន្និដ្ឋានថា ​ករណីនេះ ជា​ករណី​គំនុំ​។

លោក វរសេនីយ៍ត្រី នួន ស័ក្តិ​ចំរើន​រិ​ទ្ធ អធិការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​រូបលោក បាន​ធ្វើ​ការ​ស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់ អស់​រយៈពេល​៧​ម៉ោង នៅវេលា​ម៉ោង​១៣​និង​០០​នាទី​ថ្ងៃ​ដដែល មន្ត្រី​នគរបាល​យុត្តិធម៌​យើង បានធ្វើ​ការកំណត់​អត្តសញ្ញាណ​ជនសង្ស័យ និង​នាំ​ខ្លួន​យក​មក​ធ្វើការ​សាកសួរ​។



លោក​បន្ត​ថា ជនសង្ស័យ​មានឈ្មោះ សុខ លី​នី ភេទ​ស្រី អាយុ ២៦​ឆ្នាំ មាន​ទីកន្លែង​កំណើត នៅ​ភូមិ​ដើម​ចន្ទ សង្កាត់​ច្បារអំពៅ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ត្រូវជា​ភរិយា របស់​ជនរងគ្រោះ។ លោក​បន្ថែម​ថា ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា មុន​ពេល​កើតហេតុ កាលពី​យប់​វេលា​ម៉ោង​២៤​និង​២៥​នាទី ឆ្លង​ចូល​ថ្ងៃទី​១៥ ​ខែសីហា នៅ​ចំណុច​ផ្ទះ​របស់​ជនសង្ស័យ ស្ថិតក្នុង​ក្រុមទី​១១ ភូមិ​ឆ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ជនសង្ស័យ​បាន យក​ទូរស័ព្ទ ខ​ល​ទៅ​ជនរងគ្រោះ ឈ្មោះ​ហ៊ឹម វណ្ណា​រ៉ូ ដើម្បី​ឲ្យ​មក​ជួយ​យក​កូន ទៅ​មន្ទីរពេទ្យ ព្រោះ​កូន​ឈឺ​ហើយ​ក្អួត​ចេញ​មក​ឈាម តែ​ជនរងគ្រោះ​បាន​តប​វិញ​ថា ចាំ​ស្អែក​ទៅ។ ​លុះដល់​វេលា​ម៉ោង​០១​និង​១៣​នាទី ជនសង្ស័យ​បាន​ធ្វើ​ការ​ខ​ល​ទៅ​ម្តង​ទៀត ដោយ​ប្រាប់​ជនរងគ្រោះ​ថា បង​ឆាប់​មកៗ​កូន​យើង​កាន់តែ​មិន​ស្រួល​មែនទែន​ហើយ ជនរងគ្រោះ​ក៏បាន​ធ្វើដំណើរ​ចេញពី​កន្លែងធ្វើការ ដើម្បី​ទៅយក​ជនសង្ស័យ​ និង ​កូន​ទៅ​មន្ទីរ​ពេទ្យ​។​ លុះដល់​វេលា​ម៉ោង​១​និង​៣០​នាទី ជនសង្ស័យ​ក៏​ខ​ល​មក​ជនរងគ្រោះ​ម្តង​ទៀត សួរ​ថា "​បង​ដល់​ណា​ហើយ​?"​ជនរងគ្រោះ​បាន​ឆ្លើយថា ដល់​ផ្លូវ​គ្រួស​ក្រហម ហើយ​ជនរងគ្រោះ​បាន​ប្រាប់​ជនសង្ស័យ​ថា ឲ្យ​ចេញ​មក​នៅចាំ​មុខ​ផ្ទះ​។



ជនសង្ស័យ​បាន​ចេញ​មក​ចាំ​ដោយ​មិន​ឲ្យ​សមាជិក​ក្នុង​គ្រួសារ​ដឹង​ឡើយ បន្ទាប់ពី​បាន​ជួបគ្នា ហើយ ក៏​នាំគ្នា​ជូន​កូន​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ពេល​ទៅ​ដល់​ហើយ ជនសង្ស័យ​បាន​ឲ្យ​ទូរ​ស័ព្ទ​ទៅ​ជនរងគ្រោះ ហើយក៏​នាំ​កូន​ចូលក្នុង​មន្ទីរ​ពេទ្យ។ ​លុះ​ចេញពី​មន្ទីរពេទ្យ​វិញ ជនរងគ្រោះ​(​ស្រវឹង​)​និង​ជនសង្ស័យ បាន​នាំ​គ្នា​ជិះ​ម៉ូតូ នាំ​កូន​មក​ផ្ទះ​វិញ ក្នុងអំឡុងពេល​ជិះ​ម៉ូតូ ត្រឡប់​មក​ផ្ទះ​វិញ ជនសង្ស័យ​បាន​លួងលោម ឲ្យ​ប្តី​ត្រឡប់​មក​នៅផ្ទះ​ជុំគ្នា​វិញ តែ​ជនរងគ្រោះ​មិន​ព្រម។ ​ពេល​ជិត​ដល់​កន្លែង​កើតហេតុ ចន្លោះ​ម៉ោង​២​ទៅ​ម៉ោង​៣ ជនសង្ស័យ បាន​និយាយ​ថា "​ធ្វើ​ប្តី​អាចម៍​អី គ្រាន់តែ​កូន​ឈឺ​មិន​ជួយ​មើល​"​ រួចហើយ​ជនសង្ស័យ​បាន​ប្រាប់​ជនរងគ្រោះ​ឲ្យ​ឈប់​ម៉ូតូ ដើម្បី​ចុះ​ដើរ​ពរ​កូន ពេលនោះ​ជនរងគ្រោះ​បាន​យក​កាំបិត​ចិតបន្លែ មក​រុញ​បម្រុង​ចាក់​ជនសង្ស័យ បណ្តាល​ឲ្យ​ជនសង្ស័យ​ដួល ទៅលើ​ដី រីឯ​ជនរងគ្រោះ​ក៏​ដួល​ដែរ ពេលនោះ​ដែរ​ កូន​របស់​ពួកគេ បាន​ស្រែកយំ​ខ្លាំង ដោយ​ឃើញ​ជនរងគ្រោះ​ដួល​ដែល​ជនសង្ស័យ បាន​ឆក់​យក​កាំបិត​ពី​ដៃ​ជនរងគ្រោះ បណ្តាល​ឲ្យ​មុត ម្រាម​មេដៃ​ឆ្វេង​។ ​ក្រោយ​បាន​កាំបិត​ហើយ​ជនសង្ស័យ ក៏បាន​ចាក់​ទៅ​លើ​ជនរងគ្រោះ​ជា​ប្តី ត្រង់​ចំណុច​ពោះ ជាច្រើន​កាំបិត បន្ទាប់មក​ជនសង្ស័យ បាន​ប្រឹង​ក្រោក ដោយ​ភ័យខ្លាច​ប្តី​ងើប​មក​ធ្វើបាប​ខ្លួន​និង​កូន ជនសង្ស័យ​ក៏បាន​យក​កាំបិត ចាក់​ខាង​ក្រោយខ្នង​ជនរងគ្រោះ បន្ថែម​ទៀត ដោយ​មិនដឹង​ចំ​កន្លែង​ណាខ្លះ​នោះ​ទេ​។​ បន្ទាប់មក​ជនសង្ស័យ​បាន​ពរ​កូន រត់​ចូល​ក្នុងផ្ទះ​វិញ។



លុះដល់​វេលា​ម៉ោង​៥​និង​០០​នាទី ជនសង្ស័យ បាន​យក​សម្លៀកបំពាក់​ដែល​ស្លៀក​ពី​យប់​នោះ​ទៅ​បោកគក់​សម្អាត ដើម្បី​លាក់បាំង​កុំ​ឲ្យ​គេ​ដឹង ប៉ុន្តែ​នៅតែ​មិនអាច​លាក់បាំង​ពី​សមត្ថកិច្ច​យើង​ឡើយ​។

យោង​តាម​ចម្លើយ​សារភាព ជនសង្ស័យ និង​វត្ថុតាង​ដែល​ដកហូត​យកមក​អធិការ​នគរបាល​ក្រុង​សៀមរាប ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu